សម្តីមាសរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី

លោក​ឧកញា ម៉ុង ឬទ្ធី ជាសមាជិក​ព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ហ៊ុន​ម៉ុង​ឬទ្ធី​គ្រុបដែលផ្តោតលើវិស័យកសិកម្ម, កសិឧស្សាហកម្ម និងកែច្នៃ រួមបញ្ចូលទាំង ការនាំចេញផលិតផល, សំណង់ (ការសាងសង់ផ្លូវ, ស្ពាន, សាលារៀនមន្ទីរពេទ្យ និងសំណង់សាធារណៈ) និងរោងចក្រផលិតបេតុង។ នេះគឺជាសម្តីមាសដែលអ្នកចាប់ផ្តើមអាជីវកម្មគួររៀនសូត្រតាម៖

១) “បើខ្ញុំមិនធ្លាប់ធ្វើស៊ីឈ្នួលគេ ហើយបើខ្ញុំមិនធ្លាប់គេធ្វើបាប ខ្ញុំក៏អត់មានថ្ងៃនេះដែរ

លោកឧកញ៉ាមានប្រសាសន៍ថា បទពិសោធន៍ដ៏ល្វីងជូរចត់​ ដែលលោកធ្លាប់ស៊ីឈ្នួលគេមានច្រើនកន្លែង តែលោកលើកពីការស៊ីឈ្នួលរកតុគុយទាវនៅហាងមួយកន្លែង។ លោកមានប្រសាសន៍​ថា លោករត់តុគុយទាវ នៅពេលលោកមានអាយុ ១៣ ឆ្នាំ ហើយគេឲ្យដេកជាមួយនឹងទំនិញ ហើយក្រោកម៉ោង ៤ ភ្លឺ ដើម្បីបង្កាត់ភ្លើងគុយទាវ បន្ទាប់មកពេលភ្ញៀវមកដល់ លើកគុយទាវ និងកាហ្វេជូនដល់ភ្ញៀវ។ នៅពេលចប់ពីការលើកគុយទាវ និងកាហ្វេ លោកបានលាងចាន និងរៀបចំកន្លែងឲ្យរួចរាល់ បន្ទាប់មក​ពរ​កូនគេនៅពេលរសៀលពេញ តែមិនទទួលបានប្រាក់លើកទឹកចិត្តបន្ថែមទេ សូម្បីតែលុយ ៥ កាក់ ដើម្បីទិញការ៉េមក៏គ្មានដែរ។ ក្រោយពីពរកូនគេរួច លោកត្រឡប់មកបោកខោអាវ រួចលោកបានចូលសម្រាក។ ដូចនេះ ការស៊ីឈ្នួលមួយនេះ បានបង្រៀនគាត់ឲ្យចេះតស៊ូមកដល់សព្វថ្ងៃនេះ ហើយលោកដឹងពីសុខទុក្ខមនុស្សតាមរយៈបទពិសោធន៍មួយនេះ។

២) “ជ្រើសរើសដៃគូជីវិត ស្របតាមការងារដែលយើងកំពុងធ្វើ

លោកឧកញ៉ាមានប្រសាសន៍ថា បើប្រពន្ធដែលយកជាគូជីវិត គិតតែប្រចន្ទ័ និងរករឿងគ្រប់ពេលដូចជា គ្រាន់តែបាយជាមួយភ្ញៀវ ខលរក សួរនាំ និងប្រចន្ទ័, គ្រាន់តែទៅប្រជុំ រករឿងថា មានស្រី និងខឹងដោយសារសៅរ៍ អាទិត្យ មិននាំគាត់ដើរលេងជាដើម គួរកុំយកជាគូជីវិត។ តែសម្រាប់រូបគាត់ ពេលគាត់ទៅធ្វើអ្វី ប្រពន្ធរបស់គាត់តែងតាមគាត់ បើទោះបីជារូបគាត់ទៅចូលព្រៃ ឬជួបអ្នកក្រក្តី។ លោកឧកញ៉ាមានប្រសាសន៍បន្ថែមទៀតថា លោកមិនលេងល្បែង, អត់ផឹកស៊ី និងអត់ចូលខារ៉ាអូខេ ហើយប្រសិនបើអ្នកមានសិទ្ធិរកប្រពន្ធ ដូចនេះ គួរតែរកប្រពន្ធតាមជំនួញរបស់ខ្លួន (ចូលចិត្ត និងស្រលាញ់ការងារដូចគ្នា)។ 

៣) “រក្សាខ្លួន កុំឲ្យភ្លេចធាតុដើម

លោកឧកញ៉ាមានប្រសានស៍ថា គ្មាននរណាប្រដៅលោកបាន ក្រៅពីស្បែកជើងកង់ឡានទេ មានន័យថា ប្រសិនលោកមានកំហុសឆ្គងអ្វីមួយ លោកក្រឡេកទៅមើលស្បែកជើងកង់ឡានវិញ លោកគិតថា លោកមិនចាំបាច់ធ្វើខុសទៀតទេ។ ដោយបន្ថែមថា លោកឃើញថា ចំពោះអ្នកមានលុយភាគច្រើននៅកម្ពុជា តែងតែភ្លើតភ្លើន ភ្លេចខ្លួនដោយផឹកស៊ី ស្រីញី ភ្លេចធាតុដើម  នឹងរលាយទៅវិញច្រើននាក់ណាស់។ លោកឧកញ៉ា បានប្រៀបធៀបថា ប្រសិនបើយើងឡើងចុងត្នោត ពិបាកណាស់ទម្រាំទៅដល់ចុងត្នោត តែប្រយត្ន័របូតដៃមកវិញ បើមិនរបួសទេ គឺមានតែស្លាប់។

៤) “ខ្លាចខាត ទើបខំធ្វើ ព្រោះតែខ្លាចក្រ ទើបខំធ្វើ

លោកឧកញ៉ាមានប្រសាសន៍ថា អ្នកអត់ហ៊ានធ្វើ និងអ្នកហ៊ានធ្វើដូចតែគ្នា ពេលស្លាប់ទៅមិនបានយកអ្វីទៅជាមួយទេ នៅពេលដែលយើងខំធ្វើ សង្ឃឹមថា ៩០ % គឺជោគជ័យ។ លោកឧកញ៉ា បានប្រៀបធៀបថា “ចុះអ្នកចូលកាស៊ីណូ ដឹងច្បាស់ហើយថា គេប្រើសុទ្ធតែអេឡិចត្រូនិក ហើយម៉េចនៅតែហ៊ានទៀត គេចូលលេងល្បែងគេហ៊ានលេង ចុះខ្ញុំមានលេងល្បែងឯណា គ្រាន់តែដាំស្វាយ និងចិញ្ចឹមជ្រូកហ្នឹង“។

៥) “បើជំនួញណាដែលយើងចំណេញ តែគេឈឺចាប់ បើអាចចៀសវាងរួច មិនគួររកស៊ីទេ

លោកមានប្រសាសន៍ វាអត់មានអ្នកក្រ អ្នកមានណា ពេលស្លាប់យកបានទៅផងទេ កុំធ្វើឲ្យគេឈឺចាប់ដោយសារការងាររបស់ខ្លួន ចូរធ្វើការងារផ្សេងទៀតដែលមិនធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ។ លោកឧកញ៉ាមានប្រសាសន៍បន្ថែមថា “ចំពោះខ្ញុំ បើសិនណាអ្នកមានទាំងឡាយ អាចចែករំលែកបាន ឲ្យអ្នកក្ររស់បានសុខផង តែបើសិនមិនចែករំលែក កុំធ្វើបាបអ្នកក្រអី គាត់រស់នៅតែគាត់ទៅ យើងមានតែយើងទៅ“។

៦) “មានទស្សនវិស័យវែងឆ្ងាយ ដោយគិតមុនគេ ធ្វើមុនគេ និងប្រើប្រាស់ឲ្យអស់ធនធាន

លោកឧកញ៉ាមានប្រសាសន៍ថា លោកគិតរឿងកសិកម្មមុនគេ ទាំងអ្នកដទៃមិនទាន់បានគិត តែលោកហ៊ានធ្វើ ហើយអ្នកដទៃតែងតែឃាត់រូបលោកមិនឲ្យធ្វើ។ ដោយអ្នកដទៃមានទស្សនថា នៅស្រុកខែ្មរ មិនអាចដាំដូងប្រេងបានទេ បើដាំបានផ្លែ ក៏អត់មានប្រេងដែរ ដោយពួកគេទុកដីទំនេរចោល ឬលក់បន្តដើម្បីចំណេញ តែអ្នកខ្លះមិនទាន់លក់ដីផងស្លាប់បាត់ទៅហើយ។ លោកមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើចង់កាត់បន្ថយភាពក្រីក្រ ហើយប្រជាជនមានការងារធ្វើ ត្រូវចេះកែច្នៃដី ១,០០០ ដុល្លារ/ហិកតា ក្នុងមួយឆ្នាំជានិរន្ធ ដោយមិនឲ្យប្រជាជនចំណាកស្រុកទៅក្រៅប្រទេស ឬចំណាកស្រុកទៅធ្វើការនៅកន្លែងផ្សេង។ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ចង់បានចំណូលច្រើន កុំប្រើពាក្យថា លក់ដី គឺអភិវឌ្ឍន៍ដី មានន័យថា ត្រូវកែច្នៃដីដើម្បីរកចំណូលបានរហូតតកូនតចៅ។

៧) “ហ៊ានសាកល្បង កុំចេះតែស្មាន

លោកមានប្រសាសន៍ថា លោកបានទៅទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េ, ជប៉ុន និងចិន ឃើញមានការធ្វើស្រែនៅក្បែរសមុទ្រ ហើយពេលត្រឡប់មកវិញ លោកបានធ្វើការសាកល្បងធ្វើស្រែនៅក្បែរសមុទ្រដែរ ឃើញថា លទ្ធផលអាចទទួលយកបាន។ មានអ្នកដទៃរិះគន់ថា ការងាររបស់លោកឧកញ៉ាធ្វើច្រើន មិនដឹងធ្វើអ្វីខ្លះ? តែទស្សនរបស់លោកឧកញ៉ាគិតថា ទី ១) ចង់ឲ្យប្រជាជនបានស្គាល់ដូងប្រេងនៅស្រុកខ្មែរ ដោយមិនចាំបាច់ទៅមើលនៅស្រុកគេ, ទី ២) បើលោកមិនដាំកៅស៊ូនៅតំបន់ឆ្នេរសមុទ្រទេ អ្នកដទៃនៅតែគិតថា ដាំនៅតំបន់ឆ្នេរអត់មានជ័រ តែលោកបានសាកល្បង ឃើញថា កៅស៊ូមានជ័រ, ទី ៣) ធ្វើស្រែក្បែរសមុទ្រចេះតែស្មានថាអត់បានផល តែលោកឧកញ៉ាបានធ្វើរួចហើយ ឃើញថា ទទួលបានលទ្ធផល ហើយនៅពេលទឹកប្រៃចូលស្រែ សន្ទូងកាន់តែខៀវល្អ និងទឹកប្រៃអាចកំចាត់សត្វមមៀចបាន។ អ្វីដែលលោកកំពុងធ្វើនេះ សុទ្ធតែកើតចេញពីការស្មានរបស់អ្នកដទៃ ហើយលោកបានសង្កត់ធ្ងន់ថា “ការស្មាន គឺជាការគិតខុស

៨) “ត្រូវដឹងមុនដោយចេះត្រៀមខ្លួន និងរៀបចំផែនការឲ្យរួចរាល់

លោកឧកញ៉ាមានប្រសាសន៍ថា លោកបានដឹងរឿងពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានតាំងពីយូរណាស់​មកហើយ ដូចនេះលោកបានត្រៀមខ្លួនរួចរាល់ហើយ ដោយលោកបានបង្កើតសមិទ្ធផលជាច្រើន។ អ្វីក៏ត្រូវប្រើពេលវេលាដែរ តែសម្រាប់អ្នកខ្លះគិតថា គួរតែត្រៀម តែពេលវេលាមកដល់បាត់ ដូចនេះពួកគេយឺតពេលហើយ។

៩) “ចូលរួមចំណែកក្នុងការងារជួយសង្គម

មិនត្រឹមតែបង្កើតការងារឲ្យខ្លួនឯងទេ លោកឧកញ៉ា បានជួយប្រជាជនរាប់ម៉ឺននាក់ឲ្យមានការងារធ្វើ និងបានជួយសង្គមជាច្រើនដូចជា បានជួយបង់អង្គុយនៅពេទ្យគុន្ធបុប្ផាសម្រាប់អ្នកជំងឺ។ លោកឧកញ៉ាគិតថា មនុស្សកើតមកប៉ុណ្ណា ទៅវិញប៉ុណ្ណឹង ហើយអ្វីដែលអាចនៅសល់នោះ គឺកេរិ៍្តឈ្មោះ, កិតិ្តយស និងមរតកដ៏ល្អប្រសើរដែលបន្សល់ទុកឲ្យកូនចៅ និងសង្គមជាតិទាំងមូល។

១០) “ខ្ញុំមិននាំការងារចូលផ្ទះទេការងារគឺការងារគ្រួសារគឺគ្រួសារ

លោកបានឲ្យតម្លៃនៃគ្រួសារ ដែលលោកត្រូវចំណាយពេលខ្លះសម្រាប់ពួកគាត់ ដូចនេះទៅរាល់ឯកសារទាំង អស់លោកនឹងខិតខំប្រឹងបង្ហើយឲ្យអស់មុនចេញទៅផ្ទះ។ ទោះលោកមិនយកការងារទៅធ្វើនៅផ្ទះក្តី សហគ្រិនរូបនេះ តែងមានទម្លាប់ងើបពីព្រឹកព្រលឹម ប្រហែលម៉ោង៤ព្រឹក ហើយមុនម៉ោង៦ព្រឹក គាត់តែងចេញទៅធ្វើការងារហើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ youtube