គន្លឹះនៃការរៀនចេះនិយាយ ឲ្យបាន ១០ ភាសា ដោយស្ទាត់ជំនាញ

បើអ្នកមាន​បញ្ហា​ជាមួយនឹង​ការសិក្សា​ភាសាបរទេស​? តើ​អ្នក​គិតថា​វា​ពិបាក​រៀន​? យើង​ណែនាំ​យុវជន​មួយរូប​ដែល​គាត់​អាច និយាយបាន​ ១០ ​ភាសា​។

មាន​​វ័យ​ ២៩ ​ឆ្នាំ លោក នឹម លាង​ហេង​​ មកពី​ខេត្ត​កំពង់ចាម ចេះ​និយា​យ​បាន​ស្ទាត់​រួម​មាន​ភាសា​អាល្លឺម៉ង់ អេ​ស្ប៉ាញ រុស្ស៊ី អង់គ្លេស បារាំង ថៃ កូរ៉េ ចិន វៀតណាម និង ជប៉ុន​។ មិន​តែ​ប៉ុណ្ណោះ លោក កំពុងតែ​រៀន​ភាសា​មួយ​ចំនួន​ទៀត​គឺ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ភាសា​អារ៉ាប់ និង​អ៊ីតាលី​​ទៀត​ផង​។​

​លោក ហេង បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ធនធានមនុស្ស នៅ​មហាវិទ្យាល័យ ជូឡា​ឡុង​កន នៃ​ប្រទេស​ថៃ ហើយ​បច្ចុប្បន្ន​លោក​ក៏​ជា​អ្នក​បក​ប្រែ​ឯករាជ្យ និង​បកប្រែ​ឲ្យ​ក្រុមហ៊ុន អូស្ត្រាលី ហាយវ៉េ (Australia Highway)​ផងដែរ​។

បន្ថែម​ពី​នោះ​ទៀត លោក​ក៏​ធ្វើជា​គ្រូ​បង្រៀន​នៅ​ច្រើន​កន្លែង​ផងដែរ ដោយ​លោក​​បង្រៀន​ផ្នែក​គ្រប់គ្រង​នៅ​សាលា​សហ​ប្រ​តិបត្តិការ​កម្ពុជា​អន្តរ​ជាតិ​(CICI) និង​បង្រៀន​វគ្គ​ខ្លី​ផ្នែក រដ្ឋបាល គ្រប់គ្រង​ទីផ្សារ និង​ភាពជា​អ្នកដឹកនាំ នៅ​សាលា​ធនធាន​និស្សិត ព្រមទាំង​​ជា​គ្រូបង្រៀន​ភាសា​នៃ​សាលា​អាមេរិកកាំង​ស្តែន​ហ្វដ (Stanford American School)​។​

​លោក បាន​ប្រាប់ថា ភាគច្រើន​លោក​ទទួលបាន​ការបកប្រែ​ភាសា អង់គ្លេស ថៃ និង​កូរ៉េ ចំណែក​ភាសា​​អេស្ប៉ា​ញ អាល្លឺម៉ង់ និង​ភាសា​ដទៃ​ទៀត ក៏មាន​បក​ដែរ តែ​មិនសូវ​សម្បូរ ភាគច្រើន​គឺជា​ឯកសារ​ចេញទៅ​ទូត​។​ ជាការ​ពិតណាស់​ការរៀន​ភាសា​​ នី​មួយៗ​មិនមែន​ជា​ការងាយ​ទេ អ្នក​រៀន​ភាសា​ខ្លះ​ស្ទើរតែ​ចំណាយពេល​អស់​៥​ ទៅ​៦​ឆ្នាំ ឬ​១០​ឆ្នាំ​ក៏មាន​ ដើម្បី​រៀន​ចេះ​ភាសា​មួយ ជាក់ស្តែង​គឺ​ភាសា​អង់គ្លេស​។ ផ្ទុយទៅវិញ លោក ហេង បាន​ចំណាយ​ពេល​មិនយូរប៉ុន្មាន​ទេ​ក្នុង​ការរៀន​ភាសា​នី​មួយៗ​។

សម្រាប់​លោក ហេង បាន​ចាប់ផ្តើម​រៀន​ភាសា​អង់គ្លេស និង​បារាំង​តាំង​ពី​យូរ​មក​ហើយ គឺ​នៅ​ស្រុក​កំណើត​របស់​លោក​ផ្ទាល់​តែម្តង ​(​កំពង់ចាម)​ ក្នុង​ឆ្នាំ​១៩៩៨ និង​១៩៩៩​។ លោក​រៀន​ភាសា​ថៃ​ក្នុង​ឆ្នាំ​២០០០ ភាសា​ជប៉ុន​ក្នុង​ឆ្នាំ​២០០២ ភាសា​កូរ៉េ​ក្នុង​ឆ្នាំ​២០០៤ រីឯ ភាសា​ផ្សេងទៀត​គឺ​រៀន​ពេល​ក្រោយៗ​មក​ចន្លោះពេល​រាល់​ពីរ​ឆ្នាំ​ម្តង ហើយ​សុទ្ធតែ​រៀន​នៅក្នុង​ទី​ក្រុងភ្នំពេញ​។​

​ដោយ​ទឹកមុខ​ញញឹម​បន្តិច លោក ហេង បាន​រំឭក​ថា រូប​លោក​រៀន​ភាសា​ទាំងនោះ​គឺ​មិនមែន​រៀន​ឲ្យ​ចេះ​ភាសា​មួយ​ហើយ​ទើប​ទៅ​រៀន​ភាសា​មួយ​ទៀត​​ទេ គឺ​លោក​រៀន​អង់គ្លេស​ផង ក៏​ឆ្លៀត​ទៅ​រៀន​បារាំង​ផង ដោយ​រៀន​បណ្តាក់​គ្នា​រហូត ហើយ​ពេលដែល​នៅសល់​បន្ទាប់ពី​រៀន​ភាសា​ទាំងពីរ​ខាងលើ លោក​ក៏​ទៅ​រៀន​កូរ៉េ​បន្ថែម​ទៀត តែ​មិនមែន​ថា ចាប់ផ្តើម​ទាំង​៣​រួមគ្នា​នោះទេ គឺ​ទុក​គម្លាត​ពេល​គ្នា​យ៉ាង​ហោចណាស់​ពីមួយ​ទៅ​ពីរ​ឆ្នាំ​ដែរ ទើប​លោក​បន្តទៅ​ចាប់ផ្តើម​រៀន​ភាសា​ថ្មី​មួយ​ផ្សេងទៀត​។​

​និយាយ​ដោយ​ជឿជាក់ លោក ហេង បាន​ប្រាប់ថា​៖ «​ការចេះ​និយាយ​១០​ភាសា​មិនមែនជា​ដុង​​ពី​កំណើត​ទេ តែ​វា​បានមកពី​ការខិតខំ​ប្រឹងប្រែង​ព្យាយាម​​រៀនសូត្រ​របស់ខ្ញុំ​»​។

លោក​បន្តថា​៖ «​ការរៀន​​ភាសា​វា​មិនមាន​អ្វី​ពិបាក​ទេ សំខាន់​ឲ្យ​តែ​យើង​ចេះ​តស៊ូ និង​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការរៀន ថា​តើ​យើង​រៀន​ភាសា​នោះ​ដើម្បី​អ្វី និង ចង់បាន​អ្វី​ពី​វា​ទៅ​ថ្ងៃ​អនាគត?​»​។​

​ចំពោះ​វិធីសាស្រ្ត​​ក្នុង​ការរៀន​ភាសា​ច្រើន​យ៉ាងណា​កុំ​ឲ្យ​ឆាប់​ភ្លេច និង​មិន​ច្រឡំ​គ្នា លោក ហេង និយាយថា​ យើង​ត្រូវ​ចេះ​ភាសា​នី​មួយៗ​ឲ្យ​បាន​ច្បាស់ ព្រោះថា នៅពេល​យើង​ចេះ​ច្បាស់​លាស់​គឺ​យើង​មិន​ងាយ​ភ្លេច និង​មិន​ច្រឡំ​ទេ​។ បន្ថែម​ពីលើ​នោះ​ទៀត លោក​បាន​រៀបរាប់​ថា យើង​ត្រូវ​មើល​វា​រាល់ថ្ងៃ ឬ​រាល់​ពេល​ដែល​យើង​ទំនេរ ឆ្លៀតពេល​អាន​ឲ្យ​បាន​ច្រើន ហាត់​និយាយ ស្តាប់​ជា​ចម្រៀង ឬ​ជា​មេរៀន ព្រមទាំង​មើល​រឿង​ក៏បាន​ដែរ ព្រោះថា​មានតែ​ការអនុវត្ត​ជា​រៀងរាល់ថ្ងៃ​ទេ ទើប​ជួយ​យើង​ឲ្យ​រៀន​ឆាប់​ចេះ​។​

​លោក ហេង បាន​បន្តថា​៖ «យើង​អាច​​ដោនឡូត​ឯកសារ​ពី​អ៊ីនធឺណិត​ មក​មើល​តាម​ទូរស័ព្ទ​ក៏បាន​ដែរ ហើយ​វា​មាន​ភាពងាយស្រួល​ផង និង​អ្វីដែល​សំខាន់​គឺ​យើង​ត្រូវ​ឧស្សាហ៍​មើល និង​កុំ​បោះបង់​វា​ចោល​»​។​

​ក្រៅពីនេះ លោក ហេង ក៏បាន​លើក​ឡើង​ដែរ​ថា គន្លឹះ​ដ៏​សំខាន់​មួយទៀត​របស់​លោក​ផ្ទាល់​ក្នុង​ការ​មិន​ភ្លេច​ភាសា​ដែល​លោក​មិនសូវ​ប្រើ​នោះ គឺ​ការបើក​ជា​ថ្នាក់​បង្រៀន​ភាសា​ដោយ​អត់​គិតថ្លៃ ដល់​សិស្សានុសិស្ស​ដែល​គាត់​ចង់​រៀន​ភាសា​ថ្មី​។ ដូច្នេះ​ចំពោះ​ខ្លួន​លោក​ផ្ទាល់​ក៏​មិន​ភ្លេច​ភាសា​នោះ ហើយ​កាន់តែ​ចេះ​ច្រើនឡើង ចំណែកឯ​សិស្ស​ៗ​វិញ​ពួកគាត់​បាន​រៀន​ភាសា​ថ្មី​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ វា​ជា​សកម្មភាព​មួយ​ក្នុង​ការជួយ​ដល់​សង្គម​ផង​ដែរ ក្នុងការ​បណ្តុះ​ធនធានមនុស្ស​។

​លោក​ក៏បាន​បន្តថា ការរៀន​ភាសា​មាន​សារប្រយោជន៍​ណាស់ ហើយ​ការដែល​ចេះ​ច្រើនភាសា​កាន់​តែមាន​ប្រយោជន៍​ឱកាស​ទទួល​បាន​អាហា​រូបករណ៍​ក៏មាន​ច្រើន ទំនាក់ទំនង​ក៏​កាន់តែ​ទូលាយ ទៅ​ណា​មក​ណា​មិនចាំបាច់​ខ្លាច ឬ​ភ័យ​ព្រួយ​ថា​ពិបាក​ទំនាក់ទំនង នៅក្នុង​ប្រទេស​ដែល​មិនសូវ​និយាយ​ភាសា​អង់គ្លេស ដូចជា​ប្រទេស​ជប៉ុន ថៃ ជា​ដើម​។ មិនតែប៉ុណ្ណោះ​គេ​ក៏​អា​ចរក​កម្រៃ​​ពី​ភាសា​ទាំងនោះ​បានដែរ ដោយ​ការបកប្រែ​ដោយផ្ទាល់ និង​បក​ប្រែជា​សៀវភៅ ឬ​ជា​ឯកសារ​ផ្សេងៗ​។​

​ជា​ចុងក្រោយ​លោក នឹម លាង​ហេង សូម​ផ្តាំផ្ញើ​ទៅដល់​យុវជន​ទាំងអស់​ជា​កូន​ខ្មែរ​ថា​៖ «​ចំពោះ​ការ​រៀន​ភាសា​នឹង បើសិនជា​ពិបាក​សូមកុំ​បោះបង់​វា​ចោល ហើយ​សូមកុំ​រៀន​តាម​​ចង់ ត្រូវមាន​ឆន្ទៈ​ក្នុង​ការរៀន ហើយ​ត្រូវ​យកចិត្តទុក​ដាក់​ក្នុង​ការរៀន​និង​កុំ​បោះបង់​វា​ចោល ហើយ​កាល​ដែល​យើង​រៀន​ចេះ​វា​នឹង​ឲ្យ​ផល​មក​យើង​វិញ​»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ postkhmer

Leave a Reply

Your email address will not be published. Required fields are marked *