ចប់ហើយ! យាន្តអវកាស​ចិន Tiangong-1 នឹង​ធ្លាក់​ចូល​ក្នុង​បរិយាកាស​ផែនដី​នៅថ្ងៃស្អែកហើយ

ស្ថានីយ​អវកាស​ចិន Tiangong-1 នឹង​ធ្លាក់​ចូល​ក្នុង​បរិយាកាស​ផែនដី​នៅថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨ ក្នុង​ល្បឿន ២៦០០០​គីឡូម៉ែត្រ​ក្នុង១​ម៉ោង មុនវា​ផ្ទុះឆេះ​ក្លាយទៅ​ជា​បំណែក​តូចៗ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ភ្នាក់ងារ​អវកាស​ចិន នៅថ្ងៃ​អាទិត្យនេះ។

ភ្នាក់ងារ​អវកាស​ចិន អះអាង​ថា ស្ថានីយ​អវកាស​ទម្ងន់​ជាង ៨តោន​នេះ គឺនឹង​មិន​បង្ក​ការ​ខូចខាត​ណាមួយ​ឡើយ នៅពេល​វាធ្លាក់​មកលើ​ផែនដី ហើយ​បំណែក​ដែល​ផ្ទុះ​ឆេះ​នោះ នឹង​បង្ហាញ​រូបភាព​ដូចជា​ទេពស្យុត​ធ្លាក់​ដូច្នោះ​ដែរ។

ការិយាល័យ​វិស្វកម្ម​នៃ​ភ្នាក់ងារ​អវកាស​ចិន បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម WeChat ថា ការ​ធ្លាក់​ស្ថានីយ​អវកាស​នេះ មិនមាន​អ្វី​ដែល​ធ្វើឲ្យ​មនុស្ស​ត្រូវ​បារម្ភ​នោះទេ។

បើតាម​ភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ឲ្យដឹង​ថា បំណែក​នៃ​ស្ថានីយ​អវកាស​នេះ អាចនឹង​ធ្លាក់​នៅ​តំបន់​ណាមួយ​ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ណូវែល​ហ្សេឡង់ និង​តំបន់ Midwestern នៃ​សហរដ្ឋ​អាមេរិក។

សូម​ជម្រាប​ថា Tiangong-1គឺ​ជា​មន្ទីរ​ពិសោធន៍​អវកាស​ដំបូង​របស់​ចិន ត្រូវ​បាន​បាញ់​បង្ហោះ​ចូល​ក្នុង​គន្លង​ផែនដី នៅ​ឆ្នាំ​២០១១។ វា​គឺ​ជា​ផ្នែក​នៃ​កម្មវិធី​អវកាស​១​របស់​ចិន ដើម្បី​ឈាន​ទៅដល់​ការ​ដាក់​ស្ថានីយ​អវកាស​ជា​អចិន្ត្រៃយ៍​១​នៅ​គន្លង​ផែនដី ក្នុង​ឆ្នាំ​២០២៣។ ដំបូង​ឡើយ ស្ថានីយ​អវកាស​នេះ គ្រោង​នឹង​បញ្ឈប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​ចិន​បាន​ពន្យារពេល​នៃ​បេសកកម្ម​របស់​វា​រហូត​ដល់​ចុង​ឆ្នាំ​២០១៧៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay