ទីបំផុត! សួនសត្វដ៏ធំដំបូង​គេ​នៅភ្នំពេញ ប្រកាសតម្លៃសំបុត្រ និងកាលបរិច្ឆេទចូលទស្សនាហើយ

ព្រៃកម្សាន្តដ៏ធំដំបូង​គេ​នៅ​ភ្នំពេញ​ឈ្មោះ​ថា Phnom Penh Safari នឹង​បើក​សម្ពោធ​ជាផ្លូវការ​នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨ ខាង​មុខ​នេះ។ រីឯ​តម្លៃ​សំបុត្រ​ចូល​ទស្សនា ​មាន​ការ​ប្រែប្រួល​បន្តិច។ នេះ​តាម​លោក រឿង​ សុវណ្ណនីកា ​ជំនួយ​ការ​គ្រប់គ្រង​ ប្រាប់​មក​កាន់គេហទំព័រដ៏ល្បីល្បាញនៅស្រុកខ្មែរមួយ។

​លោក ថា ​ចំពោះ​តម្លៃសំបុត្រ​សម្រាប់​ភ្ញៀវជាតិ​ គឺ​ឡើងដល់​ ១៥ដុល្លារ​ក្នុងម្នាក់​ ដោយឡែក​ភ្ញៀវ​អន្តរជាតិ​គឺ​ថ្លៃ​ជាង​ប្រហែល ២០ដុល្លារ​ប៉ុណ្ណោះ​។

ជំនួយ​ការ​អ្នក​គ្រប់គ្រង​សួនសត្វ​ដ៏​ធំ​នេះ ប្រាប់​ទៀត​ថា ភ្ញៀវ​អាច​ចូល​ទស្សនា​ចាប់​ពី​វេលា​ម៉ោង ៩​ព្រឹក​តទៅ ហើយ​មាន​ការ​សម្ដែង​ Show ពិសេសៗ​ពី​សត្វ​ជា​ច្រើន​ប្រភេទ​ដូចជា៖ ការ​សម្ដែង​របស់​ត្រី​ដូហ្វីន ក្រពើ ដំរី ស្វា ខ្លា តោ និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត ដែល​សុទ្ធ​សឹង​តែ​ឆ្លង​កាត់​ការ​បង្វឹក​យ៉ាង​ពិសេស។ ​បន្ថែម​លើ​ពី​នោះ​ទៀត​ភ្ញៀវ​ទេសចរ​អាច​ជិះ​ទូក​លេង​កម្សាន្ត​ទស្សនា​ទេសភាព ​ដ៏​ស្រស់​បំព្រង​ថែម​ទៀត​ផង។

សួន​សត្វ​ខ្នាត​យក្ស​នេះ ត្រូវ​បាន​ឌីហ្សាញ​ឡើង​តាម​បែប​អឺរ៉ុប និង​អាស៊ី​បញ្ចូល​គ្នា ដោយ​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​មក​ពី​ប្រទេស​ថៃ។ ក្នុង​នោះ​មាន​ការ​កម្សាន្ត​ដ៏​សម្បូរ​បែប​ដូចគ្នា​ទៅ​នឹង​សួន​សត្វ​លំដាប់​អន្តរជាតិ​នៅ​លើ​ពិភពលោក​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក រឿង សុវណ្ណនីកា។

គួរ​បន្ថែម​ថា ​សួន​សត្វ​ដែល​រើពី​ខេត្ត​កោះ​កុង ​មកព្រែក​តាសេក ​ខណ្ឌ​ជ្រោយ​ចង្វារ ​ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​  លើ​ផ្ទៃដី​៨០​ហិកតា ​បាន​ចំណាយ​ទុន​រហូត​ដល់​ជាង​ ១០​លាន​ដុល្លារ ក្រោមការ​វិនិយោគ​ក្រុមហ៊ុន​អភិវឌ្ឍន៍ LYP ៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay