តើស្រ្តីខ្មែរជោគជ័យ៣រូបនេះ រកដើមទុនដើម្បីបង្កើតក្រុមហ៊ុនខ្លួនឯងដោយវិធីណាខ្លះ?

ជីវិតតស៊ូរបស់សហគ្រិនស្ត្រីខ្មែរទាំងបី ដែលមានប្រវត្តិការងារតូចតាច តែអាចបង្កើតក្រុមហ៊ុនដោយជោគជ័យ តាយរយៈតិកនិករកលុយមកធ្វើដើមទុនរកស៊ី តាមរបៀបផ្សេងៗគ្នា។

ចង់ដឹងថា ក្បួនរកលុយពិសេសៗដូចម្ដេច សូមអានសេចក្ដីលម្អិតដូចខាងក្រោម៖

១) លោក​ស្រី​ ​ជា ​សុផល្លា នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ Emerald ​និង​ក្រុមហ៊ុនចំនួន ៨

លោក​ស្រី​ ​ជា ​សុផល្លា​ ​សព្វ​ថ្ងៃ​ជា​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ Emerald ​និង​កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៨​ក្នុង​ដៃ​។ ​លោកស្រី​ ​ជា​សហគ្រិន​ស្ត្រី​មួយ​រូប​ ​ដែល​មាន​ជីវិត​តស៊ូ​ ពុះពារ​ឧបសគ្គ​ជា​ច្រើន​​រាប់​មិន​អស់​។ ​ប៉ុន្តែ​មុន​នឹង​លោក​ស្រី​មាន​ថ្ងៃ​នេះ​ លោក​ស្រី​បាន​ចាប់​ផ្ដើម​ជីវិត​ការងារ​ ​នៅ​អំឡុង​ឆ្នាំ​ ២០០២ ជា​បុគ្គលិក​ជំនួយ​ការ​គណនេយ្យ​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​ និង​នាំ​ចេញ​រថយន្តធំ​ជាង​គេ​មួយ​កម្ពុជា​។

​ការ​ខិត​ខំប្រឹង​ប្រែង​ពី​មួយ​ថ្ងៃ​ទៅ​ មួយថ្ងៃ ​លោក​ស្រី​ត្រូវ​បាន​តម្លើង​តំណែង​ធ្វើជា​ប្រធាន​ផ្នែក​លក់ Director of Corporate Sale នៅ​ក្រុមហ៊ុន​ដដែល​។ ​រហូត​ដល់​ឆ្នាំ​ ២០១៥ ​លោក​ស្រី​ផ្លាស់​ប្ដូរ​ជីវិត​ មក​ធ្វើ​ជា​អ្នក​រកស៊ី​ ដែលដើម​ទុន​ដំបូង​​ជា​ប្រាក់​សន្សំ​ញើស​ឈាម​ផ្ទាល់​ខ្លួន​រយៈពេលជាង ១៣ឆ្នាំ ចំនួន ៣ម៉ឺន ៥ពាន់ដុល្លារ ​មក​បង្កើត​ ​ក្រុមហ៊ុនMOB Corporation ​ជា​ក្រុមហ៊ុន​ដំបូង​របស់​លោកស្រី ​។

២) លោក​ស្រី​ នាវ នារី​បញ្ច​ពិសី​ ​នាយិកាក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) Co. Ltd. សណ្ឋាគារ និងរបរជាច្រើនទៀត

លោក​ស្រី​ នាវ នារី​បញ្ច​ពិសី​ ​ខិត​ខំ​ធ្វើការ​ឲ្យ​គេ​​អស់​រយៈ​ពេល១២ឆ្នាំ​ រហូត​អាច​បើក​ក្រុមហ៊ុន​ខ្លួន​ឯង។ ត្បិតថា ការ​ចាប់ផ្ដើម​ការងារ​ដំបូង ​លោកស្រី​គ្មាន​បទ​ពិសោធន៍​បន្តិចសោះ សូម្បីតែការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ថត​ចម្លង ​ការ​​ផ្ញើ​ទូរសារ (Fax) ​ទាក់​ទង​ក្នុង​កន្លែង​​ការងារ​ជា​ដើម។ ​យ៉ាង​ណា​លោក​ស្រី​ជា​មនុស្ស​ចង់​ចេះ​ដឹង​ លោកស្រី​ តែង​តែអភិវឌ្ឍ​ខ្លួន​ឲ្យ​​​​​​យល់​ពី​ការងារ​ជា​ច្រើន​យ៉ាង​ឆាប់​រហ័ស រហូត​ក្នុង​រយៈ​ពេល​​៦​ខែ​ អ្នក​ស្រី​បាន​ឡើង​តំណែង​​​ពី​បុគ្គលិក​ធម្មតា​​ទៅជា​​​បុគ្គលិក​ជាន់​ខ្ពស់​ (Senior Officer) ហើយ​មួយ​ឆ្នាំ​ក្រោយ​មក អ្នក​ស្រី​បាន​ក្លាយ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ម្នាក់​​ (Supervisor) នៅ​​​​​​ក្រុមហ៊ុន​។

ការចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​ គឺជាការប្រមូលដើមទុនពីមនុស្សជិតស្និទ្ធបំផុត។ លោកស្រី​បាន​​សហការ​ជា​មួយ​ដៃ​គូ ជា​មួយ​អតីត​ថៅកែ​​ដែល​ធ្លាប់​​ជ្រើស​រើស​អ្នក​ស្រី​ឲ្យ​ធ្វើ​ការ​​​ក្នុង​ក្រុមហ៊ុន​ចាស់ ព្រម​ទាំង​មិត្តភ័ក្ដិ​ដែល​ធ្លាប់​រួម​ការងារ​ជា​មួយ​គ្នា​។ បច្ចុប្បន្ន​លោកស្រី បញ្ចពិសី បាន​​បើក​ដំណើរ​ការ​អាជីវកម្ម​​បី​ក្នុង​ពេល​តែ​មួយ ​ក្នុង​នោះមាន​ក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) Co. Ltd. សណ្ឋាគារ និង ក្រុមហ៊ុន​​​ទទួល​រៀប​ចំ​​កម្មវិធី​ផ្សេងៗ​ ហើយ​បន្ត​បើក​នូវ​មុខ​ជំនួញ​ដទៃ​ទៀត ដូច​ជា​ប្រតិបត្តិករ ឥណទាន (ថវិកាហ្វាយនិន) និង​ជំនួញ​បន្ទាប់​បន្សំ​មួយ​ចំនួន​ទៀត ហើយ​ក៏​គ្រោង​បើក​បន្ថែម​នៅ​ពេល​ខាង​មុខ​ផង​ដែរ។

៣) ​លោកស្រី​ ឃី មុនី ​នាយិកា​ក្រុមហ៊ុន​អង្ករ​ Amru Rice

លោកស្រី​ ឃី មុនី ​ដែល​ទើប​ស្នង​តំណែង​ជាសហគ្រិន​ស្ត្រី​ឆ្នើម​ ​ប្រចាំ​ឆ្នាំ ២០១៧ ​លោកស្រី​ គឺ​ជា​នាយិកា​ក្រុមហ៊ុន​ Amru Rice ​ដែល​នាំ​ចេញ​អង្ករ​សរីរាង្គ​នាំមុខ​គេ​មួយ​នៅ​កម្ពុជា​។ ​ដោយ​ឡែក​ ​មុន​នឹង​ឈាន​មក​កាន់​កាប់​អាជីវកម្ម​ធំ​ដូច​សព្វ​ថ្ងៃ​ ​លោក​ស្រី​ជា​មនុស្ស​ស្វះស្វែងរក​បទ​ពិសោធន៍​ការងារ​លំបាកៗ​ជា​ច្រើន​ ​ក្នុង​នោះ​ លោក​ស្រី​ចាប់​ផ្ដើម​ការងារ​ដំបូង​ គឺ​ជា​បុគ្គលិក​ហាត់ការ​ (Internship) ក្នុង​ក្រុមហ៊ុន​មួយ​ ដោយ​ទទួល​ប្រាក់​ខែ​ ៥០ដុល្លារ​ ជា​ប្រាក់​ថ្លៃ​សាំង​ប៉ុណ្ណោះ​។ ​

បន្ទាប់​ពី​បញ្ចប់​ការងារ​ហាត់​ការ​អស់​រយៈពេល​ ​០៦ខែ​ ​លោក​ស្រី​ បាន​ជាប់​ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ ​ទទួល​ប្រាក់​ខែ​ពេញ​សិទ្ធិ​ដំបូង ​១២០ដុល្លារ​។ ​ពេល​នោះ​ លោក​ស្រី​រៀន​បណ្ដើរ ​ធ្វើការ​បណ្ដើរ ​ហើយ​លោក​ស្រី​ឆ្លៀត​រក​ម៉ូយ​ជួយ​លក់​ផ្ទះ​ឲ្យ​គេ​ទៀត​។

មិន​យូរ​ប៉ុន្មាន​ ​លោក​ស្រី​បាន​ប្រាក់​កម្រៃ​ជើង​សាក្រាស់​ក្រែល​ ពី​ការ​លក់​ផ្ទះ​ដំបូង​ ប្រមាណ​ ​៣​ពាន់​ដុល្លារ​ ហើយ​ក៏​ហ៊ាន​ដាក់​ចិត្តប្រថុយ​យក​លុយ​នោះ​ មក​រកស៊ី​របរ​មួយ​ទៀត​ ​ដោយ​នាំចូល​សំបក​កៅស៊ូម៉ូតូ។ អាជីព​ដំបូង​លោក​ស្រី​ទទួល​បាន​ជោគជ័យ​ជា​រឿយ​ៗ។ រហូត​មក​ដល់​ឆ្នាំ ២០១១ ​លោក​ស្រី​បាន​ងាក​ចាប់​របរ​រកស៊ី​ស្រូវ​អង្ករ​មាន​ឈ្មោះ​ថា Amru Rice និង​ ឆ្នាំ ២០១៣ ​ដឹកនាំ​កសិករ​ ​ផលិត​អង្ករ​សរីរាង្គ​របស់​ខ្មែរ​​នាំ​ចេញ​ទៅ​ក្រៅ​ជាង​ ​៤០​ប្រទេស​ និង​ជួយ​កសិករ​ខ្មែរ​ប្រមាណ​ ៥​ពាន់​គ្រួសារ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay