ចប់បាត់ហើយ! ឡាវ​កំពុង​ស្នើ​សុំ​ដាក់​ចង្វាក់​ “រាំ​វង់” ជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ (វីដេអូ)

ប្រទេស​ឡាវ​កំពុង​ស្នើ​សុំ​ដាក់​ចង្វាក់​រាំ​វង់ (ឡាវ​ហៅថា ឡាំវង់) ដែល​ជា​ចង្វាក់​រាំ​ប្រពៃណី​​ដ៏​ល្បី​មួយ​ ជា​​សម្បត្តិបេតិកភណ្ឌពិភពលោករបស់​ UNESCO។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ឡាវ The Laotian Times កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

លោក​ Bouangern Xaphouvong អនុរដ្ឋមន្ដី្រ​ក្រសួង​ព័ត៌មាន​ វប្បធម៌​ និង​ទេសចរណ៍​ឡាវ បាន​ប្រជុំ​​ជាមួយ​អ្នក​តំណាង​ពី​ផ្នែក​ពាក់ព័ន្ធនានា​ កាលពី​ថ្ងៃ​ទី៩ ខែមីនា​ ដើម្បី​រៀប​ចំ​កិច្ចការ​ផ្សេងៗ​ក្នុង​ការ​ស្នើ​សុំ​ដាក់ចង្វាក់​រាំ​នេះ​ ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​ជា​ផ្លូវការ។

ក្រៅពី​ចង្វាក់​រាំវង់ ឡាវ​ក៏​គ្រោង​ស្នើ​ដាក់ “ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​របស់​ឡាវ” “កម្មវិធី​បុណ្យ​សប្បុរសធម៌ Almsgiving” “ពិធី​បុណ្យ​ព្រលឹង Baci” និង​ “បុណ្យ​ប្រពៃណី​ឡាវ Kong Khao” ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​ផង​ដែរ។

គួរ​រំលឹក​ផងដែរថា កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ UNESCO ទើប​តែ​ទទួល​ស្គាល់​ ឧបករណ៍​ភ្លេង​ “ខ្លុយ​ខេន” ជា​ផ្នែក​មួយ​នៃ​សម្បត្តិ​វប្បធម៌​ប្រចាំ​ប្រទេស​ឡាវ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ថៃ នរៈ​សត្យា រដ្ឋ​លេខាធិការ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រសួង​វប្បធម៌ មិន​មាន​ប្រតិកម្ម​អ្វី​នឹង​ការ​ស្នើ​របស់​ឡាវ​នោះទេ ដោយសារ​វា​ជា​វប្បធម៌​របស់​ឡាវ ដែល​មាន​លក្ខណៈស្រដៀង​ខ្មែរ៕

វីដេអូ​បង្ហាញ​ពី​ចង្វាក់​រាំវង់​របស់​ឡាវ៖  

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay