ចង់ឲ្យកូនកើតមកឆ្លាតវៃលើសគេ ចូរធ្វើទម្លាប់ ៤ យ៉ាងនេះ

ឪពុកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យកូនរបស់ពួកគេមានប្រាជ្ញាឆ្លាតវាងវៃលើសគេ ដោយព្យាយាមប្រើថ្នាំជំនួយខួរក្បាល និងខំបំប៉នអាហារប៉ូវ ដូចជាពងក្ងានជាដើម។ ប៉ុន្តែពួកគេបានមើលរំលងពីវិធីសាស្រ្ត ដែលធម្មជាតិបានផ្តល់ឲ្យមនុស្សគ្រប់គ្នា ដើម្បីធ្វើឲ្យទារកទាំងអស់កើតមកមានភាពវៃឆ្លាត។ វិធីសាស្រ្តទាំងនោះ គឺទម្លាប់ទាំង ៤ យ៉ាង ដូចខាងក្រោម៖

១) ឧស្សាហ៍អង្អែលទារកក្នុងផ្ទៃ

យោងតាមការសិក្សាថ្មីមួយរបស់វិទ្យាស្ថានវិទ្យាសាស្ត្រ (ហៅកាត់ថា PLOS ONE) បានរកឃើញថា នៅពេលដែលឪពុកម្តាយស្ទាបអង្អែលទារកនៅក្នុងផ្ទៃ នោះកូនរបស់ពួកគាត់នឹងចាប់ផ្តើមមានអារម្មណ៍រីករាយ និងបង្កើនកោសិកាខួរក្បាលបានយ៉ាងល្អ។ ដូចនេះលោកអ្នកគួរតែឧស្សាណ៍ធ្វើការស្ទាបអង្អែលទារកក្នុងផ្ទៃ ជាពិសេសនៅពេលមានទារកកំពុងមានការរើបំរះ។

២) ឧស្សាហ៍និយាយលេងជាមួយទារក

ទន្ទឹមនឹងការស្ទាបអង្អែល ឪពុកម្តាយគួរតែបន្ថែមការនិយាយលេងពីនេះពីនោះមួយទារក ព្រោះការធ្វើបែបនេះបានធ្វើឲ្យពួកគេមានការវិវត្តន៍ឆាប់រហ័ស ដូចការកម្រើកដៃជើង ក្បាល និងបើកមាត់ជាដើម។ ជាត់ស្តែងការសិក្សាបានបង្ហាញឲ្យដឹងថា ស្ត្រីដែលមិនសូវរកពេលស្ងប់ស្ងាត់ស្ទាបអង្អែល និងនិយាយលេងជាមួយទារកក្នុងផ្ទៃ គឺកូនរបស់ពួកគេភាគច្រើនមិនសូវឆ្លាតនោះទេ។

៣) ទារកអាចរៀនភាសាបរទេស

លោកវេជ្ជបណ្ឌិត Rebekka Levis ជំនួយការសាស្រ្តាចារ្យនៃសាកលវិទ្យាល័យវេជ្ជសាស្រ្តនៃទីក្រុងញូយ៉ក បានឲ្យដឹងថា នៅពេលដែលឪពុកម្តាយឧស្សាហ៍អានសៀវភៅជាភាសាបរទេសឲ្យទារកស្តាប់ អាចធ្វើឲ្យខួរក្បាលរបស់ពួកគេរីកចម្រើនខាងផ្នែកស្តាប់ និងនិយាយភាសាបរទេស។ ម្យ៉ាងទៀតទារកអាចចាប់ផ្តើមរៀនកត់សម្គាល់ភាសាដែលម្តាយរបស់គេឧស្សាហ៍និយាយ។ ដូចនេះប្រសិនបើអ្នកចង់ឲ្យកូនឆាប់ចេះនិយាយភាសាអង់គ្លេស អ្នកគួរតែឧស្សាហ៍និយាយភាសាអង់គ្លេសជាមួយពួកគេ។ ម្យ៉ាងទៀត ទារកដែលមានអាយុចាប់ពី ៧​ ខែ ឡើងទៅ គឺជាពេលវេលាដែលល្អបំផុតសម្រាប់ការបង្ហាត់បង្រៀន ព្រោះរាងកាយ និងខួរក្បាលរបស់ពួកគេបានអភិវឌ្ឍគ្រប់គ្រាន់ ដើម្បីទទួលយកចំណេះដឹងពីមនុស្សចាស់។

៤) ត្រូវតែធ្វើជាម្តាយ ដែលមានភាពសកម្ម

លោកសាស្រ្តាចារ្យ Patricia K. Kuhl បានទទូចយ៉ាងមុតមាំ ឲ្យម្តាយដែលមានកូនក្នុងផ្ទៃត្រូវធ្វើខ្លួនឲ្យជាមនុស្សដែលសកម្ម កុំឲ្យខ្ជិលច្រអូស ព្រោះវាអាចប៉ះពាល់ដល់អនាគតរបស់កូន នៅពេលដែលពួកគេធំពេញវ័យ។ ដូចនេះម្តាយគ្រប់រូបកុំមានទម្លាប់អសកម្ម ដោយប្រកាន់ខ្ជាប់ក្នុងចិត្តថា កូនក្នុងផ្ទៃរបស់ពួកគេកំពុងតែស្តាប់ រៀន និងចាប់ផ្តើមចងចាំនូវអ្វីខ្លួនធ្វើប្រចាំថ្ងៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ postnews