តោះមកដឹងពីវិបត្តិសេដ្ឋកិច្ចទាំង៥ ដែលអាក្រក់ជាងគេបំផុតនៅលើពិភពលោក

១) វិបត្តិ​រូបិយប័ណ្ណ​ឆ្នាំ១៧៧២៖ វិបត្តិ​នេះ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ក្រុង​ឡុងដ៍ របស់​ប្រទេស​អង់គ្លេស និង​បាន​រីក​រាលដាល​ពាសពេញ​ទ្វីប​អឺរ៉ុប។ នៅ​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ១៧៦០ ចក្រភព​អង់គ្លេស​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ទុក តាមរយៈ​ការ​ជួញដូរ ដោយ​ផ្ដល់​ទៅ​វិញ​ជា​រូបិយប័ណ្ណ។ ពេល​នោះ ធនាគារ​អង់គ្លេស​ជាច្រើន​បាន​បោះ​រូបិយប័ណ្ណ​ដើម្បី​ធ្វើការ​ជួញដូរ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ១៧៧២ ម្ចាស់​ដៃ​គូ​ធនាគារ​មួយ បាន​រត់​ទៅ​ប្រទេស​បារាំង ដើម្បី​គេច​ពី​ការ​សង​បំណុល។ ក្រោយ​ការ​រត់​គេច​នោះ ប្រជាពលរដ្ឋ​អង់គ្លេស​ជាច្រើន​បាន​នាំ​គ្នា​ចេញ​មក​តម្រង់​ជួរ​នៅ​មុខ​ធនាគារ​អង់គ្លេស ដើម្បី​ដក​ទាមទារ​ដក​ប្រាក់។ ការ​ទាមទារ​ដក​ប្រាក់​តាម​ធនាគារ​នេះ ក៏​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ដ៏​ទៃ​ទៀត​នៅ​ទ្វីប​អឺរ៉ុប និង​ឈាន​ចូល​ដល់​ទឹកដី​អាមេរិក​ផង​ដែរ។ អ្នក​ប្រវត្តិសាស្ត្រ​ក៏​បាន​ចាត់​ទុក​វិបត្តិ​រូបិយប័ណ្ណ​មួយ​នេះ ថា​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បដិវត្តន៍​អាមេរិក​ផង​ដែរ។

២) វិបត្តិ​ហិរញ្ញវត្ថុឆ្នាំ១៩២៩-១៩៣៩៖ នេះ​គឺ​ជា​វិបត្តិ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ដែល​អាក្រក់​ជាង​គេ​បំផុត​ក្នុង​សតវត្ស​ទី២០។ វិបត្តិ​នេះ មាន​រយៈពេល​ជិត ១០​ឆ្នាំ ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់​ចំណូល​យ៉ាង​គំហុក អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត និង​ការ​នាំចេញ​ធ្លាក់​ចុះ​របស់​អាមេរិក។

៣) វិបត្តិ​ប្រេង​ឆ្នាំ១៩៧៣៖ វិបត្តិ​ប្រេង​នេះ បាន​ផ្ទុះ​ឡើង​នៅ​ពេល​ប្រទេស​នាំចេញ​ប្រេង (OPEC) រួម​គ្នា​សងសឹក​អាមេរិក ដែល​បាន​ផ្គត់ផ្គង់​សព្វាវុធ​ឲ្យ​ទៅ​អ៊ីស្រាអែល ក្នុង​សង្គ្រាម​លើក​ទី៤ រវាង​អារ៉ាប់-អ៊ីស្រាអែល។ ប្រទេស OPEC បាន​សងសឹក​ដោយ​ផ្អាក​ការ​ផ្គត់ផ្គង់​ប្រេង​ទៅ​អាមេរិក នឹង​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។ ការ​ផ្អាក​នេះ ធ្វើ​ឲ្យ​អាមេរិក និង​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​ជួប​វិបត្តិ​ប្រេង ហើយ​ពេល​នោះ​ក៏​មាន​ការ​កើន​ឡើង​អតិផរណា​យ៉ាង​ខ្ពស់ ដែល​បណ្ដាល​មក​ពី​តម្លៃ​ថាមពល។

៤) វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ១៩៩៧៖ វិបត្តិ​នេះ បាន​ផ្ទុះ​ចេញ​ពី​ប្រទេស​ថៃ​ ទៅ​ប្រទេស​ជា​ច្រើន​ទៀត​នៅ​តំបន់​អាស៊ីបូព៌ា និង​ដៃគូ​ពាណិជ្ជកម្ម​របស់​ថៃ។ ការ​ផ្ទុះ​វិបត្តិ​នេះ កើតឡើង​ដោយសារ​អ្នក​វិនិយោគ​បាន​បាន​ដក​ទុន​វិនិយោគ​យ៉ាង​គំហុក​ចេញ​ពី​ប្រទេស​ថៃ បន្ទាប់​មក​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហុងកុង និង​កូរ៉េខាងត្បូង ព្រោះ​តែ​អត្រា​បំណុល​ខ្ពស់​នៅ​ក្នុង​សេដ្ឋកិច្ច​ប្រទេស​ទាំង​នោះ។

៥) វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៧-២០០៨៖ នេះ​ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​មួយ បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​នៅ​ឆ្នាំ១៩៩៧។ វិបត្តិ​សេដ្ឋកិច្ច​នេះ ផ្ទុះ​ឡើង​ដោយសារ​ការ​ដាំ​ក្បាល​ចុះ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក និង​ការ​ក្ស័យធន​នៃ​ធនាគារ Lehman Brothers ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​បាន​ដួល​រលំជា​បន្ដបន្ទាប់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay