អាគារហាង​កាហ្វេ​សម័យអ៊ុនតាក់ ឥឡូវកំពុងប្រែក្លាយជាសណ្ឋាគារ​លំដាប់​ផ្កាយ​៥នៅភ្នំពេញហើយ

​សំណង់​អគារ​បារាំង​ចំណាស់​មួយ​ ធ្លាប់ជា​​អតីត​ហាង​កាហ្វេ​ដ៏​ល្បី​នា​អំឡុង​ពេល​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​(អ៊ុនតាក់)​ចូល​មក​ប្រទេស​កម្ពុជា​រវាង​ពី​ឆ្នាំ​១៩៩១ ​ដល់​ឆ្នាំ​១៩៩៤ ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ អគារ​មួយ​នេះ​នឹង​ក្លាយជា​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ​នៅ​ចំកណ្ដាល​បេះដូង​ទីក្រុង​ភ្នំពេញ​។

(រូបភាពបច្ចុប្បន្ន)

សំណង់​អគារ​ដែល​បាន​​លាប​ពណ៌​លឿង​នោះ​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៧៨ ​នៅ​ចំហៀងនៃ​សារមន្ទីរ​ជាតិ​​ ត្រូវ​បាន​គេ​សាង​សង់​ជា​លក្ខណៈ​វីឡា​បែប​រាជវង្ស គឺ​ជា​អតីត​ហាង​កាហ្វេ​ដ៏​ល្បី​មួយ​ដែល​មាន​ឈ្មោះ​ថា No Problem Cafe ។ ​ក្រោយ​មក​ម្ចាស់​ហាង​កាហ្វេ ​បាន​ដាក់​លក់ដី និង​សំណង់អគារ​ទាំងស្រុងឲ្យ​ក្រុមហ៊ុន​បរទេស​មួយ​​ក្នុងតម្លៃ​ប្រមាណ ​១៤​លាន​ដុល្លារ​ ដើម្បី​សាងសង់​អគារថ្មី​។ ​បើ​តាមចេញ​ផ្សាយ​របស់សារ​ព័ត៌មាន​ ភ្នំពេញប៉ុស្តិ៍។

​យ៉ាងណា​មិញ​ ​គម្រោង​រុះរើ​អគារ​បារាំង​មិន​សម្រេច ​ព្រោះ​ពលរដ្ឋ និង​អ្នក​ជំនាញ​អចលនទ្រព្យ​ស្នើ​ឲ្យ​ថែរក្សា ​និង​អភិរក្ស ​ដោយ​បាន​យក​ធ្វើ​​ជា​កន្លែង​ដាក់​តាំង​បង្ហាញ​គំនូរ​សិល្បៈ​និង​ត្រូវ​បាន​គេ​ប្រើ​ជា​ការិយាល័យ​សម្រាប់​មូលនិធិ​​អចលន​ទ្រព្យ​បារាំងនៅកម្ពុជា។ 

​បច្ចុប្បន្ន​ក្រុមហ៊ុន Chip Mong Group ​បាន​ក្លាយម្ចាស់​កម្មសិទ្ធ អភិវឌ្ឍ​ជាអគារ​នេះ​ទៅជា​​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Hyatt Regency ដោយ​គម្រោង​នេះ​បាន​កំណត់​មិន​រុះរើសំណង់​អគារ​បារាំង​នោះឡើយ​។​

​គម្រោង​សណ្ឋាគារ​លំផ្កាយ៥នេះ ​មាន​តម្លៃ ១០០​លាន​ដុល្លារ​អាមេរិក កម្ពស់ ១៤ជាន់ ជា​គម្រោង​ទីមួយ​របស់ Hyatt Hotels Corporation ដែល​នឹង​ត្រូវ​លេច​រូបរាង​ឡើង​នៅ​កម្ពុជា។ ការ​រចនា និង​ការ​គ្រប់គ្រង​ក្នុង​សណ្ឋាគារ នឹង​ត្រូវ​បាន​អនុវត្ត​តាម​ស្ដង់ដារ​របស់​ក្រុមហ៊ុន​អាមេរិក Hyatt Hotels Corporation៕​​

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ news.sabay