តោះមកស្គាល់ស្រ្តីឆ្នើម៨រូប មានការងារជាជំទាវ និងមានតំណែងខ្ពស់ៗក្នុងជួររាជរដ្ឋាភិបាល

ប្រិយមិត្តកំពុងអានមួយចំនួន​ ប្រាកដជាមិនទាន់ស្គាល់ច្បាស់ពីស្ត្រីកម្ពុជារូបណាខ្លះ មានការងារជាជំទាវ និងមានតំណែងខ្ពស់ៗក្នុងជួររាជរដ្ឋាភិបាល? តើពួកគាត់បានសម្រេច និងកំពុងធ្វើកិច្ចការអ្វីខ្លះ? តទៅនេះ សូមសង្ខេបក្នុងអត្ថបទខាងក្រោម៖

១) ជំទាវ ម៉ែន សំអន ​​​មាន​ឋានៈ​ជា​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា ​និង​អធិការ​កិច្ច។ លោកជំទាវ ​ជាស្ត្រី​កម្ពុជា​មួយរូប ដែល​តែងតែ​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ អញ្ជើញ​ចូលរួម​ ក្នុងកិច្ចការងារ​សង្គមទាំង​ក្នុង ​និង​ក្រៅប្រទេស​។

​២) ជំទាវ ភឿង សក្កណា ​មាន​ងារ​ជា​រដ្ឋមន្ត្រី​​ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។ លោកជំទាវ ​តំណាង​ឲ្យ​​រាជរដ្ឋាភិបាល​កម្ពុ​ជា​ ​បាន​ដាក់​គោល​នយោបាយ​ជំរុញ ​និង​លើកកម្ពស់​សិល្បៈ​ភាពយន្ត​ខ្មែរ​ឲ្យ​មានការ​អភិវឌ្ឍ ​និង​រីកចម្រើន​។ ស្នាដៃ​ធំ​ៗ​ចុងក្រោយ​​លោក​ជំទាវ​បាន​​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដូចជា​  របាំ​ព្រះរាជ​ទ្រព្យ (អរូបី) ​ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី) ​ចាប៉ី​ដងវែង (អរូបី) និង​ល្បែង​ទាញព្រ័ត្រ (អរូបី) ជាដើម។

៣) ជំទាវ​ អ៊ឹង កន្ថាផាវី មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី។ លោកជំទាវ ​ជាស្ត្រី​អង់អាច​ឆន្ទៈ​មោះមុត​ និង​កិច្ចខិតខំប្រឹង​ប្រែងយ៉ាង​សកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការពារ ​លើកស្ទួយ​នូវតម្លៃ ​តួនាទី​ សិទ្ធិ អំណាច​ និងជីវភាព​របស់​ស្ត្រី​កម្ពុជា​។

​​៤) ​ជំទាវ​ ជា សេរី អគ្គនាយក​ធនាគារ​ជាតិ​ នៃ​កម្ពុជា។ លោក​ជំទាវ មាន​ភារកិច្ច​គ្រប់គ្រង​​រូបិយប័ណ្ណរូបិយវត្ថុ និងលំហូរមូលធន​ក្នុង​វិស័​យ​ធនាគារ​​ ជា​ពិសេស​នោះ គឺធ្វើ​​យ៉ាងណា​ឲ្យ​​វិស័យ​សេដ្ឋកិច្ច​សំ​ខាន់​ៗ​ចំនួន ៤​ដូចជា​ វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ​វិស័យ​កសិកម្ម​ និង​ វិស័យ​អចលនទ្រព្យ​ មាន​សក្ដានុពល​ឆ្ពោះ​ទៅរក​ការ​អភិវឌ្ឍ​ជា​និរន្តន៍​។

៥) ជំទាវ​ តឹករ៉េត កំរង ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម។ ​លោកជំទាវ ​តែងតែ​ដឹកនាំ​គណៈ​ប្រតិភូ​ទាំងរដ្ឋ និង​វិស័យ​ឯកជន​ ជំរុញឲ្យមាន​អ្នក​វិនិយោគិន​​មកបណ្តាក់​ទុន និង​នាំចេញ​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា។

​៦) ជំទាវ ជូ ប៊ុនអេង  រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ លោកជំទាវ ក៏កំពុង​បំពេញតួនាទី​ដ៏​សំខាន់​មួយ​ក្នុងសង្គម ​គឺជាអនុប្រធាន​អចិន្ត្រៃយ៍​គណ:កម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស។​

៧) ​ជំទាវ គឹម សេដ្ឋានី ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​។ លោកជំទាវ តែងតែ​លូកដៃ​ជ្រៅ​ក្នុង​ការ​អប់រំ​អាណាព្យាបាល​ធ្វើ​យ៉ាងណា​ជំរុញ​ ឲ្យ​កុមារ​តូច​ៗ​ទទួល​បានការ​ចិញ្ចឹម​គាំពារ​កុមារ​ ឲ្យបាន​ត្រឹមត្រូវ​។

៨) ជំទាវ ​មិថុនា ភូថង ត្រូវបាន​ដំឡើងឋានៈជា​អភិបាល​ នៃ​គណ​:អភិបាល​ខេត្ត​កោះកុង កាលពី​ឆ្នាំកន្លងទៅ។ លោកជំទាវ ស្ត្រី​ដឹកនាំ​វ័យ​ក្មេង​មួយ​រូប​ក្នុង​ជួររាជ​រដ្ឋាភិបាល។ ​លោកជំទាវ​តែងតែ​ចូលរួម​យ៉ាង​សកម្មក្នុង​កិច្ចការ​សម្អាត​បរិស្ថាន និងជំរុញលើកទឹក​ចិត្តឲ្យ​យុវជន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!