ដំណើរការ១២ឆ្នាំ Twitter ខាតលុយរាប់លានដុល្លាររៀងរាល់ឆ្នាំ តែពេលនេះរកចំណេញបានហើយ

Twitter បាន​​បើក​ដំណើរ​ការ​លើក​ដំបូង​នៅ​ខែ​មីនា​ ឆ្នាំ​ ២០០៦ ដោយ​​គិត​មក​ទល់​ពេល​នេះ​មាន​អាយុកាល​ជិត​ ១២ ឆ្នាំ​មក​ហើយ។ រយៈពេល​ដ៏​យូរ​ឆ្នាំ​នេះ​ Twitter មិន​ដែល​​ទទួល​បាន​ប្រាក់​ចំណេញ​ម្ដង​ណា​ឡើយ​ ទើប​តែ​​​នៅ​ត្រីមាស​ចុងក្រោយ​ឆ្នាំ​ ២០១៧ ​ដែល​ក្រុមហ៊ុន​បាន​ស្គាល់​ជាតិ។

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ បង្ហាញ​បណ្ដាញ​ទំនាក់​ទំនង​ធំ​លំដាប់​ទី​ ៦ នេះ​អាច​​ប្រាក់​ចំណេញ​បាន​ ៩១ លាន​ដុល្លារ ពី​ចំណូល​សរុប​ ៧៣២ លាន​ដុល្លារ​ដែល​រក​បាន។ បន្ថែម​ពី​នេះ​ចំណូល​នៅ​ត្រីមាស​ទាំង​ ៤ នៃ​ឆ្នាំ​ ២០១៧ ឃើញ​ថា​មាន​ការ​កើន​ឡើង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១៦។

​​​​យ៉ាងណាក្ដី​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​កន្លង​ទៅ​ ចំនួន​អ្នក​ប្រើ​ប្រាស់​របស់​ Twitter មិន​មាន​ការ​កើន​ឡើង​នោះ​ទេ ហើយ​​កន្លង​មក​ចំនួន​​អ្នក​ប្រើ​ប្រាស់​​នៅ​ត្រីមាស​​ខ្លះ​មាន​​ការ​ធ្លាក់​ចុះ​ទៀត​ផង។ ប៉ុន្តែ​ចំនួន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើង​ ១២% នៅ​ត្រីមាស​ទី​ ៤ ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ៤ ​ឆ្នាំ​ ២០១៦។

ក្រោយ​ពី​ការ​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​នេះ​ តម្លៃ​ហ៊ុន​របស់​ Twitter បាន​កើន​ឡើង​ស្រឺតៗ​តែ​ម្ដង៕​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay