រោងចក្រធំៗមួួយចំនួន ក្រោមទុន ១៨០លានដុល្លារ ដោយបង្កើតការងារជាង ៧ពាន់កន្លែង នៅកម្ពុជា

យោង​តាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បង្ហាញ​ថា ក្នុងខែ​កុម្ភៈ ឆ្នាំ​២០១៨ រោងចក្រ​ថ្មី​ចំនួន ១៥ ត្រូវ​បាន CDC ឯកភាព​ឲ្យ​ដំណើរការ​ផ្លូវការ​នៅ​កម្ពុជា​ក្រោមទុន​វិនិយោគ​ជាង ១៨០លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​​ជាង ៧ពាន់​កន្លែង។ ក្នុង​នោះ ប្រភេទ​រោងចក្រ​ដែល​សំខាន់ៗ​រួមមាន៖

១) គម្រោង​បង្កើត​រោងចក្រ​ផលិត សម្ភារ​វេចខ្ចប់ កេស​ក្រដាស​កាតុង ប្រអប់/ថង់​ផ្លាស្ទីក និង​បោះពុម្ព​លើ​សម្ភារ​វេចខ្ចប់ មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គីហ្គា រី​សស៍ ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ចំនួន ៥លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៤៨៣​កន្លែង។ គម្រោង​នេះ ជា​របស់​ក្រុមហ៊ុន HE YI TECHNOLOGY (CAMBODIA) PRINTING & PACKAGING CO., LTD។

២) គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ២០,១​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ បាន​ចំនួន ៥៩​កន្លែង។ គម្រោងនេះ ជា​របស់​ក្រុមហ៊ុន KING ELEPHANT CONSTRUCTION MATERIAL INDUSTRIAL CO., LTD។

(រោងចក្រ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន)

៣) គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្ពាន់ សារធាតុ​សំណ ស័ង្កសី និង​អាស៊ីត​ស៊ុលផួរិច មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ មាន​ទុន​វិនិយោគ​ចំនួន ៣០លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៤០​កន្លែង។ គម្រោង​នេះ​ជា​របស់​ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD។

(រោងចក្រផលិតស្ពាន់ (រូបតំណាង))

៤) គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុកគង​ពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ២,១៦​លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៥៦៦​កន្លែង។ គម្រោង​នេះ​ជា​របស់​ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD។

៥) គម្រោង​បង្កើត​រោង​ម៉ាស៊ីន​កិនស្រូវ និង​កែច្នៃ​អង្ករ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សាលា​សន្ទុក ឃុំ​កកោះ និង​ភូមិ​ស្តុកស្តម្ភ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មាន​ទុន​វិនិយោគ​ប្រមាណ ៤៣,៣១​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១២០៣​កន្លែង។ គម្រោង​នេះ​ជា​របស់​ក្រុមហ៊ុន BAOFENG INTERNATIONAL AGRICULTURAL DEVELOPMENT CO., LTD។

(រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក១កន្លែង (រូបតំណាង)។ រូបថត៖ វិបសាយ Everyday)

៦) ម្រោង​បង្កើត​រោងចក្រ​ផលិត​សារធាតុ Vanadium Pentoxide, Ammonium Metavanadate, Molybdenum oxide, និង Ferronickel មាន​ទីតាំង​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ មាន​ទុន​វិនិយោគ​ចំនួន ១២លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បានចំនួន ១៧៨កន្លែង។  គម្រោង​នេះ​ជា​របស់​ក្រុមហ៊ុន AUROTIME NEW MATERIALS CO., LTD។

(រោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្ម (រូបតំណាង))

៧) គម្រោង​បង្កើត​រោងចក្រ​អគ្គិសនី​ដោយ​ប្រើ​ថាមពល​ធ្យូង​ថ្ម (ទំហំ ១០០​មេហ្កាវ៉ាត់) មាន​ទីតាំង​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មានទុន​វិនិយោគ​ប្រមាណ ៤១,១៩​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧៥​កន្លែង។ គម្រោង​នេះ​ជា​របស់​ក្រុមហ៊ុន SIHANOUKVILLE SPECIAL ECONOMY ZONE THERMAL POWER CO., LTD។

ក្រៅពី​នេះ គឺជា​រោងចក្រ​កាត់ដេរ និង​រោងចក្រ​ផលិត​ស្ករគ្រាប់​ជាដើម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay