លោក ឃីម សុខហេង៖ បើយុវជនចង់ជោគជ័យនៅពេលអនាគត ចូរកុំធ្វើរឿង៣យ៉ាងនេះដាច់ខាត

ទម្លាប់ គឺជាកត្តាធំបំផុតអាចកំណត់ថាវាសនាអ្នកយ៉ាងណាគឺផ្តើមចេញពីទម្លាប់នេះតែម្តង។ យុវជនរយពាន់នាក់តែងចូលរួមស្តាប់ការចែករំលែក។​ ជាពិសេស ចង់បានជោគជ័យ តែមិនព្រមកែទម្លាប់ឱ្យដូចអ្នកជោគជ័យ។

ទាក់ទិនផ្នែកឥរិយាបថនេះ លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានលើកឡើងថា៖«បើយុវជនចង់បានទម្លាប់ជោគជ័យគួរតែ«កុំ៣យ៉ាងគឺកុំខ្ជិល កុំខ្ជះខ្ជាយ កុំខ្ជីខ្ជា»។

១) កុំខ្ជិល

មនុស្សខ្ជិលគឺជាមនុស្សសម្បូរលេសច្រើនជាងគេ មានលេសមិនចេះចប់ ពូកែច្នៃប្រឌិតលេសមក​ដោះ​សារ។ បើជាសិស្សវិញ ពេលមកយឺត តែយកលេសថា «ម៉ូតូបែកកង់ ផ្លូវស្ទះ ជាប់ការងារផ្ទះ អស់ស្រួលខ្លួន…។ល។ ហើយពាក្យមនុស្សខ្ជិលឧស្សាហ៏ប្រើគឺ« ចាំតិចទៀត មិនអីទេ ចាសិន…ចាំរហូត រហូតការងារនោះគរគ្នា ធ្វើមិនកើត ដេកកើតទុក្ខ៕

២) កុំខ្ជីខ្ជា

ការងារដោយច្រើនធ្វើមិនយកចិត្តទុកដាក់ ឆ្វេសប្រហែសទាំងការរៀនសូត្រ ទាំងការធ្វើការ។ ការងារដាក់ឱ្យធ្វើគឺដឹងតែធ្វើកើត ធ្វើហើយ ប៉ុន្តែពេលពិនិត្យ ទើបដឹងថា គាត់ធ្វើឱ្យតែរួច។ ត្រង់ថា ល្អ ត្រឹមត្រូវ គាត់អត់ខ្វល់។ នៅសល់ម៉ោងអង្គុយលេងហ្វេកប៊ុកព្រងើយ។​ គាត់ខ្ជីខ្ជា ស្តីថាឱ្យគាត់ ពេលខ្លះគាត់ខឹង ហើយដើរចេញទាំងមិនបានស្តាប់ហេតុផល។

៣) កុំខ្ជះខ្ជាយ

ខ្លួនមិនទាន់មានប្រាក់ខែ មិនទាន់លុយ មិនទាន់មុខរបរ ប៉ុន្តែចាយលុយ​ ប្រើសម្ភារៈនិយមដូចខ្លួនកូន អ្នកមាន សូមកុំជុះតាមដំរី។ ប្រាក់ខែតិច ចំណូលមិនសូវមាន មិនគួរចាយលើសចំណូលទេ។ អ្នកក្រ​ មិនសូវចេះសន្សំទេ គឺច្រើនតែខ្ជះខ្ជាយ ហើយពូកែដើរខ្ចីលុយគេ ទាំងដឹងថាខ្លួនមិនមានប្រាក់សង​គេ​ក៏ដោយ។

របស់របរប្រើប្រាស់ តាំងពីម៉ូតូ​ លុយកាក់ ខោអាវ ចាយលុយដូចក្រដាស ម៉ូតូប្រើខូច ប្រឡាក់មិនលាង មិនជួសជុល ដោយមិនចេះអាណិតដល់អ្នករក។ អត់ដឹងថា ម៉ូតូ ឡាន នាឡិកា លុយ ដែលខ្លួនកំពុងចាយ កំពុងប្រើ​ គឺម្តាយ ដែលកំពុងតែដេកមិនលក់ ឈឺក៏មិនឈប់ ព្រោះត្រូវធ្វើការរកលុយបង់ការប្រាក់ឱ្យគេ។

លោកគ្រូ ឃីម សុខហេង បានបន្ថែមទៀតថា៖«ចឹង! កុំឱ្យចំណុច៣ខាងលើនេះវាក្លាយជាអវិជ្ជាមានក្នុងជីវិត។ ចឹង!​ ធ្វើផ្ទុយពី៣ខាងលើគឺ៖

  • កុំខ្ជិល ត្រូវឧស្សាហ៍
  • កុំខ្ជីខ្ជា ត្រូវផ្ចិតផ្ចង់
  • កុំខ្ជះខ្ជាយ ត្រូវសន្សំ។»

មានចាស់ៗច្រើនណាស់តែងដាស់តឿនថា«ចៅៗកុំខ្ជិល ត្រូវឧស្សាហ៍ កុំឱ្យដូចតា​ ពេលចាស់លំបាក លុយក៏គ្មាន។ កូនក៏អត់ទ្រព្យ វិជ្ជាក៏គ្មាន។»ទម្រាំតែភ្ញាក់ខ្លួន អាយុក៏ចាស់​ សុខភាពក៏ទ្រុឌទ្រោម កម្លាំងចុះខ្សោយគឺបានត្រឹមតែសោកស្តាយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!