ឈប់រៀន មកធ្វើជាអ្នកជូតហាង និងមើលថែកូនឱ្យគេ តស៊ូរហូតក្លាយជាសេដ្ឋី Panasonic ដ៏ល្បីល្បាញ

Panasonic គឺជាក្រុមហ៊ុនអេឡិចត្រូនិក និងអគ្គិសនី ដ៏ធំជាងគេនៅក្នុងប្រទេសជប៉ុន ផ្តើមបង្កើតឡើងដោយស្ថាបនិក Kōnosuke Matsushita ដែលជាក្មេងរៀនចប់ត្រឹមថា្នក់អនុវិទ្យាល័យ និងបានផ្តើមពីដើមទុនត្រឹមតែ១០០យ៉េនប៉ុណ្ណោះ។

Kōnosuke Matsushita កើតនៅក្នុងឆ្នាំ ១៨៩៤ នៅក្នុងភូមិកសិកម្មមួយកន្លែងនៃទីក្រុង Wakayama ដែលមានឪពុកជា ម្ចាស់ដីកសិកម្មច្រើនជាងគេនៅតំបន់នោះ ធ្វើឲ្យក្មេងប្រុសដែលជាកូនពៅក្នុងចំណោមបងប្អូន ៨នាក់រូបនេះ អាចរស់នៅ បានយ៉ាងសុខស្រួល ប៉ុន្តែជីវភាពដ៏ល្អនេះបានប្រែទៅជាអាក្រក់វិញនៅពេលដែលផលិតផលកសិកម្ម ត្រូវបានធ្លាក់ថ្លៃក្នុង រយៈពេលយូរ ជាហេតុធ្វើឲ្យគ្រួសារនេះត្រូវបាត់បង់ទ្រព្យសម្បត្តិ ហើយត្រូវបង្ខំចិត្តចាក់ចេញពីដីតំបន់ដីកសិកម្ម ទៅរស់នៅ ក្នុងផ្ទះតូចមួយក្នុងទីក្រុង។

ទីក្រុងកំណើត Wakayama របស់លោក Kōnosuke Matsushita

អាយុបាន ៩ឆ្នាំ Kōnosuke Matsushita ទាំងមិនទាន់រៀនចប់អនុវិទ្យាល័យផង ត្រូវទៅសុំការងារគេធ្វើជាអ្នកសំអាតហាង និងជាអ្នកមើលថែកូនរបស់ម្ចាស់ហាង ក្នុងហាងលក់អាហាមួយកន្លែងនៅ Osaka ដោយទទួលបានប្រាក់កាក ៥សេន ក្នុងមួយថ្ងៃ។ ធ្វើការងារបានជិតមួយឆ្នាំ ហាងនេះក៏ត្រូវបិទទ្វា ធ្វើឲ្យក្មេងប្រុសរូបនេះ ត្រូវទៅស្វែករកកន្លែងធ្វើការថ្មីទៀត ដោយទៅធ្វើការងារជាអ្នកលក់កង់ ក្នុងហាងលក់កង់មួយកន្លែងដែលនាំចូលកង់ពីប្រទេសអង់គ្លេស។

ធ្វើការងារអស់រយៈពេល ៥ឆ្នាំ ធ្វើឲ្យរូបគេរៀនសូត្រពីរបៀបលក់ និងគ្រឿងផ្សេងៗរបស់កង់យ៉ាងច្រើន។ រូបគេបាននឹក ចង់ចាកចេញទៅធ្វើការងារផ្សេង ប៉ុន្តែត្រូវបានឪពុករបស់គេណែនាំឲ្យគេធ្វើការងារនេះបន្ត និងរៀនជំនាញបន្ថែម ដើម្បីឲ្យគេមានសមត្ថភាព ក្លាយជារកស៊ីដោយខ្លួនឯងបាន និងមានសមត្ថភាពគ្រប់គ្រងបុគ្គលិក ក្នុងឋានៈជាសហគ្រិន។

Kōnosuke Matsushita យល់ឃើញថា វិស័យអគ្គិសនីនឹងមានការរីកចម្រើនទៅមុខ ព្រមទាំងអាចក្លាយជាផ្នែកមួយយ៉ាង សំខាន់ ដែលមនុស្សទូទៅមិនអាចខ្វះបាន ទើបក្នុងវ័យ ១៥ឆ្នាំ រូបគេសម្រេចចិត្តលាឈប់ពីការងារជាអ្នកលក់កង់ ទៅសុំ ធ្វើការងារនៅក្នុងក្រុមហ៊ុន Osaka Electric Light Company។

ក្រុមហ៊ុន Osaka Electric Light Company ដែលលោក Kōnosuke Matsushita ធ្លាប់បានធ្វើការ

ខណៈពេលដែល Kōnosuke Matsushita ធ្វើការងារនៅក្នុងក្រុមហ៊ុននេះ រូបគេត្រូវបានបណ្តុះបណ្តាលលើជំនាញអគ្គិសនី និងអេឡិចត្រូនិក ហើយត្រូវបង្កើតក្រុមការងារធ្វើការសិក្សាលើគម្រោងបង្កើននូវអ្វីដែលថ្មីៗជានិច្ច។

ក្នុងរដូវស្លឹកឈើជ្រុះ ក្នុងឆ្នាំ ១៩១៥ ស្ថិតក្នុងវ័យ ២០ឆ្នាំ រូបគេត្រូវបានគេណែនាំឲ្យស្គាល់នារីម្នាក់ ឈ្មោះ Mumeno និង បានរៀបការជាប្តីប្រពន្ធនឹងគ្នា។ ធ្វើការងារនៅក្នុងក្រុមហ៊ុនរហូតដល់អាយុ ២២ឆ្នាំ រូបគេបានឡើងតំណែងក្លាយជាប្រធាន ជាន់ខ្ពស់ផ្នែកជំនាញបច្ចេកទេសនៅក្នុងក្រុមហ៊ុន ប៉ុន្តែមិនយូរប៉ុន្មាន រូបគេក៏សម្រេចចិត្តលាឈប់ពីការងារដែលផ្តល់ ប្រាក់ខែយ៉ាងច្រើននេះ​ ទៅចាប់ផ្តើមបង្កើតក្រុមហ៊ុនដែលជារបស់ខ្លួនវិញ ដោយសារតែគាត់នឹកដល់សម្តីរបស់ឪពុកណែនាំ ឲ្យគេក្លាយខ្លួនជាសហគ្រិន និងជាម្ចាស់ក្រុមហ៊ុនខ្លួនឯង ចៀសវាងការងារធ្វើការងារឲ្យគេពេញមួយជីវិត។

ទីស្នាក់ការ Panasonic នៅ អូសាកា​ នៃប្រទេសជប៉ុន

នៅក្នុងឆ្នាំ ១៩១៧ ក្រុមហ៊ុនរបស់លោកក៏ចាប់កំណើតឡើង ជាមួយនឹងដើមទុនដែលបានមកពីប្រាក់សន្សំចំនួនប្រមាណ ជិត ១០០យ៉េន។ ក្រុមហ៊ុនផ្តោតលើការលក់សម្ភារៈ និងបរិក្ខារអគ្គិសនី ដោយមានក្រុមការងារចំនួន ៣រូបគឺ លោក  Kōnosuke Matsushita ប្អូនប្រុសប្រពន្ធរបស់លោកឈ្មោះ Toshio និង មិត្តរួមការងារក្នុងក្រុមហ៊ុន Osaka Electric Light Company ម្នាក់ តែក្រោយមកមិត្តរួមការងារម្នាក់នោះបានចាក់ចោលពួកគេទៅរកទ្រនំថ្មី។

ពីរនាក់ប្តីប្រពន្ធជាមួយនឹងប្អូនប្រុសថ្លៃ បន្តការងារនេះមិនយូរប៉ុន្មានក្រុមហ៊ុននេះក៏ត្រូវប្រឈមមុខនឹងការដួលរលំជា​បណ្តើរៗទាំងដែលគ្មានសង្ឃឹមថានឹងអាចស្រោចស្រង់វិញបាន ប៉ុន្តែរឿងមិនគួរឲ្យជឿបានកើតឡើង ដោយចំនួនអ្នកកម៉្មង់​ទិញចានអ៊ីសូឡង់សម្រាប់កង្ហារ បានបន្តកើនឡើងដល់ទៅជាង១ពាន់នាក់ ធ្វើឲ្យក្រុមហ៊ុននេះអាចរស់ឡើងវិញសាជាថ្មី និងមានលទ្ធភាពជួលផ្ទះពីល្វែង ដើម្បីបើកជាក្រុមហ៊ុនផ្លូវការដោយដាក់ឈ្មោះ Matsushita Electric Housewares Manufacturing Works ដែលក្រោយមកត្រូវប្តូរមកជា Panasonic។

ទីស្នាក់ការ Panasonic នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន

ក្រុមហ៊ុននេះរីកធំធាត់ជាបន្តបន្ទាប់ ដោយសារតែការបង្កើតនូវអ្វីដែលថ្មី ប្លែក ទាក់ទាញ និងបានផ្តល់ភាពងាយស្រួល​ដល់អ្នកប្រើប្រាស់ រហូតធ្វើឲ្យក្រុមហ៊ុននេះអាចបង្កើតរោងចក្រដែលជារបស់ខ្លួនបានឆ្នាំ ១៩២២ និងបន្តវិវឌ្ឍន៍រហូតក្លាយជា​ក្រុមហ៊ុនអេឡិចត្រូនិក និងអគ្គិសនីធំជាងគេនៅក្នុងប្រទេសជប៉ុន និងល្បីល្បាញនៅទូទាំងពិភពលោក ហើយកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ ក្រុមហ៊ុននេះរកចំណូលបានប្រមាណ ៦៨ពាន់លានដុល្លារអាមេរិក។

គួរជម្រាបផងដែរថា លោក Kōnosuke Matsushita បានស្លាប់នៅក្នុងឆ្នាំ ១៩៨៩៕

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia