ព័ត៌មានរន្ធត់ពេញពិភពលោក! បិតារូបវិទ្យាសម័យទំនើប Stephen Hawking ទទួលមរណភាពហើយ

រូបវិទូជនជាតិ​អង់គ្លេសដ៏ល្បីល្បាញ គឺលោក ស្ទីវិន ហាកឃីង (Stephen Hawking) ដែលទើបតែ​បានទទួលមរណភាព​នៅ​ក្នុង​វ័យ ៧៦ឆ្នាំ បានធ្វើការ​តស៊ូយ៉ាង​ស្វិតស្វាញ ដើម្បី​ព្យាយាម​ជម្នះលើជំងឺដ៏កម្រ​មួយហៅថា Amyotrophic Lateral Sclerosis (ALS) ដែល​បាន​ធ្វើ​ឲ្យ​សាច់ដុំរបស់​លោក ដំណើរ​ការលែងបាន​បន្តិចម្តងៗ រហូតត្រូវពឹង​ពាក់ទាំងស្រុង​លើឧបករណ៍វិទ្យាសាស្រ្ត សូម្បីតែការ​​និយាយ​ស្តី​ និងបានវិវត្តន៍ខ្លួន​ក្លាយជាអ្នកវិទ្យាសាស្រ្ត​ដ៏ល្បីរន្ទឺ​ និងមានការ​គោរពជាទីបំផុត​មួយរូប។

លោក Hawking ដែលមាន​ឈ្មោះពេញថា Stephen William Hawking បានកើតនៅ​ទីក្រុងអុកស្វត (Oxford) ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ១៩៤២ ហើយឪពុក​របស់លោក ដែលជាអ្នកស្រាជ្រាវ​ផ្នែកជីវវិទ្យាម្នាក់នោះ បានផ្លាស់ប្តូរទីលំនៅ​ជាមួយម្តាយ​របស់លោក​ ចេញពីទីក្រុងឡុងដ៍ ដើម្បីគេចខ្លួន​ពីការទម្លាក់គ្រាប់​របស់​ពួកណាហ្ស៊ី (Nazi) អាល្លឺម៉ង់។

លោក Hawking បានធំដឹងក្តី​ឡើងនៅទីក្រុងឡុងដ៍ និងទីក្រុងសេន​អាល់បាន (St Albans) ហើយបន្ទាប់​ពីទទួលបាន​សញ្ញា​ប​ត្រ​​លំដាប់​កំពូល​ក្នុងផ្នែករូបវិទ្យា​ពីសាកវិទ្យាល័យ Oxford លោកបាន​បន្តការសិក្សានៅ​សាកលវិទ្យាល័យ Cambridge ថែមទៀត សម្រាប់ការ​ស្រាវ​ជ្រាវ​​ក្នុងផ្នែក Cosmology (សិក្សាពីចក្រវាឡ)។

កាលពីនៅក្មេង​លោក Hwaking មានចំណូលចិត្តខ្លាំង​ក្នុងការជិះសេះ និងអុំទូកកម្សាន្ត ប៉ុន្តែស្របពេល​ដែលកំពុងសិក្សា​នៅ សាកលវិទ្យា​​ល័យ Cambridge ពោលគឺក្នុង​វ័យត្រឹម ២១ឆ្នាំប៉ុណ្ណោះ ​ក្រោយពីមាន​អការៈមិនស្រួល លោកត្រូវគ្រូពេទ្យ​ធ្វើរោគវិនិច្ឆ័យ​រកឃើញថា​ លោកមាន​ជំងឺម៉្យាងពាក់ព័ន្ធនឹង​ប្រព័ទ្ធប្រសាទ​សាច់ដុំ ដែលនឹងធ្វើឲ្យ​រូបលោក​កម្រើកអវយវៈលែង​កើត​ទាំងស្រុង​តែម្តង។

ខណៈដែលលោក Hwaking រៀបភ្ជាប់ចំណង​អាពាហ៍ពាហ៍ជាមួយ​ភរិយាទីមួយរបស់​លោក គឺលោកស្រី Jane កាលពីឆ្នាំ១៩៦៤ វេជ្ជបណ្ឌិត​របស់លោក បានប្រាប់​​លោក​ថា​ លោកមានពេលមិន​លើសពី ០២ឆ្នាំ ឬ ០៣ឆ្នាំ ទៀតឡើយ ដើម្បីរស់នៅ​លើលោកនេះ។ បើនិយាយ​ឲ្យស្រួលស្តាប់ គឺប្រព័ន្ធ​ប្រសាទ ដែល​​បញ្ជាគ្រប់គ្រង​សាច់ដុំ​នានារបស់លោក គឺឈានទៅ​រកការឈប់ដំណើរការ​ទាំងស្រុង។

ប៉ុន្តែជំងឺនោះ​បានវិវត្តន៍ទៅមុខ​យ៉ាងយូរហួសពីការស្មាន ពោលគឺអាច​ឲ្យលោក Hawking មានឱកាសរស់​នៅរហូតដល់ត្រឹម​ខែមីនាឆ្នាំនេះ។ លោក និងលោកស្រី Jane មានកូន ០៣នាក់ ហើយ​នៅឆ្នាំ១៩៨៨ ដោយពេល​ដល់ដំណាក់កាលនេះ លោក Hawking អាចនិយាយ​បាន​​ ដោយពឹងផ្អែកទៅ​លើឧបករណ៍ជំនួយ​សំឡេង​ ដែលភ្ជាប់នៅ​បំពង់ករបស់លោក​ប៉ុណ្ណោះនោះ បុគ្គលមាន​ការតស៊ូពុះពារ​យ៉ាងខ្លាំងក្លា​រូប​នេះ បានបញ្ចប់សៀវភៅ​​មួយក្បាលមាន​ចំណងជើងថា​ «A Brief History of Time» ដែលលក់ដាច់​បានជាង ១០លានក្បាល ទោះបីជាវា​ត្រូវ​គេ​​ដាក់រហស្សនាម​ថា ជា «សៀវភៅដ៏ល្បី​បំផុត​លើកលោក ដែលពុំមាន​នរណាអាន» ក៏ដោយ។

ក្នុងការចូលរួម​ចំណែករបស់​លោក ទៅក្នុងចំណេះ​ដឹងផ្នែក​វិទ្យាសាស្រ្ត លោក Hawking បានរកឃើញបាតុភូតមួយ​ ដែលត្រូវគេ​ស្គាល់ថា «Hawking Radiation» ក្នុងទ្រឹស្រ្តីនេះ​គឺប្រហោងខ្មៅ (Black Hole) ជាទូទៅបញ្ចេញ​ថាមពលរបស់​វាបន្តិចម្តងៗ ហើយ​ក៏រលាយ​បាត់បង់​ទៅ។ លោក Hawking មានឈ្មោះ​ល្បីល្បាញ និងគោរព​យ៉ាងខ្លាំង ដោយសារ​សមត្ថភាពដ៏អស្ចារ្យ​របស់លោក ក្នុងការ​បង្កើត​ដំណោះស្រាយ​​បែប​វិទ្យាសាស្រ្ត ដោយពុំចាំបាច់ធ្វើការ​គណនា ឬការពិសោធន៍​អ្វីឡើយ។

ប៉ុន្តែទ្រឹស្តី​ដែលទទួលបានចំណាប់​អារម្មណ៍ ខ្លាំង​ជាងគេបំផុត​​របស់​លោក គឺប្រហែល​ជាទ្រឹស្តី «Theory of Everything» ដែលលើកឡើង​ថា ចក្រវាឡរបស់យើង គឺមានការវិវត្តន៍​ទៅមុខ ដោយយោង​ទៅតាម​ច្បាប់នានា​ដែលត្រូវបានកំណត់ទុក​យ៉ាងប្រសើរ​បំផុត។

យ៉ាងណាមិញ ជំងឺរបស់លោក​ជៀសមិនផុត គឺត្រូវតែបង្ខំ​ឲ្យរូបលោក​ ពឹងផ្អែកទាំងស្រុង​ទៅលើអ្នកដទៃ។ លោក Hawking ជាញឹកញាប់តែង​​​មានការដឹងគុណ​ ចំពោះ​ភរិយាទីមួយ​​របស់លោក គឺលោកស្រី Jane Hawking ដែលបានមើលថែ​រូបលោក​ អស់រយៈពេល​ជាង ២០ឆ្នាំ ហើយ​​មិត្តភក្តិ និងសាច់ញាតិរបស់លោក មានភាពភ្ញាក់​ផ្អើលជាខ្លាំង ដោយរូប​លោកបានចាកចេញ​ពីលោកស្រី Jane ហើយទៅយក​អ្នកមើល​ថែ​ទាំ​ម្នាក់របស់​លោកឈ្មោះ Elaine Mason ដែល​ក្រោយមក​លោក Hawking បានរៀបការ​ជាមួយនៅឆ្នាំ១៩៩៥ ប៉ុន្តែបានដាក់​ពាក្យសុំលែង​​លះ​​គ្នានៅ​ឆ្នាំ២០០៦។

គួរជម្រាប​ផងដែរថា កាលពីឆ្នាំ២០១៤ ខ្សែភាពយន្តហូលីវូដ​មួយមាន​ចំណងជើងថា «The Theory of Everything» ត្រូវបាន​ដាក់បញ្ចាំង​ ដោយវាផ្អែក​ទៅតាមដំណើរ​រឿងរៀបរាប់​ដោយ​ លោកស្រី Jane Hawking អំពីការបង្កើត​ចំណងស្នេហ៍​​ និងអាពាហ៍ពិពាហ៍​របស់អ្នកទាំង​ពីរ​​។ ខ្សែ​ភាពយន្តនេះ បានផ្តល់ឱកាស​ឲ្យ​តារាសម្តែង​ជនជាតិអង់គ្លេស លោក Eddie Redmayne ទទួលបាន​ពានរង្វាន់អូស្ការ សម្រាប់តំណែង​ជា​តារា​សម្តែងប្រុស ​ដ៏ល្អជាងគេបំផុត​ប្រចាំឆ្នាំ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia

error: Content is protected !!