តារាក្មេងស្រី៣ដួង កំពុងត្រូវប៉ាន់ ដោយមានផលិតកម្មធំៗជាច្រើន សុំកក់ទុកធ្វើតួឯកពេលធំឡើង

ភាព​ស្រស់​ស្អាត​ និង​​ទេពកោសល្យ​សម្ដែង​​​​​របស់ក្មេង​ស្រី​៣ រូប​កំពុង​តែ​ធ្វើ​ឲ្យ​​ផលិតករ​​ក្នុង​ស្រុក​មួយ​ចំនួន​ជ្រួល​ច្របល់​ សុំ​កក់​តម្លៃ​ខ្លួន​​ធ្វើ​ជា​តួ​ឯក​ពេល​ធំ​ឡើង​​ប្រចាំ​ផលិតកម្ម​របស់​ខ្លួន​។

១/ កុមារី​ អាង សុជាតា ហៅ​ឈូឈូ ​ត្រូវ​បាន​ផលិតកម្ម​​ធំ​ៗ​មួយ​ចំនួន​ កំពុង​តែ​ព្យាយាម​ទាក់​ទង​កក់​តម្លៃ​ខ្លួន​ទុក​ធ្វើ​ជា​តួ​ឯក​ពេល​ធំ​​ឡើង​ តែ​នាង​មិន​ទាន់​យល់​ព្រម​ជាមួយ​ផលិតករ​ណា​​មួយ​នៅ​ឡើយ​ទេ​ ព្រោះ​​នៅ​ជាប់​កុង​ត្រា​ជាមួយ​ផលិតកម្ម​មហា​ហង្ស​​រយៈ​ពេល​៤ ឆ្នាំ​។ កន្លង​មក​កុមារី វ័យ​ ១៣ ឆ្នាំ​រូប​នេះ​ធ្លាប់​​ថត​រឿង​មួយ​ចំនួន​ដូច​ជា​៖​ “បំភ្លេច​មិនបាន” “ក្មេង​ទី​៦​” “អនុស្សាវរីយ៍​​ថ្ងៃ​ចូល​ឆ្នាំ​” “៣០​ថ្ងៃ​” “កញ្ចក់​” និង​ជា​ច្រើន​រឿង​ទៀត​។

២/ ចំណែក​ឯ​កុមារី​ អូន នីតា វិញ​មិន​ខុស​ពី​​ ឈូ​ឈូ ប៉ុន្មាន​​ឡើយ​ ខណៈ​នេះ​នាង ត្រូវ​បាន​ផលិតកម្ម​​ជា​ច្រើន​សុំ​តថ្លៃ​ និង​កក់​តម្លៃ​ខ្លួន​ទុក​ធ្វើ​​ជា​តួ​ឯក​ពេល​ធំ​ឡើង ព្រម​ទាំង​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​ទៀត​ផង​។ នីតា ថា​៖​”​ ទោះ​បី​ជា​ឲ្យ​តម្លៃ​ខ្លួន​ខ្ញុំ​ខ្ពស់​ក៏​ដោយ​ ​តែ​ខ្ញុំ​មិន​ទាន់​បាន​សម្រេច​ចិត្ត​ថា​​ចុះ​កុង​ត្រា​ ជា​មួយ​ផលិតកម្ម​ណា​នោះ​ទេ​បង​ ចាំ​មើល​ទៅ​មុខ​ទៀត​សិន​ចាំ​គិត​”។

ភាព​យន្ត​​​ដែល​កុមារី​​រូប​នេះ​សម្ដែង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​មាន​ដូច​ជា​៖ រឿង “ស្នេហា​និង​កិត្តិយស”, រឿង “កំលោះ​៣១​ ក្រមុំ​៥២”, រឿង “ណារ៉ូ​សុម៉ាលី”, រឿង “សសរ​កន្លោង”,​ រឿង”ក្មេង​ទី៦”,​ រឿង “ជីវិត​នាង​រចនា”, រឿង “នរណា​សម្រក់​ទឹក​ភ្នែក​ដើម្បី​អូន”, រឿង “ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា​”,រឿង “ភ្លើង​ស្នេហ៍​ភ្លើង​គំនុំ” និង​រឿង​​ចុង​ក្រោយ គឺ រឿង “រថយន្ត​ទៅ​សៀមរាប”។

៣/ ក្រឡេក​មក​ចាប់​អារម្មណ៍​កុមារី ជូលី វិញ​​​ម្ដង​ នាងមាន​អាយុ​​ ១០ ឆ្នាំ​កន្លង​មក​ធ្លាប់​ថត​រឿង​ ហូលីវូដ ឲ្យ​អ្នក​ស្រី​ Angelina Jolie ក្នុង​រឿង​ “មុន​ដំបូង​​ខ្មែរ​​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​​” ឬ  “First They Killed my Father” និង​​ក្រោយ​មក​ទៀត​សម្ដែង​ជា​តួ​អង្គ​សំខាន់​នៅ​ក្នុង​រឿង​ “ពស់​កេង​កង​” ​ដោយ​ដើរ​តួ​ជា​កូន​ពស់​កេង​កង​។

ក្រោយ​ពី​សម្ដែង​រឿង​”​​​​​​​​មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” រួច​មក ​ក្មេង​តូច​រូប​នេះ​​បាន​ធ្វើ​ឲ្យ​ផលិតករ​​ក្នុង​ស្រុក​​ពេញ​ចិត្ត​លើ​សមត្ថភាព​ភាព​សម្ដែង​របស់​នាង ដល់​ថ្នាក់​តាម​សុំ​កក់​តម្លៃ​ខ្លួន​ទុក​ធ្វើ​ជា​តួ​ឯក​​នៅ​ពេល​ធំ​ឡើងដូចកុមារីទាំងពីរខាងលើដែរ៕​​​​​​

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ news.sabay