ក្តៅៗ! ធ្លាក់យន្តហោះនៅនេប៉ាល់មុននេះបន្តិច ខណៈសម្លាប់មនុស្សជាង៦០នាក់ (វីដេអូ)

យន្តហោះ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ឯ​ព្រលានយន្តហោះ Tribhuvan International Airport ស្ថិត​ក្នុង​ទីក្រុង Kathmandu ប្រទេស​នេប៉ាល់ នា​ល្ងាច​ថ្ងៃ​ច័ន្ទ ទី១២ ខែ​មីនា ឆ្នាំ២០១៨ នេះ។

យន្តហោះ​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​បង់ក្លាដេស US-Bangla ខាងលើ បាន​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ ខណៈ​កំពុង​ចុះចត បណ្ដាល​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។

យោង​តាម​អ្នក​នាំ​ពាក្យ​ប៉ូលិស​នេប៉ាល់ លោក Manoj Neupane បាន​ប្រាប់​សារព័ត៌មាន BBC ថា មនុស្ស​ប្រហែល ៦៧ នាក់​ស្ថិត​នៅ​លើ​យន្តហោះ​នោះ។ ទោះ​បី​ជា​យ៉ាង​ណា មិន​ទាន់​មាន​តួលេខ​ជនរងគ្រោះ ឬ​អ្នក​ស្លាប់​នៅ​ឡើយ​ទេ។

រូបថត​ជា​ច្រើន​សន្លឹក រួម​ទាំង​វីដេអូ​ផង​នោះ ត្រូវ​បាន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម បង្ហាញ​ឲ្យ​ឃើញ ផ្សែង​ខ្មៅ​យ៉ាង​អួអាប់​ហោះ​ចេញ​ពី​ព្រលានយន្តហោះ​ខាង​លើ។

យ៉ាងណាមិញ យន្តហោះ​រងគ្រោះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​ជា​ប្រភេទ Bombardier Dash 8 Q400 ស្ថិត​ក្នុង​ជើង​ហោះហើរ S2-AGU ប៉ុន្តែ​វា​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!