លោក Jack Ma៖ ១០ឆ្នាំទៀត ពិភពលោក លែងប្រើសៀវភៅឆ្លងដែនហើយ គឺប្រើទូរសព្ទដៃជំនួសវិញ

ថ្លែងនៅក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក កាលពីពេលថ្មីៗ នេះ លោកមហាសេដ្ឋី មានបំផុតលេខ ២ របស់ចិន បានប្រមើលពីអនាគតសកលភា វូបនីយកម្មថា អ្វីៗនឹងស្ថិតក្នុងទូរស័ព្ទដៃអ្នក សូម្បីតែកូនសៀវភៅលិខិតឆ្លងដែនផងដែរ។

លោកមហាសេដ្ឋីរូបនេះបានប្រមើលឃើញថា យ៉ាងយូរ ១០ឆ្នាំទៀត ពិភលោកនឹងចាប់ផ្តើម ប្រើលិខិតឆ្លងដែនអេទ្បិចត្រូនិច តាមរយៈទូរស័ព្ទដៃ ដូចនេះមិនបាច់ត្រូវការលិខិតឆ្លងដែនទៀតទេ ពេលអ្នកធ្វើដំណើរទៅបរទេស។ លោក Jack Ma បានពន្យល់ថា ប្រព័ន្ធចាយលុយ ប្រព័ន្ធដឹកជញ្ជូន ប្រព័ន្ធធ្វើដំណើរ នឹងមានលក្ខណៈជាសកលតែមួយ។

៣០ឆ្នាំទៅមុខទៀត បើពិភពលោកនៅប្រើទូរស័ព្ទដៃ នោះការជួញដូរនឹងត្រូវធ្វើទ្បើងលក្ខណៈឆ្លងប្រទេស លក្ខណៈជាសកលកាន់តែខ្លាំង។ ជាមួយទូរស័ព្ទដៃរបស់អ្នក អ្នកនឹងអាចទិញទំនិញស្ទើរតែគ្រប់មុខពីប្រទេស ដែលអ្នកចង់ទិញ ហើយអ្នកលក់ពីប្រទេសអ្នក នឹងអាចលក់ទំនិញទៅកាន់គ្រប់ប្រទេសដែលអ្នកចង់លក់។

លោកមហាសេដ្ឋី Jack Ma បានពន្យល់ទៀតថា នេះជាឱកាសធំណាស់ សម្រាប់សហគ្រិនជំនាន់ក្រោយ ត្រូវខំចាប់ឲ្យបាន។ សូមកុំចំណាយពេល តែរអ៊ូរ ពេលជួបបញ្ហា បញ្ហាទាំងអស់ សុទ្ធតែជាឱកាស បើអ្នកមិនរអ៊ូរ ហើយខំរកវិធីដោះស្រាយ។ គាត់ប្រាប់ទៀតថា បើអ្នកចាប់ឱកាសពីពេលនេះតទៅ នោះអ្នកនិងក្រុមហ៊ុនអ្នកអាចនឹងក្លាយជា ក្រុមហ៊ុន អាលីបាបាមួយទៀតផងដែរនាអនាគត។

ចុងក្រោយលោក Jack Ma បានពន្យល់ថា គាត់កើតមកក្រ រៀនមិនពូកែ គ្មានប្រាក់ គ្មានចំនេះ ខាងបច្ចេកវិទ្យាទេ តែគាត់អាចទាញដៃគូនិងបុគ្គលិករបស់គាត់ ឲ្យរៀនប្រកួតសម្រាប់ ១០ឆ្នាំ ទៅមុខទៀត។ គាត់ថា ការចេះមើលឱកាស នៅរយៈពេលឆ្ងាយនេះហើយ ដែលបានធ្វើឲ្យមនុស្សដែល ក្រដូចគាត់ អាចមានវាសនាដូចសព្វថ្ងៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia