ដំណឹងភ្ញាក់ផ្អើល! អេស៊ីលីដា ឈប់រើសបុគ្គលិកនៅត្រឹមឆ្នាំ២០១៩ ដោយជំនួសវិញនូវបច្ចេកវិទ្យាទំនើប

អេស៊ីលីដា (ACLEDA) គឺជាធនាគារដ៏ចំណាស់ និងកំពុងឈរនៅលើកំពូលតារាងក្នុងចំណោមធនាគារទាំងអស់នៅកម្ពុជា។ ធនាគារនេះគ្រោងនឹងបិទបញ្ចប់ការជ្រើសរើសបុគ្គលិក នៅឆ្នាំ ២០១៩ ខណៈអត្រាតម្រូវការបុគ្គលិកបានថយចុះជារៀងរាល់ឆ្នាំ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា បានមានប្រសាសន៍ឲ្យដឹងថា៖ ការជ្រើសរើសបុគ្គលិករបស់ធនាគារអេស៊ីលីដា  បានថយចុះពី៥ភាគរយ មកនៅត្រឹម៣ភាគរយ នៅឆ្នាំនេះ ហើយអាចនឹងបន្តថយចុះមកនៅត្រឹម ២ភាគរយ នៅឆ្នាំក្រោយ ឈានទៅរកការបិទបញ្ចប់ការជ្រើសរើសបុគ្គលិកបន្ថែមនៅឆ្នាំ ២០១៩ ដោយជំនួសមកវិញនូវការបម្រើសេវាកម្មផ្សេងៗតាមបែបបច្ចេកវិទ្យាទំនើប។

លោកបានរំលឹកផងដែរថា៖ ការចាប់ផ្តើមធនាគារអេស៊ីលីដាដំបូង ស្ថាប័ននេះប្រឈមមុខនឹងបញ្ហាកង្វះបុគ្គលិកដែលមានជំនាញវិជ្ជាជីវជាខ្លាំង ជាហេតុធ្វើឲ្យស្ថាប័នត្រូវបណ្តុះធនធានមនុស្សអស់រយៈពេលប្រមាណ២ឆ្នាំ និងបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតអាចផ្លាស់ប្តូរពីធនាគារឈរនៅបាតតារាង ឡើងមកកំពូលតារាងដោយចំណាយពេលប្រមាណ ១០ឆ្នាំ។

លោកបន្តទៀតថា៖ បច្ចុប្បន្ន ធនាគារអេស៊ីលីដា បានកំពុងព្យាយាមផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយដៃគូ និងផ្តល់ភាពងាយស្រួលដល់ដៃគូ ឫ អតិថិជន តាមរយៈការផ្តល់សេវាកម្មដោយប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប តាមមធ្យោបាយផ្សេងៗ ដែលជាហេតុធ្វើឲ្យតម្រូវការបុគ្គលិកកាន់តែថយចុះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia