រន្ធត់ចិត្ត! ចម្លាក់​លិង្គ​បុរាណ​ចំនួន​៣ នៅទឹកធ្លាក់ភ្នំគូលេន ត្រូវ​បាន​ជន​មិន​ស្គាល់មុខលួចបាត់ហើយ

ចម្លាក់​លិង្គ​បុរាណ​ចំនួន​៣ ត្រូវ​បាន​ជន​មិន​ស្គាល់មុខ ដាប់​លួច​យក​ទៅ​បាត់ និង​លិង្គ​ចំនួន៣​ទៀត ត្រូវ​បាន​លួច​ដាប់​ជិត​ដាច់​ចេញពី​ទម្រ​។ ចម្លាក់​លិង្គ​ទាំងនេះ ស្ថិត​នៅ​ចំណុច​បាត​ស្ទឹង​លិង្គ​មួយ​ពាន់ លើ​ខ្នងភ្នំ​គូលែន ស្ថិតនៅ​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។​

លិង្គបុរាណ៣ ត្រូវជនមិនស្គាល់មុខ លួចបាត់

​បើតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ផ្ញើជូន​ស្នងការ​នគរបាល​ខេត្តសៀមរាប កាល​ពី​ពេល​ថ្មីៗ​នេះ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨ បុគ្គលិក​បច្ចេកទេសរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​នៅលើ​ខ្នងភ្នំ​គូលែន បាន​ប្រទះឃើញ​ស្លាកស្នាម​ដែល​ជនល្មើស បាន​លួច​ដាប់​ចម្លាក់​លិង្គ​ព្រះ​ឥសូរ ធ្វើ​អំពី​ថ្មភក់​ចំនួន​៦ ស្ថិតនៅ​បាត​ស្ទឹង​លិង្គ ១០០០ លើ​ភ្នំ​គូលែន​។

សមត្ថកិច្ច ចុះទៅដល់ទីតាងដែលលិង្គបុរាណ​​ ត្រូវគេលួច

​ក្រោយពី​ចុះទៅ​ត្រួត​ពិនិត្យ កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ពេល​ត្រួតពិនិត្យ​ឃើញ​ថា មានការ​វាយបំផ្លាញ​រូបចម្លាក់​លិង្គ អស់​ចំនួន​៦​លិង្គ ដោយ​ខូចខាត​លិង្គ​ទាំងស្រុង ចំនួន​៣​លិង្គ និង​ខូចខាត​មធ្យម ចំនួន​៣​លិង្គ​។ ជុំវិញ​កន្លែងកើតហេតុ ពុំមាន​អ្វី​បន្សល់ទុក គួរឱ្យកត់សម្គាល់​ទេ​​។ ករណី​នេះដែរ សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​បន្តទៀត​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay