​ប្រវត្តិកំពូល​តារា​សិច​ស៊ី​ប្រចាំ​ទសវត្ស​រ៍ ៦០ អ្នកស្រី សាក់ ស៊ីស្បោង​ ដែល​ល្បី​ល្បាញខ្លាំងដល់​អឺរ៉ុប​

ប្រិយមិត្ត​ប្រាកដ​ជា​​ធ្លាប់​ឮ​ហើយ​ឈ្មោះ សាក់ ស៊ី​ស្បោង ​ដែល​គិត​ថា​វា​ជា​ពាក្យ​ហៅ​លេង ឬ​ឈ្មោះ​របស់​តារា​កំប្លែង តែ​ការ​ពិត​វា​ជា​ឈ្មោះ​របស់​កំពូល​តារា​ស្រី​សិច​ស៊ី​ម្នាក់​ក្នុង​អំឡុង​ទសវត្ស​រ៍ឆ្នាំ​៦០-៧០។ តារាស្រីរូបនេះ​​មាន​ទាំង​សម្រស់​ និង​ទេពកោសល្យ​សម្ដែង​ជា​តួសិចស៊ី និង​ឆ្នាស​ឆ្នើម​ រហូត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាពយន្ត​ជំនាន់​នោះ​ភាគច្រើន​ស្អប់​អ្នក​ស្រី​ ដោយសារ​ការ​សម្ដែងតួអង្គប្រភេទហ្នឹង។

ដើម្បី​ឲ្យ​កាន់​ច្បាស់​ ថ្ងៃ​នេះ​ Sabay លើក​យក​ប្រវត្តិ​ខ្លះៗ​របស់​អតីត​តារា​សម្ដែង​ស្រី​រូប​នេះ​ឲ្យ​ប្រិយមិត្ត​បាន​ជ្រាបតែ​ម្ដង៖

ជីវប្រវត្តិទូទៅ៖

សាក់ ស៊ីស្បោង កើត​ក្នុង​ឆ្នាំ ១៩៣៦ នៅ​រាជធានី​ភ្នំពេញ​។ អ្នក​ស្រី​ជាប់​សែស្រឡាយ​ព្រះញាតិវង្ស នៃ​ព្រះ​មហាក្សត្រ​ខ្មែរ និង​មាន​ឪពុក​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ព្រះបរមរាជវាំង។

​​​​ការ​សិក្សា៖

អ្នក​ស្រី​ជា​អតីត​សិស្ស​នៅ “សាលា​បឋមសិក្សាហ្វ្រង់ស្វ័រ​បូស្វាត” និង​បាន​បន្ត​ការសិក្សានៅ “​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ” រួច​បន្ត​ចូល​រៀននៅ​សាលាភាសា​បារាំង​ “ដឺកាត” គ្រា​នោះ​ សាក់ ស៊ីស្បោង ចេះ​និយាយភាសាបារាំង​ល្អ​ដាច់គេ។​ ចំណេះដឹង​ផ្នែ​កភាសា​នេះ បាន​ធ្វើ​ឲ្យ​អ្នកស្រី​វិវឌ្ឍន៍ខ្លួន​រហូត​ក្លាយ​ជា​នារី​អាកាសចរ​ណ៍​នៅ​ឆ្នាំ​១៩៦០​។

ប្រវត្តិ​ចូល​សិល្បៈ៖

អំឡុង​ពេល​កំពុង​បម្រើ​ការងារ​នោះ មាន​ផលិតករ​បរទេស​ម្នាក់​ឈ្មោះ​ “ម៉ាសេលកាម៉ុល” បាន​ឃើញ​រូប​សម្រស់​ និង​កាយវិការ​ដ៏​សមសួន​ពី​ធម្មជាតិ​របស់​អ្នក​ស្រី ក៏​បាន​ស្នើ​ឲ្យ​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​​​អន្តរជាតិ​របស់​លោក។ ដោយ​ចិត្ត​ស្រលាញ់​វិស័យ​សិល្បៈ​ផង​នោះ នារី​អាកាសចរ​ណ៍រូប​នេះ ក៏​សម្រេច​ចិត្ត​ចូល​សម្ដែង​ជា​តួ​សំខាន់​​ក្នុង​រឿង “បក្សី​ឋាន​សួគ៌” ឲ្យ​ផលិតករ​ខាង​លើ។

រឿង​ដំបូង​ដែល​អ្នក​ស្រី​សម្ដែង​នេះ ត្រូវ​បាន​ដាក់​បញ្ចាំង​ជា​ច្រើន​ប្រទេស​ ទាំង​អឺរ៉ុប និង​អាស៊ី។ ក្រោយ​បាន​ឃើញ​ពី​សមត្ថភាព​​របស់​អ្នកស្រី មាន​ផលិតករ​ខ្មែរ​ជា​ច្រើន​ទាក់​ទង​​ឲ្យ​ទៅ​សម្ដែង​ជា​ហូរហែ​ រហូត​អ្នកស្រីត្រូវ​បាន​មហាជន​ចាត់​ទុក​ថាជា​កំពូល​តារា​សិចស៊ី និង​ស៊ី​វីល័យ​ប្រចាំវិស័យសិល្បៈ​កម្ពុជា។

សម្ធិទផល​ធំៗ​ក្នុង​វិស័យ​សិល្បៈ៖

  • នៅ​​ឆ្នាំ ១៩៦៤ សាក់ ស៊ីស្បោង ក៏​បាន​ចូល​រួម​ប្រលង​បវរកញ្ញា​បង្ហាញ​ម៉ូដ​​រថយន្ត​ ក្នុង​មហោស្រព​ទី​ក្រុង​កែប​ ថែមទាំង​ទទួល​បាន​ពាន​ ចំណាត់​ថ្នាក់​លេខ​៣ទៀត​ផង។

  • ​ឆ្នាំ​១៩៦៦ អ្នក​ស្រី​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​តាមរយៈ​រឿង “វិល​វិញ​ណាបង” របស់​ផលិតកម្ម​ “តារា​រដ្ឋ​ភាពយន្ត”។
  • មិន​ត្រឹម​តែ​ប៉ុណ្ណោះ សាក់​ ស៊ីស្បោង ធ្លាប់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​រឿង​ល្បី៤​រឿង​របស់ ព្រះ​បរម​រតន​កោដ្ឋ គឺ៖ រឿង​ “អប្សារា” “រស់​ដោយ​សប្បាយ​ចិត្ត​” “ព្រះ​ប្រជា​កុមារ” និង “វាសនា​អកុសល”។

  • ឆ្នាំ​ ១៩៦៩ អ្នកស្រី​បាន​ទទួល​ពាន​រង្វាន់​មាស ជា​តួ​ស្រី​ស្រស់​ស្អាត​ឆើត​ឆាយ​ ពី​ មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី១។
  • ពី​ឆ្នាំ​១៩៦២​ ដល់ ១៩៧៤ អ្នក​ស្រី​បាន​បង្ហាញ​មុខ​ជា​តួ​រង និង​តួ​សំខាន់​ក្នុង​ភាពយន្ត​ល្បីៗជា​ច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នកស្រី​ក៏​ធ្លាប់​គ្រង​តំណែង​តួ​ឯក​ក្នុង​រឿង​មួយ​ចំនួន​ដែរ​ដូច​ជា៖ “បក្សី​ចាក​មេឃ” និង “ផ្លូវ​បែក​ជា​បី”។

គ្រួសារ និង​ស្នេហា៖

  • អតីត​កំពូល​តារា​ស្រី​រូប​នេះ បាន​រៀប​អាពាហ៍ពិពាហ៍​ ជា​មួយ​អ្នក​បើក​យន្ត​ហោះ​ ក្នុង​ឆ្នាំ ១៩៦៥ និង​មាន​​កូន​ប្រុស​ម្នាក់ នៅ​ឆ្នាំ១៩៧២។
  • ដើម្បី​គេច​ពី​សង្គ្រាម រូប​អ្នកស្រី​​ និង​ស្វាមី បាន​ចាក​ចេញ​ពី​កម្ពុជា​ ទៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ ១៩៧៤។ សព្វ​ថ្ងៃ​ អ្នកស្រី​រស់​នៅ​ប្រទេស​អាល្លឺម៉ង់​ ដោយ​ឃ្លាត​ចេញ​ពី​វិស័យ​សិល្បៈ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay