អាគារខុនដូរ កំពុងមានទីផ្សារខ្ពស់ ខណៈអាគារអាផាតមិន​ មានការធ្លាក់ចុះខ្លាំង នៅកម្ពុជា

អគារអាផាតមិន​នៅក្រុងភ្នំពេញ បានសាងសង់ឡើងស្ទើគ្រប់ខណ្ឌ ជាពិសេសនៅខណ្ឌពាណិជ្ជកម្មសំខាន់ៗ មាន ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌទួលគោកជាដើម សម្រាប់ឆ្លើយតបតម្រូវការទីផ្សារបច្ចុប្បន្ន និងនាពេលអនាគត។ ទីផ្សារអគារអាផាតមិន មានការធ្លាក់ចុះ ដោយសារមានការប្រកួតប្រជែងជាមួយអគារថ្មីៗច្រើន ហើយតម្រូវការជាក់ស្តែងមានការថយចុះ។

លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថា អគារអាផាតមិន (Service Apartments) នៅក្នុងក្រុងភ្នំពេញមានប្រមាណជិត ២០០អគារ។ សម្រាប់ទីផ្សារវិញ មានសូវមានទីផ្សារប៉ុន្មានទេ ដោយសារមានការប្រកួតប្រជែងពីអគារផ្សេងទៀត ជាពិសេសអគារខុនដូរថ្មី។ ហើយខុនដូរទាំងនោះ បានផ្តល់ផលចំណេញដល់ការជួលបន្តទៀត សម្រាប់អតិថិជន។

លោកបន្តថា ខុនដូរបច្ចុប្បន្ននេះ មានការសាងសង់ហើយច្រើន ហើយកំពុងស្វែងរកអ្នកជួលបន្ត និងផ្តល់សេវាកម្មបែបអាផាតមិន ដូចជាការស្នាក់នៅ និងសណ្ឋាគារជាដើម រឹងរឺតធ្វើឱ្យទីផ្សារអគារផាតមិនកាន់តែតូចចង្អៀតថែមទៀត។

លោកហឹម សីហា នាយកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal យល់ស្រដៀងគ្នាថា អគារអាផាតមិន(Service Apartments) មានការប្រកួតប្រជែងខ្លាំងជាមួយ ខុនដូរ តែសម្រាប់ទីផ្សារវិញនៅតែមានតម្រូវការ គ្រាន់តែរៀងតូចជាងមុន ព្រោះមានការប្រកួតប្រជែងជាមួយដៃគូថ្មី(ខុនដូរ)។

សម្រាប់ទីផ្សារវាមិនទាន់ឆ្អែត ឬការផ្គត់ផ្គង់មិនទាន់ធ្លាក់ចុះនោះទេ​ គ្រាន់តែមានការសាងសង់ច្រើនធ្វើឱ្យមានការប្រកួតប្រជែងទីផ្សារខ្លាំងតែប៉ុណ្ណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia