ពីអ្នកទោសដោយជាប់គុក១៤ឆ្នាំ ក្លាយជានាយកគ្រប់គ្រងបច្ចេកវិទ្យាឱ្យមេ Facebook

មនុស្សជាច្រើនតែងតែយល់ឃើញថា អ្នកដែលធ្លាប់ជាប់គុក គឺគ្មានវាសនាអាចធ្វើការងារធំដុំណាមួយ ឫអាចទទួលបានជោគជ័យក្នុងជីវិតឡើយ ពិសេសពួកគេនឹងបាត់នូវតម្លៃជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរ ត្រូវបានសង្គមមើលងាយ និងបាត់ការទុកចិត្តពីមនុស្សជុំវិញខ្លួន។

ចំណែកឯអ្នកកំពុងជាប់គុក និងធ្លាប់ជាប់គុក ពួកគាត់មានអារម្មណ៍ថាជីវិតរបស់ពួកគាត់នឹងរសាត់អណ្តែតដោយគ្មានការគោរពឲ្យតម្លៃពីសង្គមទៀតឡើយ សូម្បីតែការដាក់ពាក្យធ្វើការងារឯកជន ឫការងាររដ្ឋ ធ្វើដំណើរចេញទៅក្រៅប្រទេស ដើម្បីរស់នៅ សិក្សា ឫធ្វើការងារ សុទ្ធតែជារឿងពិបាកនឹងនឹកគិតខ្លាំងណាស់។

(រូបតំណាង)

ថ្ងៃនេះ Business Cambodia សូមលើកពីបុគ្គលជោគជ័យម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារជាង១៤ឆ្នាំ និងបានតស៊ូក្នុងជីវិតដ៏លំបាក ទម្រាំរកឃើញភាពជោគជ័យក្នុងជីវិត ស្តារមុខមាត់ និងកសាងតម្លៃឲ្យខ្លួនឯងសាជាថ្មីម្តងទៀត។

លោក Mark Zuckerberg ជាមួយនឹងភរិយារបស់លោក

លោក Aly Tamboura​ នាយកគ្រប់គ្រងផ្នែកបច្ចេកវិទ្យា និងជាអ្នកសរសេរកូដឲ្យក្រុមហ៊ុន Chan Zuckerberg Initiative ដែលជាក្រុមហ៊ុនបង្កើតថ្មីមួយរបស់ Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook កាលពីឆ្នាំ២០១៥។

លោក Aly Tamboura ជាមួយនឹងលោក Mark Zuckerberg ក្នុងក្រុមហ៊ុន Chan Zuckerberg Initiative

នៅអំឡុងពេលជាអ្នកទោសជាប់ពន្ធនាគារ San Quentin ក្នុងរដ្ឋ California លោក Tamboura បានជួបនឹង Mark Zuckerberg ដែលបានអញ្ជើញធ្វើទស្សនៈកិច្ចនៅពន្ធនាគារ ក្នុងគោលបំណងរៀបចំកម្មវិធីបណ្តុះបណ្តាលដើម្បីផ្តល់ឱកាសដល់អ្នកជាប់ទោស ឲ្យរកឃើញពន្លឺនៃជីវិតសាជាថ្មីនៅពេលដែលពួកគេចេញពីពន្ធនាគារ។

លោក Tamboura បានមានប្រសាសន៍៖ ពាក្យសម្តីលើកទឹកចិត្ត និងកម្មវិធីបណ្តុះបណ្តាលរបស់ Mark ធ្វើឲ្យគាត់ភ្លឺភ្នែក និងមានសង្ឃឹមសាជាថ្មី។ លោកបានតាំងចិត្តថា នឹងផ្លាស់ប្តូរខ្លួនឯងឲ្យទៅជានរណាម្នាក់នៅពេលដែលលោកចេញពីពន្ធនាគារ ពិសេសលោកមានក្តីស្រមៃចង់ធ្វើការងារជាមួយ Mark ខណៈដែល Mark ក៏បានបង្ហើបប្រាប់ថា “គាត់ស្វាគមន៍ការដាក់ពាក្យសុំការងារមកកាន់ក្រុមហ៊ុន Facebook គ្រប់ពេល”

លោក Aly Tamboura ជាមួយនឹងលោក Mark Zuckerberg

ដោយមើលឃើញឱកាស ជាមួយនឹងក្តីស្រមៃដែល Mark បានផ្តល់ឲ្យ Tamboura បានព្យាយាមសិក្សារៀនសូត្ររបៀបសរសេរកូដទាំងយប់ថ្ងៃអស់ពេលប្រមាណ៣ឆ្នាំ រហូតធ្វើឲ្យខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមធ្វើការងារជាមួយ Mark។

ក្រោយពេលត្រូវបានគេដោះលែង Tamboura ក៏ទទួលបានការងារធ្វើនៅក្នុងក្រុមហ៊ុន Facebook និងបានក្លាយជាបុគ្គលដ៏សំខាន់ ជាដៃគូអាជីវកម្មដែល Mark ទុកចិត្តបំផុត ហើយការខិតខំប្រឹងប្រែងរបស់គាត់ បានរុញច្រានគាត់ក្លាយជានាយកគ្រប់គ្រងផ្នែកបច្ចេកវិទ្យា និងជាអ្នកសរសេរកូដដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន Chan Zuckerberg Initiative៕

“ឱកាសតែងតែមានសម្រាប់អ្នកដែលស្វះស្វែងរក និងហ៊ានលះបង់ដើម្បីឱកាសនោះ”

លោក Aly Tamboura

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!