ខ្ចីលុយគេ ១ពាន់ដុល្លារ ដើម្បីរកស៊ី តស៊ូរហូតក្លាយជាសេដ្ឋីហាង Subway ល្បីល្បាញពេញពិភពលោក

Subway គឺជាហាងលក់នំសាន់វិច (Sandwich) ដ៏ល្បីល្បាញបំផុតរបស់អាមេរិក និងជាហាងដែលបានបោះលក់ Franchise បានច្រើនជាងគេបំផុតលើពិភពលោកប្រចាំឆ្នាំ ២០១៦ ផ្តើមចេញពីដើមទុនខ្ចីគេប្រមាណ ១,០០០អាមេរិក។

លោក Fred DeLuca ស្ថាបនិកហាង Subway

លោក Fred DeLuca ស្ថាបនិកហាង Subway ផ្តើមបង្កើតហាងនេះឡើងដំបូងនៅឆ្នាំ ១៩៦៥ ដោយលោកបានខ្ចីលុយពី​មិត្តភក្តិប្រមាណ ១,០០០ដុល្លារអាមេរិក ដើម្បីបើកហាងលក់នំសាន់វិចនេះ​ នៅក្នុងទីក្រុងBridgeport រដ្ឋ Connecticut សហរដ្ឋអាមេរិក។

លោកបានបើកហាងនេះជាលើកដំបូងនៅក្នុងទីក្រុង Bridgeport សហរដ្ឋអាមេរិក ដោយដាក់ឈ្មោះថា Pete’s Super Submarines ប៉ុន្តែការដំណើរអាជីវកម្មជាលើកដំបូង មិនបានផ្តល់ភាពជោគជ័យ និងប្រាក់ចំណេញដល់ Fred DeLuca នៅឡើយនោះទេ ពិសេសគឺលោកមិនទាន់អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អនោះទេ ហើយលោកត្រូវបានមិត្តភក្តិ និងក្រុមគ្រួសារស្នើរឱ្យទៅរកការងារពិតប្រាកដធ្វើដូចគេ ប៉ុន្តែលោកតែងតែបដិសេធជានិច្ច។

ហាងដំបូងគេឈ្មោះ Pete’s Super Submarines ដែលជារបស់លោក Fred DeLuca

នៅឆ្នាំ ១៩៦៨ លោកបានប្តូរឈ្មោះហាងនេះទៅជា Subway ដោយចង់សំដៅដល់ការចែកចាយលក់នំសាន់វិចទាំងនៅ​ទីក្រុង និងនៅជនបទ ព្រមទាំងបានបោះជំហានគិតដល់ការលក់ Franchise ដោយលោកយល់ថា ហាងនេះមានលក្ខណៈ​សមរម្យ ផ្តល់សេវាកម្មរហ័ស និងមានការគាំទ្រច្រើនពីអតិថិជន។

បើទោះបីជាលោក មិនដែលធ្លាប់បានស្គាល់អ្វីទៅជា Franchise ហើយវាមានដំណើរការយ៉ាងដូចម្តេចខ្លះក៏ដោយ តែលោក​បានគិតដោយងាយថា​៖ ខ្ញុំគ្រាន់តែចង់ចែករំលែកផលចំណេញដល់ដៃគូអាជីវកម្ម និងផ្តល់សេវាកម្មល្អដល់អតិថិជនតែ​ប៉ុណ្ណោះ។

ហាង Subway ដែលជារបស់លោក Fred DeLuca

ហាង Subway ក៏បានបោះលក់ Franchise ជាលើកដំបូងនៅឆ្នាំ ១៩៧៤។ ៨ឆ្នាំក្រោយមក ហាងនេះបើកសាខាបានប្រមាណ​ជាង ២០០កន្លែង ហើយគិតត្រឹមឆ្នាំ ២០១៦ ហាងនេះបើកបានសាខាសរុបប្រមាណ ៤៤,៨១០ កន្លែងនៅទូទាំងពិភពលោក ជាហេតុធ្វើឲ្យយីហោនេះអាចឈរនៅលើកំពូលតារាងលេខរៀងទី១។

គួររំលឹកផងដែរថា៖ លោក Fred DeLuca បានស្លាប់នៅក្នុងឆ្នាំ ២០១៥ នៅអាយុ ៦៧ឆ្នាំ ហើយលោកមានទ្រព្យសម្បត្តិសរុប ៣.៥ពាន់លានដុល្លារអាមេរិក៕

ហាង Subway ដែលជារបស់លោក Fred DeLuca

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ business-cambodia