ក្រោយពី ម៉ាដូណា ចោទថា ចម្លងបទខ្លួន ពេលនេះ ខេមរៈ សិរីមន្ត ឆ្លើយតបវិញយ៉ាងឡូយ

ភាព​កើត​ទុក្ខមិន​សុខ​ចិត្ត​ដែល​​តារា​កំប្លែង​ ម៉ាដូណា ប្រតិកម្ម​ចោទ​ដាច់​ម៉ាត់​ថា​ លោក​ ខេមរៈ សិរីមន្ត ចម្លង​ចម្រៀង​របស់​ខ្លួន ត្រូវ​បាន​តារា​ចម្រៀង​រូប​នេះ ចាត់​ទុក​ថា​វា​ជា​រឿង​មិន​បាន​ការ។

កាល​ពី​ពេល​ថ្មីៗ​នេះ តារា​​សម្ដែង​ និង​កំប្លែង​ ម៉ាដូណា បាន​កើត​ក្ដី​​មិន​សប្បាយ​ចិត្ត​​ក្រៃ​លែង​ ក្រោយ​ឃើញ​ ខេមរៈ សិរីមន្ត ​ចេញ​បទ”​រាំ​ក្បាច់​ក្ងោក​” ដូច​ខ្លួន​​​​​​ ចំ​ថ្ងៃ​តែ​មួយ​ជាមួយ​គ្នា​ ពោល​​គឺ​​នៅ​ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ ២០១៨​។

ម៉ាដូណា បាន​​រៀប​រាប់​ថា​​ ចំពោះ​បទ​”​មក​រាំ​ក្បាច់​ក្ងោក​”​ របស់​​លោក​ មិន​បាន​​លួច​ចម្លងពី​​​អ្នក​ណា​​ទាំង​អស់​​ អ្វី​ដែល​សំខាន់​​​បទ​ចម្រៀង​មួយ​បទ​នេះ​ គឺ​​ជា​ស្នាដៃ​​និពន្ធ​ទំនុក​ច្រៀង​ខ្លួន​ឯង​សុទ្ធសាធ​ ដែល​លោក​ត្រៀម​ទុក​តាំង​ពី​៦​ខែ​ មុន​​​ចេញ​ថត​ MV​ មក​​ម្ល៉េះ ក្នុង​គោល​បំណង​ទុក​រាំ​កម្សាន្ត​​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​។ ក្នុង​នោះ​លោក​​បាន​បង្ហាញ​អារម្មណ៍​ថា​​ឆ្អែត​ចិត្ត​យ៉ាង​ខ្លាំង​ ក្រោយ​ឃើញ​​តារា​ក្នុង​ផលិតកម្ម ហង្សមាស លោក ខេមរៈ សិរីមន្ត ចេញ​បទ​ “រាំ​ក្បាច់​ក្ងោក​” ស្រដៀង​​ស្ទីល​របស់​ខ្លួន​​។

ឆ្លើយ​តប​នឹង​ការ​ថ្នាំងថ្នាក់​ចិត្ត​ខាង​លើ អ្នក​ជ្រោង​តំណែង​ជា​ Superstar អស់​កាល​ជាង​១០​ឆ្នាំ​ យល់​ថា នេះ​ជា​រឿង​គ្មាន​បាន​​ការ ដែល​មក​អង្គុយ​វែក​ញែក​​ថា​​អ្នក​ណា​​ចេញ​មុន​ ឬ​​​ក្រោយ។ បុរស​សង្ហា​​​ដដែល​ បញ្ជាក់​ថា លោក​មិន​ខ្វល់​ឡើយ​ចំពោះ​រឿង​នេះ ត្បិត​ “​រាំ​ក្បាច់​ក្ងោក” ជា​ចម្រៀង​និពន្ធ​​ថ្មី​ ក្រោម​ស្នាដៃ​កូន​ខ្មែរ​ពិតៗ​ទាំង​សាច់​ភ្លេង និង​ទំនុក​ច្រៀង។ ឯ​ការ​ដែល​ចេញ​មុន​ចេញ​ ឬ​ក្រោយ លោក​គ្មាន​យោបល់​ទេ​ ព្រោះ​វា​ជា​ការងារ​របស់​អ្នក​ចាត់​ចែង​ក្នុង​ក្រុម​ហ៊ុន៕​

តោះមកទស្សនាវីដេអូទាំងពីរដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay