ពិតជាមិនធម្មតា! ត្រឹមតែ១នាទី កំពូលមហាសេដ្ឋី Jack Ma លក់ធុរេនអស់ ៨ម៉ឺនផ្លែឯណោះនៅថៃ

នៅក្នុងវេទិកាសន្និសិទ្ធកាសែតមួយនៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បត៍កន្លងទៅ លោកមហាសេដ្ឋីមានបំផុតលេខ ២ របស់ចិនគឺលោក Jack Ma បានបង្ហាញពីវិធីដែល សហគ្រិនថៃអាចលក់ធុរេនបានជាង ៨មឺុនផ្លែក្នុងមួយនាទីប៉ុណ្ណោះ។

វិធីតែមួយគត់ដែល សហគ្រិនឬកសិករ អាចលក់ធូរ៉េនបានច្រើនបែបនេះក្នុងមួយនាទីប៉ុណ្ណោះ គឺត្រូវលក់តាមវេបសាយ ឬ ពាណិជ្ជកម្មអេទ្បិចត្រូនិក។ លោក Jack Ma បានបង្ហាញពីតួលេខ ដែលធុរេនរបស់ថៃ បានចេញលក់លើគេហទំព័រ Tmall របស់លោកកាលពីថ្ងៃពុធកន្លងទៅ។ ភ្លាមគ្រាន់តែចេញលក់ភ្លាម មានធុរេនជាង ៦មឺុនផ្លែត្រូវបានគេកក់ ហើយ ៤មឺុនផ្លែត្រូវបានគេទិញ។ តួលេខនេះបានកើនដល់ជាង ៨មឺុនផ្លែក្នុងរយៈពេលតែ១នាទីប៉ុណ្ណោះ។

គេហទំព័រ Tmall

លោកមហាសេដ្ឋី Jack Ma បានពន្យល់ទៀតថា អ្នកត្រូវលក់ទំនិញរបស់អ្នកលើទីផ្សារចិន ហើយត្រូវលក់តាមវេបសាយ ដូចដែលផ្លែធុរេននេះបានលក់។ ចិនជាទីផ្សារធំបំផុតមួយនៅលើពិភពលោក ហើយប៉ុន្មានឆ្នាំទៀតនេះ ប្រទេសចិន នឹងមានប្រជាជនថ្នាក់កណ្តាលជាង ៣០០លាននាក់បន្ថែមទៀត ដែលនេះនឹងធ្វើឲ្យចិនក្លាយជា អ្នកប្រើប្រាស់ ឬអ្នកទិញធំជាងគេបំផុតក្នុងលោក។ ហើយនេះហើយជាឱកាសសម្រាប់សហគ្រិន ទូទៅដែលមានទំនិញលក់ ទំនិញដែលចិនត្រូវការ។

គួរបញ្ជាក់ថា ក្រុមហ៊ុន E-commerce យក្ស Alibaba របស់មហាសេដ្ឋី Jack Ma គ្រោងបោះទុនលើកដំបូងប្រមាណ ៣៥០ លានដុល្លារ ឬ ១១ ពាន់លានបាត វិនិយោគលើច្រកសេដ្ឋកិច្ចខាងកើតនៃប្រទេសថៃ ក្នុងគោលបំណងផ្តួលគូប្រកួតនៅចិន JD.com និង Tencent រួមទាំងក្រុមហ៊ុនក្នុងស្រុកថៃ Tarad.com។

ក្នុងនោះសារព័ត៌មាន Bangkok Post ឲ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នារវាង Alibaba និងភាគីថៃ មានមួយផ្នែកផ្តោតសំខាន់លើការនាំចេញស្រូវអង្ករ និងផ្លែធុរេនរបស់ថៃទៅកាន់ទីផ្សារចិនតាមរយៈក្រុមហ៊ុន Alibaba៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia