ព្រឺសម្បុរ និងគួរឱ្យខ្លាច ពេលដឹងពីកោះមរណៈទាំង១០ ដែលគួរឱ្យព្រឺព្រួចនៅលើពិភពលោក

មិនមែន​ជា​កោះ​​ឋានសួគ៌​សម្រាប់​ការ​ទៅកម្សាន្ត កោះ​ទាំង​ ១០​ នេះ​ខុស​ប្លែក​និង​បង្កប់​រឿង​អាថ៌កំបាំង​ដែល​គ្រប់​គ្នា​ច្បាស់​ជា​ស៊យ​ធំ បើ​ទៅកម្សាន្ត​កោះទាំង​នេះ។

១០) កោះហ្វារ៉ាឡុង (The Farallon Islands) សហរដ្ឋអាមេរិក

កោះហ្វារ៉ាឡុង ស្ថិត​នៅ​ក្នុង​សមុទ្រ​សាន់ហ្វ្រាន់ស៊ីស្កូ​សហរដ្ឋអាមេរិក ជា​កោះ​ដែល​ក្នុង​ទឹក​ពោរពេញ​ទៅ​ដោយ​ជាតិ​វិទ្យុសកម្ម ដោយ​សារ​កាក​សំណល់​​វិទ្យុសកម្ម​ប្រមាណ ៤៧ ៨០០ បារ៉ែល​ត្រូវ​បាន​គេ​បោះ​ទំលាក់​នៅ​ទីនោះ​ចន្លោះ​ពី​ឆ្នាំ ១៩៤៦-១៩៧០។ មាន​ន័យ​ថា បើ​អ្នក​អណ្តែត​នៅ​លើ​ទឹក​ដែល​ពោរពេញ​ទៅ​ដោយ​ជាតិ​វិទ្យុ​សកម្ម​នោះ អ្នក​នឹង​រស់​មិន​បាន​យូរ​ឡើយ បើ​គ្មាន​អ្នក​ស្រង់​ទៅ​ដី​គោក ប៉ុន្តែ​អ្វី​ដែល​ចម្លែក គឺថា​នៅ​ទីនោះ​បែរ​ជា​សំបូរ​ត្រី។

៩) កោះ Isla De Las Munecas មិកស៊ិក​

បើ​​នរណា​ ដែល​បាន​ទៅ​ពើប​លើ​កោះ Isla De Las Munecas ភាគ​ខាង​ត្បូង​នៃ​ទីក្រុង ម៉ិកស៊ីកូ មិន​ជា​រឿង​អាក្រក់​ពេក​ទេ ប៉ុន្តែ​អ្នក​នឹង​ឃើញ​តុក្តតា​ចាស់ៗ​ នៅ​គ្រប់​ទី​កន្លែង លើ​ដើម​ឈើ ឬ គេ​ដោត​ឆ្កាង​នឹង​ឈើ​។ ហេតុអ្វី​មាន​តុក្តតា​ច្រើន​ម្ល៉េះ? រឿង​ដ៏​សោកសៅ​បាន​ចាប់ផ្តើម ដោយ​សារ​អ្នក​ថែរក្សា​កោះ​នេះ​ឈ្មោះ Don Julian Santana Barrera បាន​រក​ឃើញ​ក្មេង​ស្រី​តូច​ម្នាក់ លង់​ទឹក​តែ​​លោក​ជួយ​មិន​បាន។

ដើម្បី​ផ្តល់​កិត្តិយស​ដល់​ ក្មេង​ស្រី​នោះ លោក​បាន​ព្យួរ​តុក្កតា​ដែល​អណ្តែត​ពី​ទី​ផ្សេងៗ​ដែល​មក​ទើរ​លើ​កោះ​នេះ។ លោក​បាន​ព្យួរ​តុក្កតា​កាន់តែ​ច្រើន​ឡើងៗ ដើម្បី​ធ្វើ​ឱ្យ​ព្រលឹង​របស់​ក្មេង​ស្រី​បាន​ស្ងប់​។ កន្លះ​សតវត្ស​ក្រោយ​មក លោក Barrera ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​លង់ទឹក​កន្លែង​ដដែល​ ដែល​គាត់​បាន​រក​ឃើញ​ក្មេង​ស្រី​នោះ។ គេ​ជឿ​ថា​មនុស្ស​ភាគ​ច្រើន​ដែល​បាន​ទៅ​ដល់​កោះ​នោះ ទោះ​ត្រលប់​មក​វិញ​ដោយ​សុវត្ថិភាព បើ​មិន​ឆ្កួត ក៏​ប្រែ​ជា​មនុស្ស​ឡប់​សតិ ដោយ​រន្ធត់​នឹង​ហេតុភេទ​ផ្សេង​ៗ​នៅ​ទី​នោះ។

៨) កោះ Isola Della Gaiola នៅ​អ៊ីតាលី

ជា​កោះ​ដែល​ស្ថិត​នៅ​ក្នុង​ឈូង​សមុទ្រ Naples នៃ​ប្រទេស​អ៊ីតាលី។ កោះ​នេះ​មាន​ទម្រង់​ដូច​ជា​កោះ​ភ្លោះ ដែល​នៅ​កៀក​បំផុត​នឹង​ឆ្នេរ​សមុទ្រ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​មិន​បាន​ដឹង​អំពី​កោះ​នេះ គឺ វា​ជា​កោះ​ “បណ្ដាសា” ដែល​មាន​វីឡា​ដែល​គេ​បោះបង់​ចោល​មួយ​នៅ​លើ​នោះ។ ​រឿង​រ៉ាវ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ១៩២០ នៅ​ពេល​ដែល​ម្ចាស់​ឈ្មោះ Gaiola បាន​ស្លាប់​ស្អុយ​រលួយ​នៅ​ទីនោះ។ ម្ចាស់​បន្ទាប់​ឈ្មោះ Hans Braun ត្រូវ​បាន​គេ​សម្លាប់ ហើយ​រុំ​ក្នុង​ព្រំ​នៅ​លើ​វីឡា​នោះ។ បន្ទាប់​មក ប្រពន្ធ​របស់​លោក​ស្លាប់​ដោយ​លង់​ទឹក។ ក្រោយ​មក លោក Otto Grunback បាន​ទិញ​វីឡា​នោះ ហើយ​បាន​ស្លាប់​​ភ្លាមៗ​ដោយសារ​គាំង​បេះដូង។ លោក Maurice-Yves Sandoz បាន​ទិញ​វីឡា​នោះ​បន្ត ហើយ​បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង។ លោកBaron Karl Paul Langheim បាន​ក្ស័យ​ធន​បន្ទាប់​ពី​បាន​ក្លាយ​ជា​ម្ចាស់​កោះ និង វីឡា​នោះ។ កូនប្រុស​លោក Gianni Agnelli ប្រធាន​ក្រុមហ៊ុន Fiat បាន​បាត់​បង់​បាន​ធ្វើ​អត្តឃាត ហើយ​ក្មួយ​ប្រុស​របស់​លោក​មាន​ជម្ងឺ​មហារីក​នៅ​អាយុ ៣៣ ឆ្នាំ។ លោក Paul Getty បាន​ទិញ​កោះ​នេះ ហើយ​ចៅ​ប្រុស​របស់​លោក​ត្រូវ​បាន​ចាប់ជំរិត។

ម្ចាស់​ចុងក្រោយ ឈ្មោះ Gianpasquale Grappone ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ភ្លាមៗ​បន្ទាប់​ពី​ទិញ​កោះ​នេះ។

៧) កោះ Bikini Atoll នៅ​សហរដ្ឋអាមេរិក

ជា​កោះ​ដ៏​ស្រស់​ស្អាត មាន​ខ្សាច់​ស​ម៉ត់​ខៃ នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​វា​ជា​កន្លែង​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​អាមេរិក​ចាប់​ពី​ឆ្នាំ ១៩៤៦ ដល់​ឆ្នាំ ១៩៥៨ ។

សហរដ្ឋអាមេរិក​បាន​សាកល្បង​អាវុធនុយក្លេអ៊ែរ​ចំនួន ២៣ នៅ​លើ​ឆ្នេរខ្សាច់ Bikini ដែល​មួយ​ក្នុង​ចំណោម​គ្រាប់​បែក​អ៊ីដ្រូសែន​គឺ Castle Bravo មាន​កម្លាំង​ខ្លាំង​​ជាង ១ ០០០ ដង​បើ​ធៀប​នឹង​គ្រាប់​បែក​ដែល​ទម្លាក់​នៅ​ហ៊ីរ៉ូស៊ីម៉ា​នៅ​ក្នុង​សង្គ្រាម​លោក​លើកទី ២ ។

ដូច្នេះ​បើ​អ្នក​លង់​នឹង​សម្រស់​កោះ ហើយ​ចង់​សម្រាក​នៅ​ទីនោះ​ឲ្យ​បាន​យូរ ប្រៀប​ដូច​​សម្លាប់​ខ្លួន​ឯង​ដោយ​សារធាតុ​វិទ្យុសកម្ម​​នៅ​ទីនោះ។

៦) កោះ Ilha Da Queimada Grande នៅ​ប្រេស៊ីល

កោះ Ilha da Queimada Grande របស់​ប្រទេស​ប្រេស៊ីល គឺ​ជា​កោះ​មរណៈ​មួយ ដែល​មាន​ប្រភេទ​ពស់​ពិស​ពណ៌​មាស ជា​ពស់​ពិស​ដ៏​សាហាវ​បំផុត​មិន​តិច​ជាង ៤ ០០០ ក្បាល។ យោង​តាម​អាជ្ញាធរ​ប្រេស៊ីល ដែល​បាន​ដាក់​កំហិត​យ៉ាង​តឹងរ៉ឹង​សម្រាប់​អ្នក​ចង់​ទៅ​លើ​កោះ​នេះ ព្រោះ​​កន្លង​មក ពស់​ប្រភេទ​នេះ​បាន​​សម្លាប់​មនុស្ស​មួយ​គ្រួសារ​ត្រឹម​១​យប់ ដោយ​វា​បាន​លូន​ចូល​តាម​បង្អួច ហើយ​បាន​ចឹក​មនុស្ស​ លឺ​តែ​សម្រែក​យំ​ឈឺ​ចាប់ និង ក្រោយ​មក​ស្លាប់​មនុស្ស​ទាំង​គ្រួសារ​គរ​គ្នា​ពេញ​លើ​ឆ្នេរ។

៥) កោះ Plum (Plum Island) សហរដ្ឋអាមេរិក​

ជា​កន្លែង​ដែល​រដ្ឋាភិបាល​អាមេរិក ប្រើប្រាស់​ដើម្បី​ពិសោធន៍​វេជ្ជសាស្ត្រ នៃ​ប្រភេទ​ជំងឺ​សត្វ។ ជា​កោះ​ដែល​ពោរពេញ​ទៅ​ដោយ​អាថ៌កំបាំង នៃ​ប្រភេទ​ជំងឺ​ឆ្លង​នានា ដែល​អ្នក​អាច​នឹង​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ដោយសារ​​ជំងឺ​ឆ្លង​ទាំង​នោះ។

៤) កោះ Sentinel ខាងជើង (North Sentinel Island) ឥណ្ឌា

ជា​កោះ​​មាន​ទឹក​ថ្លា​ដូច​ពណ៌ខៀវ​គ្រីស្តាល់​នៃ​ឈូងសមុទ្រ​បេងហ្គាល់ នៃ​ប្រទេស​ឥណ្ឌា។ កុលសម្ព័ន្ធ​នៅ​លើ​កោះ​នោះ ផ្ដាច់​ទំនាក់ទំនង​ពី​ពិភព​ខាងក្រៅ។ នរណា​ក៏​ដោយ ឲ្យ​តែ​បាន​ទៅ​ដល់​កោះ​នោះ នឹង​ត្រូវ​មនុស្ស​ព្រៃ​ទាំង​នោះ​សម្លាប់។

រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេចចិត្ត​ទុក​កោះ​នោះ​ចោល​ឲ្យ​នៅ​ឯកោ ហើយ​និង​បរិវេណ​ជុំវិញ​នោះ ៤,៨ គីឡូម៉ែត្រ​មិន​ឲ្យ​នរណា​ទៅ​ទីនោះ​ដាច់​ខាត។

៣) កោះ Miyakejima នៅ​ជប៉ុន

កោះ Miyakejima របស់​ជប៉ុន សំបូរ​ទៅ​ដោយ​ភ្នំភ្លើង ដែល​បាន​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​ក្នុង​លំហ​ជា​ប្រចាំ ពោល​គឺ​បើ​មាន​កប៉ាល់​ណា​ប្រថុយ​ចូល​ចត​ដោយ​មិន​បាន​ស្គាល់​កោះ​នេះ មុខ​ជា​នឹង​ស្លាប់​បើ​គ្មាន​បំពង់​អុកស៊ីសែន​ពាក់។

២) កោះ Gruinard Island នៅ​ស្កុតឡែន​

ជា​កោះ​មួយ​នៅ​ក្នុង​ប្រទេស​ស្កុតឡែន ត្រូវ​គេ​ស្គាល់​ថា​ជា​កោះ​ដែល​មាន​ខ្យល់​ពុល។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ទីនោះ​ជា​កន្លែង​ធ្វើ​តេស្ត​សាកល្បង​ទៅ​លើ​ប្រភេទ​ជំងឺ​អាសន្នរោគ​ដែល​គេ​ចាក់​ទៅ​លើ​សត្វ​ចៀម បំណង​គឺ​បង្កើត​សារធាតុពុល​ក្នុង​អាវុធ​នុយក្លេអ៊ែរ។

​១) កោះ Ramree នៅ​ភូមា

Ramree គឺ​ជា​កោះ​ធំ​មួយ​ដែល​ឋិត​នៅ​ឆ្នេរសមុទ្រ​ភូមា។ ក្នុង​ឆ្នាំ ១៩៤៥ ទាហាន​ជប៉ុន​ជិត ១ ០០០ នាក់​ត្រូវ​បាន​ក្រពើ​​ស៊ី​ជា​ចំណី​អាហារ។ ក្នុង​ចំណោម​នោះ មាន​ទាហាន​តែ​២០​នាក់​ប៉ុណ្ណោះ ដែល​បាន​គេច​ផុត​ពី​មាត់​ក្រពើ ដែល​សភាព​របស់​ពួកគេ​តក់ស្លុត​​ខ្លាំង​បំផុត ដែល​ជា​ហេតុការណ៍​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ព្រោះ​ទាហាន​ជប៉ុន​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នក​ដែល​មាន​ចិត្ត​សាហាវ​បំផុត​កាល​ពី​សង្គ្រាម​លោក​លើក​ទី២ ដែល​គេ​មិន​ដឹង​ថាតើ​សត្វ​សាហាវ ហើយ​និង​ក្រពើ​នៅ​លើ​កោះ​នោះ​គួរ​ឲ្យ​ព្រឺព្រួច​ប៉ុណ្ណា​ទៅ ទើប​អាច​សម្លាប់​ទាហាន​ជប៉ុន​រង្គាល និង បាន​ធ្វើ​ឲ្យ​អ្នក​សេសសល់​បាក់​ស្បាត​យ៉ាង​ហ្នឹង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay