ធ្លាប់ជាអ្នកយាមទ្វារ អ្នកចាក់សាំង និងអ្នកបម្រើ តស៊ូក្លាយជាសេដ្ឋីកូរ៉េមានទ្រព្យ ៣ពាន់លានដុល្លារ

កំពូលមហាសេដ្ឋី Do Won Chang កើតនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៥៤ ស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សព្វថ្ងៃនេះលោកជាកំពូលមហាសេដ្ឋីកូរ៉េខាងត្បូងមានទ្រព្យពាន់លានដុល្លារផងដែរ តែផ្តើមចេញពីប្រវត្តិដ៏កម្សត់តោកយ៉ាក ដែលមនុស្សគ្រប់រូបអាចរៀនសូត្រពីប្រវត្តិតស៊ូខ្លះៗរបស់លោកបាន។

កំពូលមហាសេដ្ឋីពាន់លានដុល្លារ Do Won Chang

លោក​ Do Won Chang បានផ្លាស់​ទី​លំនៅ​ពី​កូរ៉េ​ខាងត្បូងទៅ​​​កាន់​សហរដ្ឋអាមេរិក​ជាមួយប្រពន្ធរបស់លោកឈ្មោះ Jin Sook ក្នុង​ឆ្នាំ ១៩៨១ ក្នុងពេលនោះលោក​​ត្រូវ​ធ្វើ​ការ​ងារ​ចំនួនបីមុខ ដែលមានដូចជា លោកធ្វើជាអ្នក​យាម​ទ្វារ​ លោកធ្វើជាបុគ្គលិក​ចាក់​សាំង​ និង​ធ្វើជាអ្នក​បម្រើ​នៅ​ហាង​កាហ្វេ​មួយក្នុងប្រទេសមួយនេះនៅពេល​តែ​មួយ​ដែល​បាន​កម្រៃ​ទាប​បំផុត​។

(ពីឆ្វេងមកស្តាំ) មហាសេដ្ឋី Bloomberg Michael, មហាសេដ្ឋី Do Won Chang និងប្រពន្ធរបស់លោកឈ្មោះ Jin Sook

ផ្តើមចេញពីជីវិតដ៏កម្សត់នេះហើយ នៅ​ក្នុង​ឆ្នាំ ១៩៨៤​ លោក​ និង​ភរិយា​ បាន​ចាប់​ដៃ​គ្នា​បង្កើត​ហាង​លក់​សំលៀក​បំពាក់​​ Online នៅ​រដ្ឋ​ California មួយ​ដែលមានឈ្មោះដំបូងថា Fashion 21 ព្រមជាមួយនឹងការបង្កើតហាងដែលមានទំហំ ៩០០ម៉ែត្រការ៉េ ដោយពួកគេបានសន្សំលុយបាន ១១,០០០ដុល្លារ។

ហាង Fashion 21 របស់លោក Do Won Chang កាលពីមិនទាន់ដូរឈ្មោះ

ក្រោយមកលោកបានពង្រីកហាងនេះ ទៅកន្លែងផ្សេងៗទៀត ហើយបានដូរទៅជាឈ្មោះ Forever 21 វិញ។ ការវិនិយោគលើការលក់ដុំ ដោយលោកបានទិញទំនិញលក់ក្នុងតម្លៃថោក និងទទួលបានប្រាក់ចំណូលចំនួន ៧០ម៉ឺនដុល្លារក្នុងឆ្នាំដំបូង ដូចនេះ ជំរុញឱ្យពួកគេបើកហាងថ្មីបន្ថែមទៀត៦ខែចំនួន០១កន្លែង។

ហាង Forever 21 របស់លោក Do Won Chang 

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ហាងរបស់លោកមានបុគ្គលិកចំនួន ៣ម៉ឺននាក់ ហើយសព្វថ្ងៃនេះ ហាង Forever 21 មានចំនួន ៧៩០ កន្លែង នៅ ៤៨ ប្រទេស ជុំវិញពិភពលោក ដោយចំណេញប្រាក់បាន ៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ សព្វថ្ងៃនេះ លោក Do Won Chang និងភរិយារបស់លោក មានទ្រព្យសម្បត្តិសរុប ៣.១ពាន់លានដុល្លារអាមេរិក៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, businessinsider, forbes