ផ្តើមចេញពីអ្នកដុតនំ អ្នកដេរស្បែកជើង ក្លាយជាសេដ្ឋី Adidas ល្បីល្បាញពេញពិភពលោក

មនុស្សជាច្រើនតែងធ្លាប់ឃើញ ធ្លាប់បានស្គាល់ និងធ្លាប់បានប្រើប្រាស់នូវផលិតផល Adidas ដែលរួមមាន ស្លៀកបំពាក់ កាបូប និងស្បែកជើងជាដើម ប៉ុន្តែពួកគាត់ប្រហែលជាមិនដឹងទេថា តើអ្នកដែលបង្កើតក្រុមហ៊ុនយីហោម៉ាកល្បីលំដាប់ ពិភពលោកនេះ គឺជានរណា? មកពីណា? បង្កើតក្រុមហ៊ុននេះដោយរបៀបណា?

លោក Adolf Dassler ជាស្ថាបនិកក្រុមហ៊ុន Adidas

លោក Adolf Dassler ស្ថាបនិកក្រុមហ៊ុន Adidas បានកើតនៅក្នុងឆ្នាំ១៩០០ នៅទីក្រុង Herzogenaurach រដ្ឋ Bavarian ប្រទេសអាឡឺម៉ង់ ក្នុងគ្រួសារដែលប្រកបមុខរបរដុតនំលក់ ហើយរូបលោក ក៏ត្រូវបានគ្រួសារបណ្តុះបណ្តាលឲ្យក្លាយជា អ្នកជំនាញដុតនំដូចគ្នាដែរ ប៉ុន្តែមួយរយៈកាលក្រោយមក គ្រួសាររបស់លោកក៏នឹកផ្តើមគំនិតបង្កើតមុខរបរមួយទៀត គឺ ដេរស្បែកលក់ ជាហេតុធ្វើឲ្យរូបលោកត្រូវប្រើដៃទាំងពីរទៅផលិតស្បែកជើងវិញ។

ស្រុកកំណើតរបស់លោក Adolf Dassler ទីក្រុង Herzogenaurach ប្រទេសអាល្លឺម៉ង់

មិនយូរប៉ុន្មាន ផ្ទះរបស់គាត់បានប្រែក្លាយទៅកន្លែងប្រមូលផ្តុំនូវសម្ភារៈផលិតស្បែកជើង សំបកកង់ឡាន មួកសុវត្ថិភាព សរសៃអំបោស កាតាបចាស់ៗ និងម៉ាស៊ីនដេរស្បែកជើង ដែលប្រើប្រាស់ថាមពលដោយប្រើកង់បង្វិល ដើម្បីបញ្ចេញ ថាមពល។

Adolf Dassler ជាមនុស្សដែលជាប់ចិត្តជាមួយនឹងវិស័យកីឡាជាខ្លាំង ហើយដោយការចូលចិត្តនេះហើយ បានរុញច្រានចិត្ត គេចង់ផលិតស្បែកជើងសម្រាប់អ្នកកីឡាអត្តពលិក ដើម្បីផ្តល់នូវភាពភាពងាយស្រួលដល់ពួកគេ។ ក្រោយពីគិតពិចារណា រួចហើយ ស្ថាបនិករូបនេះ បានចាប់ផ្តើមសិក្សាស្វែករកតាក់តិចផលិតស្បែកជើងឲ្យបានល្អ ដោយធ្វើយ៉ាងណាឲ្យស្បែក ទាំងនោះមានទំងន់ស្រាល ងាយស្រួលប្រើ និងជាប់បានយូរ។

លោក Adolf Dassler និងប្អូនប្រុសរបស់លោក Rudolf Dassler

រហូតដល់ឆ្នាំ ១៩២៦ Adolf Dassler និងគ្រួសារ ពិសេស ប្អូនប្រុសរបស់គាត់ដែលមានឈ្មោះថា Rudolf Dassler បានប្រមូល លុយចូលគ្នា បង្កើតជារោងចក្រផលិតស្បែកជើងឡើង ហើយស្បែកជើងដែលពួកគេផលិតផលដំបូង គឺធ្វើឡើងជា ពិសេស សម្រាប់អ្នកកីឡាករវាយ Tennis។

អាជីវកម្មនេះបានរីកធំធាត់ជាបន្តបន្ទាប់ ហើយពួកគេក៏បានវិវឌ្ឍន៍ផលិតស្បែកជើងកីឡា សម្លៀកបំពាក់កីឡា និង សម្ភារៈកីឡាផ្សេងទៀតជាច្រើន ជាមួយនឹងការច្នៃប្រឌិតបែបថ្មីជាហូរហែ ធ្វើឲ្យពួកគេចាប់ផ្តើមល្បីល្បាញ រហូតដល់សម័យ សង្គ្រាមលោកលើកទី ២ រោងចក្ររបស់លោកត្រូវបានគេជួលឲ្យផលិតស្បែកជើងសម្រាប់កងទ័ព។

ហាង Adidas របស់លោក Adolf Dassler

ក្រោយពេលសង្គ្រាមត្រូវបានបញ្ចប់ Adolf Dassler និងប្អូនប្រុសរបស់លោក បានចែកផ្លូវគ្នា បង្កើតក្រុមហ៊ុនរៀងខ្លួន ដោយ Adolf Dasslerបង្កើតក្រុមហ៊ុន Adidas ហើយប្អូនប្រុសរបស់លោកបង្កើតក្រុមហ៊ុនផលិតផលស្បែកជើងយីហោ Puma។

នៅឆ្នាំ ១៩៦៨ ក្រុមហ៊ុន Adidas បានពង្រីកវិសាលភាពទៅកាន់ប្រទេសអាមេរិកជាលើកដំបូង ក្នុងរយៈពេលដ៏ខ្លី ក្រុមហ៊ុននេះ បានក្លាយជាយីហោជាប់ចំណាត់ថ្នាក់កំពូលនៅអាមេរិក ហើយក្នុងរដូវកាលកីឡាអូឡាំពិក ឆ្នាំ១៩៧២ មានមនុស្សជាច្រើនដែលបានចូលរួមក្នុងកម្មវិធីនេះពាក់ស្បែកជើង Adidas ក្នុងចំនួនមួយដ៏ច្រើនបំផុត។

កូនប្រុសរបស់លោក Adolf Dassler គឺលោក Horst Dassler បានក្លាយជាអ្នកទទួល មរតក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុននេះបន្ត

នៅឆ្នាំ ១៩៧៨ Adolf Dassler បានទទួលមរណៈភាព ហើយកូនប្រុសរបស់លោក Horst Dassler បានក្លាយជាអ្នកទទួល មរតក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុននេះបន្តពីឪពុក។

Adolf Dassler បានមានប្រសាសន៍ថា៖ “អ្នកចាំបាច់ត្រូវមានអ្នកដែលមានសមត្ថភាពក្នុងការគិតនៅជុំវិញអ្នក បើគ្មានពួកគេ អ្នកនឹងដាច់យ៉ៃ៕”

ហាង Adidas របស់លោក Adolf Dassler

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!