ដីធ្លីឡើងថ្លៃខ្ពស់មិនធ្លាប់មាន ក្រោយពីចិនសម្រុកវិនិយោគភ្លូកទឹកភ្លូកដី នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុមានការរីកចម្រើនគួរឱ្យកត់សម្គាល់រយៈកាល​១ឆ្នាំចុងក្រោយនេះ ដោយសារមានការអគាររីកដុះដាលថ្មីៗ ដូចជាខុនដូរ សណ្ឋាគារ និងផ្សារទំនើបជាដើម។ តាមរបាយការណ៍ចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា វិនិយោគិនចិនឈរលេខ១ ក្នុងចំណោមជាតិសាសន៍ផ្សេងទៀត ញំាឱ្យខេត្តជាប់មាត់សមុទ្រកម្ពុជាអភិវឌ្ឍន៍ខ្លាំងបែបនេះ។ ជាពិសេសធ្វើឱ្យវិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំង តម្លៃដីធ្លីហក់ឡើងថ្លៃខ្ពស់ជាងពេលណាៗ ទាំងអស់។

លោកគីម ហ៊ាង  ប្រធានសមាគម CVEA មានប្រសាសន៍ថា «រយៈពេលមួយឆ្នាំចុងក្រោយនេះ តម្លៃដីធ្លីនៅខេត្តព្រះសីហនុមានការឡើងថ្លៃខ្ពស់១ទ្វេជា៥ កន្លែងខ្លះនៅឆ្នាំ២០១៥ លក់ត្រឹម៥០ដុល្លារគ្មានអ្នកទិញ តែឥលូវលក់ដល់ចន្លោះពី៥០០ដុល្លារ ដល់៧០០ដុល្លារឯណោះ។ ការឡើងថ្លៃបែបនេះ មានផ្តល់ចំណេញច្រើនដល់អ្នកលក់ និងអ្នកទិញយកទៅអភិវឌ្ឍន៍ ក៏ប៉ុន្តែបើថ្លៃលឿនពេកវាមិនមែនជាសញ្ញាល្អនោះទេ ជាឧទាហរណ៍ ដើមឈើមួយឆ្នាំអាចលូតកម្ពស់បាន២ម៉ែត្រ តែយើងបង្ខំឱ្យវាលូតបាន រហូតដល់៤ម៉ែត្រ តើវានិងមានអ្វីកើតឡើង»។

បណ្ឌិតគីម ហ៊ាង ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា

លោកបន្តថា «សម្រាប់វិស័យអចលនទ្រព្យ ចិនវិនិយោគភាគច្រើនលើខុនដូរ ផ្សារទំនើប និងនៅពេលខាងមុខអាចឈានដល់ការសាងសង់បុរីបន្ថែម។ គ្រាន់តែចិនចូលមករកស៊ីនៅព្រះសីហនុ ធ្វើឱ្យតម្លៃសណ្ឋាគារ ម្ហូបអាហារ និងសេវាកម្មផ្សេងមានការឡើងថ្លៃ ជាពិសេសតម្លៃដីធ្លីមានការហក់ឡើងខ្លាំង ធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះ មានការអភិវឌ្ឍន៍ខ្លាំង»។

លោកបន្ថែមថា «បើចិននៅតែសម្រុកវិនិយោគដូចសព្វថ្ងៃ រយៈពេល១០ឆ្នាំទៀត ខេត្តព្រះសីហុន និងជាខេត្តមួយខ្លាំងលើការអភិវឌ្ឍន៍ តែបើអភិវឌ្ឍន៍ត្រឹមតែពេល៣ឆ្នាំ អាចមានផលវិបាកច្រើនដល់ប្រទេសកម្ពុជាយើង»។

លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate

ស្រដៀងគ្នានេះ លោកសន សៀប ម្ចាស់ក្រុមហ៊ុន Key Real Estate លើឡើងថា «ស្ថានភាពតម្លៃដីធ្លីមានការប្រែប្រួលខ្លាំងរយៈពេល២ឆ្នាំចុងក្រោយនេះ បើគិតជាភាគរយ ចន្លោះពី៥០%៤០០% ឯណោះ ចំពោះតំបន់មានសក្តានុពល។

បន្ថែមពីលើនេះ តំបន់ធំៗ ដែលចិនកំពុងវិនិយោគមានកំពង់ផែ រោងចក្រចំរាញ់ប្រេងកាត ព្រលានយន្តហោះ និងតំបន់សេដ្ឋកិច្ចពិសេស»។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុនៅពេលនេះ មានការផ្លាស់ប្តូរខ្លាំងណាស់ សង្កេតឃើញថា សណ្ឋាគារដែលពីមុនសូវមានភ្ញៀវស្នាក់ច្រើនផុសផុល តែពេលនេះបន្ទប់សណ្ឋាគារស្នាក់នៅពេញៗ ជាពិសេសតម្លៃសេវាកម្ម និងម្ហូបអាហារឡើងថ្លៃជាងមុន។ សម្រាប់វិស័យអចលនទ្រព្យមានសន្ទុះខ្លាំងជាងវិស័យផ្សេងទៀត ធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុមានភាពរស់រវើកយ៉ាងសកម្ម៕

 កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia