ភ្ញាក់ផ្អើល! រូបសំណាកអធិរាជ​ចិនដ៏ធំធ្វើពីសំរឹទ្ធ​ ​ទម្ងន់ ៦ តោន និងកម្ពស់ ១៩ ម៉ែត្រ ត្រូវដួលផ្កាប់មុខ

រូបសំណាក​អធិរាជ​ចិន​ទី​មួយ Qin Shi Huang ដ៏​ធំ​ដែល​ធ្វើ​ឡើង​ពី​សំរឹទ្ធ មាន​កម្ពស់ ១៩ ម៉ែត្រ និង​ទម្ងន់ ៦ តោន ស្ថិត​នៅ​ក្នុង​ខេត្ត Shandong ប្រទេស​ចិន ត្រូវ​បាន​ខ្យល់​បក់​ដួល​ផ្កាប់មុខ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។

រូបសំណាក​នេះ​ត្រូវ​បាន​សាងសង់​ឡើង កាល​ពី​ឆ្នាំ ២០០៥ នៅ​ក្នុង​ឧទ្យាន​មួយ ក្នុង​ទីក្រុង Binzhou ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ស្រុក។

Qin Shi Huang គឺ​ជា​ស្ថាបនិក​នៃ​រាជវង្ស Qin របស់​ប្រទេស​ចិន ហើយ​ត្រូវ​បាន​គេ​ជឿ​ថា ជា​បុរស​ទី​មួយ​ដែល​បង្រួបបង្រួម​ប្រទេស​ចិន តាម​រយៈ​ជ័យជំនះ​ដែល​ច្បាំង​ដណ្ដើម​បាន នៅ​ប្រហែល​ឆ្នាំ ២២១-២០៦ មុន​គ្រិស្តសករាជ។ មិនតែប៉ុណ្ណោះ អធិរាជ​ចិន​អង្គ​នេះ​ជា​អ្នក​កសាង​ផ្នែក​ដំបូង​នៃ​មហាកំពែង​ចិន ហើយ​ផ្នូរ​របស់​ទ្រង់​គឺ​ជា​ជម្រក​ដ៏​ល្បី​នៃ​កងទ័ព​ចម្បាំង​រាប់​ពាន់​នាក់​ទៀត​ផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay