អស្ចារ្យណាស់! ស្រ្តីខ្មែរ៤រូប ដែលកាន់កាប់ជំនួញ និងកំពុងលេចធ្លោបំផុត នៅកម្ពុជា

ស្ត្រីមិនមែនជាភេទទន់ខ្សោយ និងមិនត្រូវគេឱ្យតម្លៃដូចសម័យមុនៗនោះទេ ពោលស្រ្តីអាចធ្វើអ្វីដូចបុរសដែរ។ មិនតែប៉ុណ្ណោះ ស្រ្តីក៏អាចប្រើប្រាស់សមត្ថភាពគ្រប់គ្រងជំនួញ បានល្អប្រសើរ និងបានរួមចំណែកជួយលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិថែមទៀតផង។ បច្ចុប្បន្ននេះមានសហគ្រិនស្រ្តី ៤ រូប ដែលត្រូវបានចាត់ទុកថា កំពុងមានភាពលេចធ្លោ។

តើសហគ្រិនស្រ្តីទាំង៤រូបនោះជានរណា?

១) លោកជំទាវឧកញ៉ា លីម ឈីវហូរ

លោកជំទាវ ឧកញ៉ា លីម ឈីវហូរ (រូបថត៖ ផ្ដល់ឲ្យ)

លោកជំទាវឧកញ៉ា លីម ឈីវហូរ ជានាយកក្រុមហ៊ុន Attwood Export Import Co.Ltd និងជាប្រធានក្រុមហ៊ុន LCH INVESTMENT GROUP។ លោកជំទាវត្រូវបានចាត់ទុកគឺជាស្រ្តីអ្នកជំនួញម្នាក់ដ៏លេចធ្លោរបស់កម្ពុជា។ លោកជំទាវបានចាប់ផ្តើមអាជីវកម្មនៅពាក់កណ្តាលឆ្នាំ ១៩៩០ និងបានដំណើរការអាជីវកម្មលក់ផលិតផលទាំងនោះឡើង នៅក្នុងទីក្រុងភ្នំពេញ ហើយរយៈពេលជាច្រើនឆ្នាំក្រោយមកបានកសាងកេរ្តិ៍ឈ្មោះល្អ និងជាអ្នកមានឥទ្ធិពលមួយរូប ក្នុងពិភពអ្នកជំនួញនៅកម្ពុជា។

២) លោកស្រី សេង តក្កនារី

អ្នកស្រី សេង តក្កនារី នាយកគ្រប់គ្រងនៃក្រុមហ៊ុន SentoSaSilk និង ជាស្ថាបនិក និង ជាក្រុមប្រឹក្សាភិបាលនៃសមាគមន៍សហគ្រិនស្ត្រីកម្ពុជា (CWEA) ។ លោកស្រី សេង តក្កនារី បានពុះពារតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីនាំយកមកនូវគំនិតជំនួញថ្មីៗ ដល់ឧស្សាហកម្មកែច្នៃសូត្រខ្មែរ។ បច្ចុប្បន្ន លោកស្រីមាន បុគ្គលិកជាអ្នកតម្បាញសូត្រនៅជនបទចំនួនជាង ២០០នាក់ មកពី៦ខេត្តក្នុងប្រទេសកម្ពុជា ហើយលោកស្រីមានបុគ្គលិកជាជាងកាត់ដេរ ចំនួនជាង១០០នាក់ នៅក្នុងរោងជាងកាត់ដេររបស់លោកស្រី។ លោកស្រីបានសម្រេចជោគជ័យក្នុងការធ្វើទីផ្សារផលិតផលទាំងក្នុងស្រុក និងបរទេស។

៣) លោកស្រី កែវ មុំ

ស្ថិតនៅពីក្រោយការរីកលូតលាស់ នៃសហគ្រាសផលិតនំស្រួយលីលី លោកស្រី កែវ មុំ គឺជាស្រ្តីលេចធ្លោមួយរូប ដែលឆ្លងកាត់ឧបសគ្គស្ទើរាប់មិនអស់ ទើបអាចអភិវឌ្ឍន៍ខ្លួនដូចបច្ចុប្បន្ននេះ។ ចាប់ផ្តើមដំបូងមានបុគ្គលិកប្រហែល ២០ នាក់ បច្ចុប្បន្ន សហគ្រាសផលិតនំស្រួយលីលី ដែលបានដំណើរការជាង ១៥ឆ្នាំមកនេះ មានបុគ្គលិកបម្រើការងារជាង ២០០នាក់។ លោកស្រីតែងប្រកាន់យកទស្សនៈថា គេអាចធ្វើបាន យើងក៏អាចធ្វើបាន។

៤) លោកស្រី អេង លីគង់

លោកស្រី គឺជានាយិកាគ្រប់គ្រងទូទៅនៅមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ និងមានក្រុមហ៊ុនផ្សេងទៀត ដែលរកស៊ីផ្នែកអចលនៈទ្រព្យ។ លោកស្រីជាស្ថាបនិកម្នាក់ក្នុងចំណោម ១៤ នាក់ បង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជា។ សមាគមសហគ្រិនស្រ្តីកម្ពុជាត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១។

កាលពីចុងខែសីហា ឆ្នាំ២០១៧ កន្លងមកនេះ លោកស្រី រួមទាំងសហគ្រិនស្រ្តី៩នាក់ផ្សេងទៀតបាន ទទួលពានរង្វាន់ សហគ្រិន​ស្រ្តីអាស៊ាន ២០១៧ (Outstanding ASEAN Woman Entrepreneur Award 2017) ដែលប្រារព្ធធ្វើនៅប្រទេសហ្វីលីពីន។ ពានរង្វាន់នេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់លោកស្រី បន្ទាប់ពីពានរង្វាន់មួយផ្សេងទៀត ដែលលោកស្រីទទួលបាននៅសហរដ្ឋអាមេរិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!