តឹងចិត្តម៉ូតូកង់បីថ្លៃពេក, យឺតយ៉ាវ និងពិបាកទាក់ទង មកបង្កើតកង់បីអនឡាញជោគជ័យនៅកម្ពុជា

លោក តុប និមល ស្ថាបនិកក្រុមហ៊ុនហៅកង់បីតាមអនឡាញ PassApp បង្កើតក្រុមហ៊ុននេះឡើងដោយសារតែលោក និងគ្រួសារតឹងចិត្ត​ពេលហៅម៉ូតូកង់បី​ធ្វើដំណើរម្តងៗ ​ព្រោះភាពយឹត​យ៉ាវ តម្លៃ និងការទំនាក់ទំនងគ្នាមិនសូវជាមាន​ភាពងាយ​ស្រួល។

ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក តុប និមល បានរៀបរាប់ថា កាលពីឆ្នាំមុន​ពោលគឺឆ្នាំ២០១៧ ក្រោយផ្អាករបររកស៊ីពីរជាបន្តបន្ទាប់ លោកបានងាកមកបង្កើតក្រុមហ៊ុនធ្វើការ​លើ​សេវាកម្មម៉ូតូកង់បី ក្រោយស្រាវជ្រាវអស់រយះពេលជិតមួយខែតាមរយះ Internet ផង វេបសាយ​ក្នុងស្រុក​នានាផង និងទំនាក់ទំនងជាមួយម៉ូតូកង់បីជាដើម។ រហូតដាក់ដំណើរការ EasyGo សម្រាប់Callហៅម៉ូតូកង់បី ឫរថយន្តតាក់ស៊ី ប៉ុន្តែដោយសារប្រតិបត្តិការណ៍មិនសូវជារលូន លោក និមល ងាកមកបង្កើត PassApp វិញម្តងដោយមុខងារប្រតិបត្តិការណ៍រក្សាដូច EasyGoដដែល។

ដើមហេតុស្ថាបនិកដែលធ្លាប់ធ្វើការផ្នែកប្រព័ន្ធព័ត៌មាន​វិទ្យា(អាយធី)ជិត១០ឆ្នាំ បង្កើត PassApp ព្រោះចង់​ឃើញ​​ក្រុមហ៊ុនដឹកជញ្ជូនស្រុកខ្មែរកាន់តែទំនើបឡើង ជាមួយភាពទាន់សម័យ ងាយ​ស្រួលរហ័សទាន់ចិត្ត សុវត្តិភាព និងជាពិសេសនោះគឺមិនពិបាកតថ្លៃ។​ លោកបន្ថែមថា​ថ្ងៃមួយលោកអោយ​ប្រពន្ធជូនមកធ្វើ​ការ​ជាធម្មតា ពេលល្ងាចត្រូវត្រលប់មកផ្ទះវិញ ដោយហៅម៉ូតូកង់​បី ឫរថយន្តតាក់ស៊ីជិះ តែត្រូវបានគេ​ទារតម្លៃថ្លៃជ្រុល យឺតយ៉ាវ ធ្វើអោយលោកតឹងចិត្តជាខ្លាំង។

ក្រោយចាប់ផ្តើមតែមួយឆ្នាំសោះបច្ចុប្បន្ននេះ PassApp ដាក់ដំណើរការបានបីទីតាំងទៅហើយ​រួមមាន​ស្នាក់ការនៅរាជធានីភ្នំពេញ ពីរទៀតនៅខេត្តសៀមរាប និងព្រះសីហនុ។​ បើទោះបីតាមបណ្តាខេត្ត​មិនទាន់មានសន្ទុះអ្នកប្រើច្រើនដូចនៅភ្នំពេញក្តី សេវាកម្មអនឡាញមួយនេះ មានគោលដៅ​ដំណើរការ​ទូទាំងប្រទេសនាពេលខាងមុខជាមួយសេវាកម្មហៅម៉ូតូកង់ និងរថយន្តតាក់ស៊ីដោយមិនបាច់តថ្លៃនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!