សង្គ្រាមទីផ្សារ! Ford ប្រកាសថា នឹងផ្តួលឡាន Hybrid របស់ Toyota ឱ្យបានត្រឹមឆ្នាំ២០២១
Ford បានបង្ហាញពីគោលជំហររឹងមាំក្នុងផែនការចង់ផ្តួល Toyota លើទីផ្សាររថយន្ត Hybrid គិតត្រឹមឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់ក្រុមហ៊ុនផ្ទាល់នាថ្ងៃព្រហស្បតិ៍កន្លងទៅ។
សម្របបាននឹងការពេញនិយមខ្លាំងជាមួយរថយន្ត Prius របស់ Toyota បើក្រឡេកទៅជើងខ្លាំងអាមេរិកលំដាប់ទី ២ ក៏ចេញយុទ្ធសាស្ត្រចង់ផ្តោតសំខាន់លើត្រកូល Mustang និង F-150 ហើយវិវត្តប្រព័ន្ធ Hybird លើម៉ូឌែលទាំងពីរ ដើម្បីជួយក្រុមហ៊ុនឲ្យទទួលបានផលចំណេញកាន់តែខ្ពស់ និងក្លាយជារថយន្តលក់ដាច់បំផុតក្នុងពិភពលោក។
នាយកទីផ្សារសកលរបស់ក្រុមហ៊ុន Ford លោក Jim Farley បានមានប្រសាសន៍ថា៖ “ទៅថ្ងៃមុខក្នុងទីផ្សារអាមេរិកខាងជើង គោលដៅរបស់យើងនឹងផ្ដោតលើការលក់រថយន្ត Hybrid ជាចម្បង ឬអាចមានទាំងប្រភេទ Plug-in hybird”។
រំឭកថាដែរថា សម្រាប់ក្រុមហ៊ុនជប៉ុន Toyota ឈរលំដាប់កំពូលនៃការលក់រថយន្ត Hybrid តាំងពីត្រកូល Prius ដោយគិតទៅក្នុងអំឡុងឆ្នាំ ១៩៩០ តរៀងមក៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ news.sabay