ភ្ញាក់ផ្អើល! យុវជនម្នាក់ រចនា​ខ្លោង​ទ្វារ​សង្ក្រាន្ត​ព្រៃ​វែង ដោយទទួលបានជាង ២ពាន់ដុល្លារឯណោះ

ខ្លោង​ទ្វារ​សង្ក្រាន្ត​​ព្រៃវែង បាន​ធ្វើ​ឲ្យ​មហាជន​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់​និង​ចែក​រំលែក​តៗ​គ្នា​ពេញ​បណ្ដាញ​សង្គម​ហ្វេកប៊ុក​កាល​ពី​ពេល​ថ្មីៗ។ យ៉ាង​ណា​មិញ ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ដឹង​ទេថា តើ​ស្នាដៃ​ដ៏ល្អ​នោះ គូរ​ដោយ​នរណា ​ប្រើ​កម្មវិធី​អ្វី និង​ចំណាយ​ពេល​អស់​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ។

លោក ថៃ សាន្ត

លោក ថៃ សាន្ត(គំនូរ) ដែល​​ជា​ម្ចាស់​ស្នាដៃ​ខ្លោង​ទ្វារ​សង្ក្រាន្ត​​ព្រៃវែង បាន​ឲ្យ Sabay ដឹង​ថា មុន​នឹង​ទទួល​យក​ការងារ​នេះ លោក​ក៏​ធ្លាប់​បដិសេធ​ខាង​គណៈកម្មការ​រៀបចំ​ខេត្ត​ព្រៃ​វែង​ម្ដង​ដែរ ដោយ​សារ​មូលហេតុ​ចម្បង​មួយ​គឺ លោក​មិន​សូវ​ចេះ​កម្មវិធី​គូរ​ដូច​ជា កម្មវិធី AutoCAD ឬAdobe illustrator(Ai) នោះ​ទេ ម្យ៉ាង​ទៀត​លោក ខ្លាច​ពាក្យ​មហាជន​រិះគន់​ផង​ដែរ។

ខ្លោង​ទ្វារ​សង្ក្រាន្ត​​ព្រៃវែងគូរ​ដោយ​ប្រើ​កម្មវិធី PS

លោក​និយាយ​ថា “ខ្ញុំ​ចេះ​គូរ​ដោយ​ប្រើ​កម្មវិធី Photoshop តែ​មួយ​មុខ​គត់ ក្រៅ​ពី​នោះ​អត់​​ចេះ​នោះ​ទេ”។

អ្នក​រចនា​មាន​ស្រុក​​កំណើត​មក​ពី​បន្ទាយ​មាន​ជ័យ​រូប​នេះ​ក៏​បន្ថែម​ថា បន្ទាប់​ពី​ខាង​គេ​មិន​ប្រកាន់​រឿង​កម្មវិធី​គូរ ទោះ​បី​លោក​ចេះ​ត្រឹម​តែ​កម្មវិធី PS ក៏​ដោយ លោក​ក៏​ព្រម​ទទួល​ការងារ​នេះ ដោយ​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ដើម​ខែ​មីនា ប៉ុន្តែ​ត្រូវ​ឆ្លង​ទៅ​-មក ដើម្បី​ពិនិត្យ​មើល​កំហុស​ផ្សេងៗ រហូត​ទើប​តែ​សម្រេច​បញ្ចប់​នៅ​ដើម​ខែ​មេសា​នេះ។

ខ្លោង​ទ្វារ​សង្ក្រាន្ត​​ កំពុង​តំឡើង​លើ​ដង​ផ្លូវ​ទៅ​ខេត្ត​ព្រៃវែង

លោក សាន្ត​បាន​បង្ហើប​ថា តាម​រយៈ​​ការ​រចនា​ខ្លោង​ទ្វារ​នេះ ​រួម​នឹង​ការងារ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត លោក​ទទួល​បាន​ថ្លៃ​ហត់​នឿយ​ជាង ២ ពាន់​ដុល្លារ។

ខ្លោងទ្វារ​សង្រ្កាន្ត​ព្រៃវែង ត្រូវ​បាន​ធ្វើ​រួចរាល់​ហើយ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ ដែលនឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី​១៤ ដល់ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខនេះ។ ចំពោះ​ការ​រចនា​ខ្លោងទ្វារ​សង្ក្រាន្ត​​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នេះ ក្រុមការងារ​រៀបចំ​សង្ក្រាន្ត​ព្រៃវែង បាន​បង្ហាញ​ឲ្យដឹង​ដូច​ខាងក្រោម​៖

ខ្លោង​ទ្វារ​សង្ក្រាន្ត​​ កំពុង​តំឡើង​លើ​ដង​ផ្លូវ​ទៅ​ខេត្ត​ព្រៃវែង

  • ផ្តើមចេញ​ពី​សិក្សា​លើ​ទីតាំង អំពី​ប្រវត្តិសាស្រ្ត និង​សក្តានុពល​នៃខេត្ត ជំនឿ​នៃ​ប្រជាជន​ក្នុង​តំបន់។
  • ឈ្មោះ​នៃខេត្ត​ព្រៃវែង ផ្តើម​ដោយ​ព្រៃ ដែល​មាន​ន័យថា​ខេត្តនេះ​សំបូរ​ទៅដោយ​ព្រៃឈើ។ ម្យ៉ាងវិញ​ទៀត​ខេត្ត​នេះ​សំបូរ​ទៅ​ដោយ​វល្លិ​ឈើ និងមាន​សក្តានុពល​កសិកម្ម​ គឺ​ផលិតផល​ស្រូវ​ជា​ហេតុនាំឲ្យ​មានការ​ជ្រើសរើស​យកគួរ​ស្រូវ និង​វល្លិ​មកធ្វើ​ជា​គំនិត​នៃ​ការ​គូស​រចនា។
  • ចំពោះ​រចនាបថ​ជាគោល​គឺ​ភ្ញីវល្លិ ហើយ​មាន​ការ​លាយ​បញ្ចូល​នូវ​រចនាបថ​២​ផ្សេងទៀត​គឺ​ភ្ញីទេស និង​ក្បាច់​អង្គរ ជារួម​ប្រើប្រាស់​រចនាបថ​បុរាណ​ទាំង៣​ខាងលើ​លាយ​បញ្ចូល​គ្នា។
  • រីឯ​រូប​ទេវតា​ជា​តំណាង​ឲ្យ​ការ​ជូនពរ​ឆ្នាំថ្មី​សិរីសួស្តី​ដល់​ប្រជាជន​ទាំងអស់​គ្នា និង​ជាពិសេស​ជូនពរ​ដល់អ្នក​ដំណើរកំសាន្ត​ទាំងឡាយ​ដែលបាន​មកលេង​ព្រឹត្តិការណ៍​សង្រ្កាន្ត​ព្រៃវែង​ឆ្នាំ​២០១៨៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!