ស្វែងយល់ពីទំនាយទាំង៧ របស់ទេវតាឆ្នាំថ្មី ព្រះនាមមហោធរៈទេវី សម្រាប់ពេញមួយឆ្នាំ

តាម​រយៈ​សៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​ឯកឧត្ដម អ៊ឹម បុរន្ទិ​ អគ្គលេខាធិការ​រង គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​បង្ហាញ​អំពី​ទំនាយ​នៃ​ទេវតា​ឆ្នាំ​ថ្មី​ដូច​ខាង​ក្រោម​៖

១) ​​ទំនាយ​ទឹក​ភ្លៀង​៖  ​ឆ្នាំ​នេះ​ ភពពុធជា​អធិបតី ដឹក​នាំ​ផ្លូវ​ទឹក​ទៅ​សុំ​ទឹក​ភ្លៀង​ពី​ស្ដេច​នាគ​ ហើយ​នាគ​បាន​បង្អុរ​ទឹក​ភ្លៀង​ ៦០០​មេ។ ​ដូច្នេះ​ហើយ​នៅ​ជម្ពូ​ទ្វីប​មនុស្ស​លោក នឹង​បណ្ដាល​ឱ្យ​មាន​ទឹក​ភ្លៀងនៅ​ដើម​ឆ្នាំ​ល្អ កណ្ដាល​ឆ្នាំ​ល្អ ​និង​ចុង​ឆ្នាំ​ភ្លៀង​ច្រើន​។

២) ទំនាយ​អាកាសធាតុ៖ ទំនាយ​ទាយ​ថា អាកាសធាតុ​ធាតុ​ត្រជាក់​ខ្លាំង។

៣) ​ទំនាយ​ទឹក​ទន្លេ​៖  ឆ្នាំ​នេះ​ទំនាយ​ទឹក​ទន្លេ​មាន​សំណល់៤ (បួន)។ ​ដូច្នេះ​ទំនាយ​ទាយ​ថា ទន្លេ បឹង​បួរ តូច​ណាស់​តូចជាង​ឆ្នាំ​ទាំង​ពួង​។

៤) ​ទំនាយ​ភោគផល​​របស់​កសិករ​៖  ​ឆ្នាំ​នេះ​មាន​កេណ្ឌ(៦) មាន​ឈ្មោះ​ថាលាភ ទំនាយ​ថា ស្រូវ​សំណាប ស្រែ​ចម្ការ បាន​ផល​៩​ភាគ ខូចខាត​អស់​តែ​១​ភាគ ធុញ្ញាហារ មឹង្សាហារ​ផល្លាហារ ភោជនាហារ​បាន​ផលល្អ​។ ប្រជានុរាស្ត្រ​មាន​សេចក្ដី​សុខ​ជា​ភិយ្យោភាព។

៥) ​​ទំនាយ​ការ​ធ្វើ​ស្រែ​៖  ​ទំនាយ​ទាយ​ថា ​ស្រែ​ទំនាប​និង​ស្រែ​ដី​ទួល​គ្រប់​ទី​កន្លែង​នឹង​ទទួល​បាន​ផល​ល្អ ដូចគ្នា​ទាំង​ពី​យ៉ាង​។ ​

៦) ទំនាយ​អំពី​គ្រោះ​ធម្មជាតិ៖ ឆ្នាំ​នេះ​ត្រូវ​ចំ​សេស៥​ត្រូវ​ត្រង់ ដើម​អំពៅ​ជា​ស្ដេច មាន​ទំនាយ​ថា មាន​ភ្លៀង​ច្រើន​ទឹក​នឹង​លិច​ស្រូវ។

៧) ទំនាយ​ពី​ព្រះអាទិត្យ​៖  ឆ្នាំ​នេះ​ព្រះអាទិត្យ​គឺ​ខ្យល់​ទៅ ទំនាយ​ថា បន្ទាប់​ពី​ថ្ងៃ​មហាសង្ក្រាន្ត​ទៅ​៧​ថ្ងៃ នឹង​មាន​ភ្លើង​ឆេះ​ក្នុង​ស្រុក អ្នក​តូច​នឹង​ធ្វើ​ទោស​អ្នក​ធំ នា​ឆ្នាំ​នេះ​នឹង​កើត​ឧត្បាត​កក្រើក​ផ្ទៃ​ក្រោម​នា​ស្រុក​នាម​កណ្ដុរ នាម​ពពែ ស្រុក​នាម​កណ្ដុរ​នឹង​កើត​សិក រាស្ត្រ​នឹង​ធ្វើ​ទោស​មន្ត្រី សមណ​ជី​ព្រាហ្មណ៍​នឹង​ក្ដៅ​ក្រហាយ​ចិត្ត។

តាម​មហាសង្ក្រាន្ត ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​ច​នេះ សង្ក្រាន្ត​នឹង​ចូល​មក​​ដល់​នៅ​ ថ្ងៃ​​សៅរ៍ ១៤​រោច ខែ​ចែត្រ ត្រូវ​នឹង​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក។ ទេវតា​ឆ្នាំ​ថ្មី​នេះ ព្រះនាមម​ហោធរៈ​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ សោយ សាច់​ទ្រាយ (ជា​សត្វ​ព្រៃ​ពពួក​ឈ្លូស តែ​តូច​ជាង​ឈ្លូស) ជា​ភក្សាហារ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ៕

ទាំងនេះជាល្បែងប្រពៃណីខ្មែរមួយចំនួនក្នុងថ្ងៃចូលឆ្នាំខ្មែរ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!