ក្រោយរង់ចាំអស់ពេល ៣៦៥ថ្ងៃ ពេលនេះ ដេនី ក្វាន់ អាចប្រឡូកវិស័យសិល្បៈវិញបានហើយ

ថ្ងៃ​ទី២៥ ខែ ខែមេសា​ ឆ្នាំ​២០១៨ នេះ​​ ជាថ្ងៃគម្រប់១ឆ្នាំ​ ដែល​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ បាន​ពិន័យ​ទាក់​ទង​នឹង​បញ្ហា​​សិច​ស៊ី​របស់​តារា​សម្ដែង ដេនី ក្វាន់ ដែល​បាន​ធ្វើ​​ឲ្យ​ជះ​ផល​អវិជ្ជមាន​​​ដល់​សិល្បៈ​ ហើយ​សម្រេច​បញ្ឈប់​រាល់​​សកម្មភាព​សិល្បៈ​ទាំង​អស់​របស់​នាង​រយៈ​ពេល​ ១២ខែ​។ ថ្ងៃម្សិលម៉ិញនេះ​ក៏ជាវេលា​ដែល កញ្ញា ដេនី ក្វាន់ ទទ្ទឹង​មកជាយូរបានមកដល់ហើយដែរ។

តារាសាច់​ស​ខ្ចី ​កញ្ញា​ ដេនី ក្វាន់​ បាន​បង្ហាញ​អារម្មណ៍​ថា​ ថ្ងៃនេះ​នាង​ពិត​ជា​មាន​អារម្មណ៍​រីក​រាយ​ខ្លាំង​ណាស់​ចំពោះ​ការបាន​វិល​ត្រលប់​មក​កាន់​វិថី​សិល្បៈ​ ដែល​ខ្លួន​ស្រលាញ់​វិញ។ ស្រី​ស្រស់​រូប​នេះ​បញ្ជាក់ថា​១ ឆ្នាំនេះ​ ជា​រយៈ​ពេល​រង់​ចាំ​ដ៏​យូរ​ ដែល​នាង​ទន្ទឹង​យ៉ាងអន្ទះសារ ជា​រៀងរាល់​ថ្ងៃ​។ «និយាយ​រួម​ទៅ​ ៣៦៥​ថ្ងៃនេះ​យូរ​ណាស់ បង​ទន្ទឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យូរណាស់​ ដល់​បាន​មក​ដល់​គ្រប់​ថ្ងៃ​អីចឹង បង​សប្បាយ​មែន​ទែន​ រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន​ទេ រំភើប​តែ​ម្ដង​អង្គុយ​ញញឹម​ពេញ​មួយ​ថ្ងៃហើយ។» ដេនី ក្វាន់​ រៀបរាប់ទាំងរំភើប។

កញ្ញា ដេនី ក្វាន់ បាន​បញ្ជាក់​ថា​នាង​គោរព​តាម​អ្វី​ដែល​ក្រសួង​ចង់​បាន​ ក្រោយ​ពីរួចផុតពីការពិនិ័យ នាងនឹង​ប្រលូកលើវិថីសិល្បៈឡើងវិញ។ ទាក់ទងនឹងរឿងសិចស៊ី អ្នកនាងថា​នៅ​តែ​សិចស៊ី ប៉ុន្តែមិនឲ្យ​ជ្រុលហួសហេតុ​ដូចមុននោះឡើយ។

ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ សម្រេច​បញ្ឈប់​រាល់​​សកម្មភាព​សិល្បៈ​ទាំង​អស់​របស់​តារា​សិចស៊ីរូបនេះ ​​ក្នុង​កិច្ច​ប្រជុំ​​មួយ​កាល​ពី​ថ្ងៃ​ ទី ២៥ ខែ មេសា ឆ្នាំ ២០១៧​។​ ក្រោយ​ពី​ជាប់​បម្រាប​របស់​ក្រសួង​ តារា​សិច​ស៊ី​​ម្នាក់​នេះ​ មិន​ដែល​បង្ហាញ​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​ទាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ និងក្នុង​រឿង​ផ្សេង​ៗ៕​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay