Jack Ma៖ អនាគតទៅនឹងគ្មានក្រដាសប្រាក់ទៀតទេ ខណៈឥឡូវ អ្នកសុំទាននៅចិនប្រើទូរសព្ទជំនួសវិញ

ថែ្លងទៅកាន់និស្សិតរុស្ស៊ីរាប់រយនាក់នៅក្នុងទីក្រុងម៉ូស្កូ កាលពីពេលកន្លងទៅ លោកមហាសេដ្ឋី Jack Ma បានលើកទ្បើងថា សព្វថ្ងៃនេះប្រទេសរបស់លោក មានអ្នកសុំទានកាន់តែច្រើន បានប្រើទូរស័ព្ទដៃ និង បាកូត ដើម្បីទទួលប្រាក់ទានពីអ្នកបរិច្ចាក។

លោកបានពន្យល់ថា នៅប្រទេសចិនសព្វថ្ងៃ គេលែងមានលុយក្នុងហោប៉ៅទៀតហើយ ប្រជាជនកាន់តែច្រើនមានតែទូរស័ព្ទដៃ ដើម្បីទូរទាត់ប្រាក់ប៉ុណ្ណោះ។ ដូចនេះអ្នកសុំគ្មានជម្រើសទ្បើយ បើចង់សុំទាននៅទីក្រុងធំរបស់ចិន ត្រូវតែមានទូរស័ព្ទដៃដើម្បីទទួលប្រាក់ទាន។

អ្នកសុំទាននៅចិន

លោក Jack Ma បានថ្លែងដូចនេះទំនងជាគាត់ចង់ពន្យល់ប្រាប់ និស្សិតរុស្ស៊ីថា សព្វថ្ងៃ ពិភពលោកបានផ្លាស់ប្តូរទៅកាន់ការទូទាត់តាមប្រព័ន្ធអេទ្បិចត្រូនិកហើយ អនាគតទៅ អាចនឹងគ្មានក្រដាសប្រាក់ទ្បើយ។ លោកមហាសេដ្ឋី រូបនេះក៏បានជំរុញ យុវជនរុស្ស៊ី ឲ្យចេញរកសុីតាមអេទ្បិចត្រូនិក ព្រោះវាជាអនាគតរបស់ពិភពលោក ដូចអ្វីដែលបានកំពុងកើតទ្បើងនៅប្រទេសចិនផងដែរ។

យើងឃើញថា សូម្បីតែអ្នកសុំទានក៏បានផ្លាស់ប្តូរដែរ ដើម្បីសម្របទៅនឹងការប្រែប្រួល របស់សង្គម ដូចនេះអ្នករកសុី ដែលជាចូលរួមក្នុងការផ្លាស់ប្តូរសង្គមដែរ មិនគួរដើរក្រោយនិន្នាការមួយនេះនោះទេ។

គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ ២០១៨ ចំនួនអ្នកប្រើប្រាស់អុីនធើណែតនៅ ប្រទេសចិន មានចំនួនរហូតដល់ជាង ៧៣០លាននាក់ ហើយទឹកប្រាក់ដែលបានទូរទាត់តាមប្រព័ន្ធ អុីនធើណែតមានរហូតដល់ ជិត ២០០០ ពាន់លានដុល្លារឯនោះ។

នៅកម្ពុជាវិញ សព្វថ្ងៃចាប់ផ្តើមមានប្រព័ន្ធទូរទាត់ប្រាក់តាមអេទ្បិចត្រូនិក កាត់តែច្រើនហើយ ទោះការប្រើប្រាស់នៅមានកម្រិតទាបក៏ដោយ។ សហគ្រិនកម្ពុជា ក៏គួរនាំគ្នាប្រើបច្ចេកវិទ្យាថ្មីៗទាំងនោះដើម្បីអាជីវកម្មរបស់ខ្លួនផង ព្រោះវាជានិន្នាការរបស់ពិភពលោកនាពេលអនាគត ដែលបើតាម Jack Ma ១០ ទៅ ២០ឆ្នាំ ទៀត ពិភពលោក នឹងលែងប្រើក្រដាសប្រាក់ទៀតហើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia