អបអរសាទរ! ខេត្តកំពង់ធំ កំពុងសាងសង់មានវិមាន​ឯករាជ្យ​ថ្មី កម្ពស់ ១៩ម៉ែត្រឯណោះ

ការដ្ឋាន​សាងសង់​វិមាន​ឯករាជ្យ​ថ្មី បាន​ដំណើរការ​ហើយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ នៅ​លើ​ទឹក​ដី​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។ ការ​រៀបចំ​សាងសង់​វិមាន​នេះ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​រជ្ជកាល​ព្រះ​បាទ សម្ដេច​ព្រះ​នរោត្ដម សីហនុ ដែល​ទ្រង់​បាន​ទាមទារ​ឯករាជ្យភាព​ពី​បារាំង​ចន្លោះ​ឆ្នាំ​១៩៤៩ ដល់ ១៩៥៣។

រូប​សំណាក​ដំរី​ជាន់​ខ្លា ដែល​ជា​តំណាង​ខេត្ត​កំពង់ធំ

បើ​តាម​គំនូស​ប្លង់ វិមាន​ឯករាជ្យ​នេះ​មាន​អង្កត់​ផ្ចិត​ប្រវែង ៣៤,៣៤​ម៉ែត្រ កម្ពស់ ១៩,១​ម៉ែត្រ ហើយ​នឹង​ចំណាយ​ពេល​សាងសង់ ៦​ខែ។ លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​ក្រុង​ពាលី​សង់​វិមាន​ឯករាជ្យ​កាល​ពី​ម្សិលមិញ​ថា វា​នឹង​ក្លាយ​ជា​តំណាង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ខេត្ត ក៏​ដូចជា​ការ​លើក​តម្កើង​សោភណភាព​ក្រុង​ស្ទឹងសែន​ផង​ដែរ។

លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ នៅ​ក្នុង​ពិធី​ក្រុង​ពាលី​សង់​វិមាន​ឯករាជ្យ​ ថ្ងៃ​ទី​២២ មេសា ២០១៨/ រូបភាព៖ រដ្ឋបាល​ខេត្ត​កំពង់ធំ

លោក​បន្ត​ថា នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​ថ្មី​នេះ នឹង​មាន​លម្អ​ដោយ​ផ្កា ភ្លើង​បំភ្លឺ ការ​រៀបចំ​ប្រព័ន្ធ​ផ្លូវ​ឲ្យ​ធំ​ទូលាយ​ជាង​មុន និង​ការ​ពង្រីក​សួន​កុមារ​នៅ​ក្បែរ​នោះ។ បន្ថែម​ពី​នេះ​ទៅ​ទៀត លោក​អភិបាល​ខេត្ត បាន​បញ្ជាក់​ថា សោភណភាព​ក្រុង​ស្ទឹងសែន នឹង​ត្រូវ​រៀបចំ​បញ្ចប់​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ៕

វិមានឯករាជ្យនៅខេត្តកំពង់ឆ្នាំ

វិមានឯករាជ្យនៅរាជធានីភ្នំពេញ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay