សេដ្ឋីទាំង១៦រូបនៅលើពិភពលោក ដែលឈប់រៀន​ដើម្បីទៅរកស៊ី

ភាគច្រើនមនុស្សជោគជ័យក្នុងការងារមួយចំនួននៅលើពិភពលោកសុទ្ធតែទទួលបានការអប់រំខ្ពង់ខ្ពស់ ឬអាចនិយាយបានថាអាចបញ្ចប់ការសិក្សាក្នុងកម្រិតសាកលវិទ្យាល័យ ឬមហាវិទ្យាល័យណាមួយដូចជា ស្ថាបនិកក្រុម Googleលោក Larry Page, Sergey Brin និងសេដ្ឋីជាច្រើនផ្សេងៗទៀតនៅលើពិភពលោក។

ដោយឡែកក៏មានសេដ្ឋីមួយចំនួនតូចដែលមិនបានបញ្ចប់ការសិក្សានៅសាលាផងដែរ ដោយសារពួកគេមកបង្កើតក្រុមហ៊ុន ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ ហើយប្រហែលជាបុគ្គលមួយចំនួនទាំងនោះ អ្នកទាំងអស់គ្នាបានស្គាល់ និងបានប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ពួកគេផងដែរ។

ដូចនេះហើយ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់ពីប្រវត្តិតស៊ូរបស់ពួកគេទាំងនោះដែលមានចំនួន​១៦រូប តើពួកគេបានបង្កើតអ្វីខ្លះ? បង្កើតនៅឆ្នាំាណា? តើពួកគេឈប់រៀននៅឆ្នាំណាដែរ? មកដល់សព្វថ្ងៃនេះតើពួកគេមានទ្រព្យសម្បត្តិចំនួនប៉ុន្មានដែរ? ដូចខាងក្រោមនេះ៖

១) លោក Bill Gates ជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Microsoft

លោក Bill Gates ជាសហស្ថាបនិកក្រុមហ៊ុន Microsoft

លោក Bill Gates (អាមេរិក) ជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាសេដ្ឋីពាន់លានដុល្លារដែលមានជាងគេបំផុតនៅលើពិភពលោក។ លោកបានចូលរៀននៅមហាវិទ្យាល័យ Harvard នៅឆ្នាំ ១៩៧៣ និងបោះបង់ចោលការសិក្សានៅឆ្នាំ ១៩៧៥​ ដើម្បីបង្កើតក្រុមហ៊ុន Microsoft ជាមួយលោក Paul Allen នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ១៩៧៥ ហើយសព្វថ្ងៃនេះលោក Bill Gates មានទ្រព្យសម្បត្តិសរុប ៨៨.៨ ពាន់ដុល្លារអាមេរិក។

២) លោក Paul Allen ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Microsoft

លោក Paul Allen ជាស្ថាបនិកក្រុមហ៊ុន Microsoft

លោក Paul Allen (អាមេរិក) ជាស្ថាបនិកក្រុមហ៊ុន Microsoft និងជាសេដ្ឋីពាន់លានដុល្លារ។​ លោកបានចូលរៀននៅសាកលវិទ្យាល័យ Washington State រហូតដល់ឆ្នាំទី ២ ទើបលោកសម្រេចចិត្តបោះបង់​ចោលការសិក្សា ដោយបញ្ចុះបញ្ចូលលោក Bill Gates ឲ្យឈប់រៀន ដើម្បីបង្កើតក្រុមហ៊ុនមួយនេះ ហើយមកដល់សព្វថ្ងៃនេះ លោក Paul Allen មានទ្រព្យសម្បត្តិសរុប ២០.៧ ពាន់លានដុល្លារអាមេរិក។

៣) លោកស្រី Oprah Winfrey ជាអ្នកបង្កើតកម្មវិធីតាមទូរទស្សន៍ដ៏ល្បីល្បាញ

លោកស្រី Oprah Winfrey ជាអ្នកបង្កើតកម្មវិធីតាមទូរទស្សន៍ដ៏ល្បីល្បាញ

លោកស្រី Oprah Winfrey (អាមេរិក) ជាអ្នកបង្កើតកម្មវិធីតាមទូរទស្សន៍ដ៏ល្បីល្បាញនៅអាមេរិកសព្វថ្ងៃនេះ។ កាលពីនៅជាសិស្ស លោកស្រីចាប់អារម្មណ៍ទៅលើកម្មវិធីផ្សព្វផ្សាយកាលថ្នាក់វិទ្យាល័យ នៅវិទ្យាល័យ East Nashville​ ដោយលោកស្រីបាននៅក្នុងកម្មវិធីសុន្តរកថា និងបានធ្វើការក្នុងកម្មវិធីវិទ្យុមួយរហូតដល់នាងចូលថ្នាក់មហាវិទ្យាល័យ។ ខណៈពេលដែលលោកស្រីរៀនបានឆ្នាំទី ២ នៃសាកលវិទ្យាល័យ Tennessee State លោកស្រីបានទទួលការងារមួយពីស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ ហើយសម្រេចចិត្តបោះបង់ចោលការសិក្សា ដើម្បីចាប់ផ្តើមការងារនៅក្នុងកម្មវិធីទូរទស្សន៍របស់នាង ហើយមកដល់សព្វថ្ងៃនេះ លោកស្រី Oprah Winfrey មានទ្រព្យសម្បត្តិសរុប ៣.១ ពាន់លានដុល្លារអាមេរិក។

៤) លោក Michael Dell ជាស្ថាបនិកក្រុមហ៊ុនកុំព្យូទ័រ Dell 

លោក Michael Dell ជាស្ថាបនិកក្រុមហ៊ុនកុំព្យូទ័រ Dell

លោក Michael Dell (អាមេរិក) ជាស្ថាបនិកក្រុមហ៊ុនកុំព្យូទ័រ Dell និងជាសេដ្ឋីពាន់លានដុល្លារអាមេរិក។ លោកបានចូលរៀននៅសាកលវិទ្យាល័យ Texas ផ្នែកពេទ្យ តែលោកស្រលាញ់លើវិស័យបច្ចេកវិទ្យា (កុំព្យទ័រ)ខ្លាំង។ នៅឆ្នាំទី ១ លោកបានចំណាយលុយ ១,០០០ ដុល្លារអាមេរិក ដើម្បីទិញ តម្លើង និងជួសជុលកុំព្យូទ័រចាស់ៗ ដើម្បីលក់វិញ។ បើយោងតាមទស្សនាវដី Forbes លោក Michael Dell លក់បានប្រហែល ៨០,០០០ ដុល្លារអាមេរិក ក្នុងមួយខែ ដោយហេតុនេះ លោកសម្រេចចិត្តបោះបង់ចោលការសិក្សានៅអាយុ ១៩ ឆ្នាំ ដើម្បីរកស៊ីជំនួញកុំព្យូទ័រិវញ ហើយមកដល់សព្វថ្ងៃនេះ លោក Michael Dell មានទ្រព្យសម្បត្តិសរុប ២៣.៦ ពាន់លានដុល្លារអាមេរិក។

៥) លោក John Mackey ជាស្ថាបនិកហាងទំនើប Whole Foods

លោក Mackey ជាស្ថាបនិកហាងទំនើប Whole Foods

លោក Mackey (អាមេរិក) ជាស្ថាបនិកហាងទំនើប Whole Foods ហើយលោកបានបោះបង់ចោលការសិក្សានៅមហាវិទ្យាល័យជាច្រើននៅរដ្ឋតិចសាស់នៅកំឡុងឆ្នាំ១៩៧០ អស់រយៈពេល ៦ ឆ្នាំ (ពេលខ្លះចូលរៀន ហើយពេលខ្លះឈប់រៀន)។ នៅអាយុ ២៥ ឆ្នាំ លោក Mackey មានជំនឿខ្លាំងទៅលើសាសនា និងទ្រឹស្តីទស្សនវិទ្យា នៅសាកលវិទ្យាល័យ តិចសាស់។  លោក Mackey បានជួបនឹងក្មេងស្រីម្នាក់ដែលមិនញុំាសាច់ជាអាហារ ពេលនោះលោកបានបោះបង់ចោលការសិក្សា ហើយបានខ្ចីប្រាក់គេ ដើម្បីបើកហាងលក់គ្រឿងទេសដំបូងរបស់គាត់ឈ្មោះថា ហាងទំនើប Whole Foods នៅឆ្នាំ១៩៨០។ ឆ្ពោះទៅមុខយ៉ាងឆាប់រហ័សជាច្រើនទសវត្សរ៍និង ហាងទំនើប Whole Foods បានក្លាយជាពេញនិយមជាលក្ខណៈអន្តរជាតិដែលលក់បានជាង ១៤ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយមកដល់សព្វថ្ងៃ លោក Mackey មានទ្រព្យសម្បត្តិសរុប ១០០ លានដុល្លារអាមេរិក។

៦) លោក Steve Jobs ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Apple

លោក Steve Jobs ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Apple

លោក Steve Jobs (អាមេរិក) ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Apple និងជាសេដ្ឋីពាន់លានដុល្លារអាមេរិក តែលោកបានស្លាប់នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១១ ដោយជំងឺមហារីក។ តាមការផ្សាយរបស់ CNN នៅឆ្នាំ ១៩៧២ លោកបានចូលរៀននៅមហាវិទ្យាល័យ Reed ត្រឹមតែមួយឆមាសប៉ុណ្ណោះ រួចបោះបង់ចោលការសិក្សា។ បន្ទាប់ពីឈប់រៀន  លោកបានធ្វើការនៅក្រុមហ៊ុន Atari ជាអ្នករចនាវីដេអូហ្គេម ក្រោយមកលោកទៅធ្វើការនៅប្រទេសឥណ្ឌា។

នៅពេលលោកត្រឡប់មកវិញ លោកបានធ្វើការរួមគ្នាជាមួយមិត្តវិទ្យាល័យម្នាក់គឺលោក Steve Wozniak។ នៅឆ្នាំ ១៩៧៥ លោកបានចាប់ធ្វើការផលិតផល Apple ដំបូងគេក្នុងគ្រួសាររបស់ Steve Jobs នៅកន្លែងជួសជុលរថយន្ត ហើយផលិតផល Apple 1 ដំបូងគេត្រូវបានបង្ហាញនៅឆ្នាំ ១៩៧៦ នៅពេលលោកស្លាប់ទ្រព្យសម្បតិ្តរបស់លោកមានចំនួន ១០.២ ពាន់លានដុល្លារអាមេរិក។

៧) លោក Ty Warner ជាស្ថាបនិកក្រុមហ៊ុនលក់សម្ភារៈ Ty Inc.

លោក Ty Warner ជាស្ថាបនិកក្រុមហ៊ុន Ty Inc.

លោក Ty Warner (អាមេរិក) ជាស្ថាបនិកក្រុមហ៊ុន Ty Inc., ជាតារាភាពយន្ត និងជាសេដ្ឋីពាន់លានដុល្លារអាមេរិក។​ នៅឆ្នាំទី ១ លោកបានបោះបង់ចោលការសិក្សានៅមហាវិទ្យាល័យ Kalamazoo ដើម្បីចាប់ផ្តើមក្នុងអាជីពសម្តែងនៅ Hollywood បន្ថែមពីនោះទៀត លោក Ty Warner ទទួលបានការងារនៅក្រុមហ៊ុន Dakin Toy ដែលឪពុករបស់លោកបានធ្វើការនៅទីនោះ។ នៅឆ្នាំ ១៩៨០ លោកបានចាប់ផ្តើមលក់ប្រដាប់ប្រដាសម្រាប់ក្មេងលេងទាំងដែលលោកមិនធ្លាប់ស្គាល់ពីសម្ភារៈទាំងនោះអស់រយៈពេល ៣ ឆ្នាំ នៅប្រទេសអ៊ីតាលី។ លោក Ty Warner បានត្រឡប់មកផ្ទះវិញ រួចធ្វើរូបសត្វពីក្រណាត់ ហើយបានបង្កើតក្រុមហ៊ុន Ty Inc. នៅឆ្នាំ១៩៨៦។ នៅឆ្នាំ១៩៩៨ ក្រុមហ៊ុនលក់ផលិតផលបានជិតដល់ ១.៤ ពាន់លានដុល្លារអាមេរិកប្រចាំឆ្នាំ ហើយទស្សនាវដ្តី Forbes បានផ្សាយថា លោកមានទ្រព្យសម្បត្តិសរុប ២.៥ ពាន់លានដុល្លារអាមេរិកចេញពីការខិតខំប្រឹងប្រែងរបស់លោក ហើយមកដល់សព្វថ្ងៃនេះ លោកមានទ្រព្យសម្បត្តិសរុប ២.៨ ពាន់លានដុល្លារអាមេរិក។

៨) កញ្ញា Elizabeth Holmes ជាស្ថាបនិកក្រុមហ៊ុនសុខភាពបច្ចេកវិទ្យា Theranos

កញ្ញា Elizabeth Holmes ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនសុខភាពបច្ចេកវិទ្យា Theranos

កញ្ញា Elizabeth Holmes (អាមេរិក) ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនសុខភាពបច្ចេកវិទ្យា Theranos។ នៅឆ្នាំ២០០៣ នាងកំពុងសិក្សាឆ្នាំទី ២ នៅសាកលវិទ្យាល័យ Stanford ពេលនោះនាងបានបង្កើតក្រុមហ៊ុនសុខភាពបច្ចេកវិទ្យា Theranos ហើយ ២-៣ ខែក្រោយមក នាងបានបោះបង់ចោលការសិក្សាដោយផ្តោតលើ និងធ្វើការនៅក្រុមហ៊ុនមួយនេះ។ សព្វថ្ងៃនេះ នាងមានអាយុ ៣៣ ឆ្នាំ ហើយជាស្រ្តីពាន់លានដុល្លារអាមេរិកក្មេងជាងគេបំផុតនៅអាមេរិក ជាមួយនឹងទ្រព្យសម្បត្តិសរុប ៤.៥ ពាន់លានដុល្លារអាមេរិក។

៩) លោក Matt Mullenweg ជាស្ថាបនិកបង្កើតកម្មវិធី WordPress

លោក Matt Mullenweg ជាស្ថាបនិកបង្កើតកម្មវិធី WordPress

លោក Matt Mullenweg (អាមេរិក) ជាស្ថាបនិកបង្កើតកម្មវិធី WordPress។ លោក Mullenweg បានបោះបង់ចោលការសិក្សានៅក្នុងសាកលវិទ្យាល័យ Houston នៅឆ្នាំ២០០៤។ បន្ទាប់ពីឈប់រៀន លោកមានអាយុ ២០ ឆ្នាំ ពេលនោះលោកចាប់ផ្តើមបង្កើតអភិវឌ្ឍន៍កម្មវិធី WordPress ពេលធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យា CNET ក្នុងទីក្រុង San Francisco ដោយលោកសន្យាថា អាចបន្តអភិវឌ្ឍន៍គំរោងការ ១៥% របស់លោកក្នុងពេលនោះ បន្ទាប់មក លោកឈប់ធ្វើការឲ្យគេ ហើយបង្កើតក្រុមហ៊ុនខ្លួនឯងឈ្មោះ Automattic ដែលផ្តោតលើសហការ ដើម្បីអភិវឌ្ឍន៍គេហទំព័រ។ បើទោះបីជាមានបុគ្គលិកត្រឹមតែ ៣៣០ នាក់ តែគេហទំព័រនេះមានអ្នកចូលមើលរហូតដល់ ១៣១ លាននាក់ក្នុងមួយខែ។ សព្វថ្ងៃនេះ លោក Matt Mullenweg មានទ្រព្យសម្បត្តិសរុប ៤០ លានដុល្លារអាមេរិក។

១០) លោក Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុន Facebook

លោក Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុន Facebook

លោក Mark Zuckerberg (អាមេរិក) ជាស្ថាបនិកក្រុមហ៊ុន Facebook និងជាសេដ្ឋីវ័យក្មេងពាន់លានដុល្លារអាមេរិក។ លោកចាប់ផ្តើមបង្កើត Facebook ដំបូងពីបន្ទប់ស្នាក់នៅនៅសាកលវិទ្យាល័យ Harvard របស់លោក។ បន្ទាប់មកនៅឆ្នាំ២០០៤ លោកបានបោះបង់ការសិក្សានៅឆ្នាំទី ២ នៅសាកលវិទ្យាល័យ Harvard ហើយផ្លាស់ប្តូរទៅតំបន់ Silicon Valley ដើម្បីធ្វើការពេញម៉ោងទៅលើប្រពន្ធ័ផ្សព្វផ្សាយសង្គមមួយនេះ។ សព្វថ្ងៃនេះ ប្រពន្ធ័ផ្សព្វផ្សាយសង្គមមួយនេះ មានអ្នកប្រើប្រាស់រហូតដល់ជាង ២ ពាន់លានគណនីនៅលើពិភពលោក។ សព្វថ្ងៃនេះ លោកជាសេដ្ឋីពាន់លានដុល្លារទី ៥ ដែលមានទ្រព្យសម្បត្តិសរុប ៧១.៧ ពាន់លានដុល្លារអាមេរិក។

១១) លោក Larry Ellison ជាស្ថាបនិកក្រុមហ៊ុនសហប្រតិបត្តិការបច្ចេកវិទ្យា Oracle

លោក Larry Ellison ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនសហប្រតិបត្តិការបច្ចេកវិទ្យា Oracle

លោក Larry Ellison (អាមេរិក) ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនសហប្រតិបត្តិការបច្ចេកវិទ្យា Oracle។ លោកចាប់ផ្តើមចូលរៀននៅសាកលវិទ្យាល័យ Illinois តែលោកបានបោះបង់ចោលការសិក្សាបន្ទាប់ពីបានរៀន ២ ឆ្នាំ។ បន្ទាប់ពីរដូវក្តៅក្នុងរដ្ឋកាលីហ្វ័រញ៉ា, លោកចាប់ផ្តើមផ្លាស់ប្តូរទៅរៀននៅសាកលវិទ្យាល័យ Chicago តែលោកបានបោះបង់ចោលការសិក្សាម្តងទៀត បន្ទាប់ពីឆមាសទី ១ ហើយលោកបានត្រឡប់ទៅរដ្ឋកាលីហ្វ័រញ៉ាវិញ។ លោកបានធ្វើការជាច្រើន មុននឹងទៅធ្វើការនៅក្រុមហ៊ុនអេឡិចត្រូនិច Ampex Corporation ហើយនោះជាកន្លែងដែលលោកត្រូវទទួលខុសត្រូវក្នុងការបង្កើតទិន្នន័យមួយសម្រាប់ CIA ហើយដាក់ឈ្មោះថា Oracle។ នៅឆ្នាំ១៩៧៧ លោក និងមិត្តរួមការងារពីរនាក់ទៀត បានបង្កើតក្រុមហ៊ុនគ្រប់គ្រងទិន្នន័យមួយ ដែលសព្វថ្ងៃមានឈ្មោះថា “Oracle Corporation”។ មកដល់សព្វថ្ងៃនេះ លោក Larry Ellison មានទ្រព្យសម្បត្តិសរុប ៥៩ ពាន់លានដុល្លារអាមេរិក។

១២) លោក Jack Taylor ជាស្ថាបនិកក្រុមហ៊ុនជួលឡាន Enterprise Rent-A-Car

លោក Jack Taylor ជាស្ថាបនិកក្រុមហ៊ុនជួលឡាន Enterprise Rent-A-Car

លោក Jack Taylor (អាមេរិក) ជាស្ថាបនិកក្រុមហ៊ុនជួលឡាន Enterprise Rent-A-Car។ លោក Jack Taylor គឺជាអតីនិស្សិតដែលធ្វើជំនួញម្នាក់នៅសាកលវិទ្យាល័យ Washington នៃទីក្រុង St. Louis ក្រោយមកលោកបានបោះបង់ចោលការសិក្សា ដើម្បីចូលបម្រើជាទព័ស័្មគ្រចិត្តក្នុងសង្គ្រាមលោកលើកទី ២។ បន្ទាប់មក លោកបានត្រឡប់ទៅទីក្រុង St. Louis វិញ ហើយបានបង្កើតជាសហគ្រាសភាគហ៊ុនមួយដែលមានឈ្មោះថា Enterprise Rent-A-Car។ លោក Jack Taylor បានរកស៊ីរហូតដល់ឆ្នាំ១៩៩១ បន្ទាប់មកលោកបានផ្ទេរការងារនោះទៅឲ្យកូនប្រុសរបស់លោក។ ជាអនិច្ចា រូបលោកបានស្លាប់នៅឆ្នាំ២០១៦ តែទ្រព្យសម្បត្តិរបស់លោក និងក្រុមគ្រួសារមានចំនួនសរុប ១៤ ពាន់លានដុល្លារអាមេរិក។

១៣) លោក Daniel Ek ជាស្ថាបនិកក្រុមហ៊ុនអនឡាញទៅសេវាកម្មតន្ត្រី និងវីដេអូ Spotify

លោក Daniel Ek ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Spotify

លោក Daniel Ek (ស៊ុយអែត) ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Spotify។ នៅឆ្នាំ២០០៥ លោកបានបោះបង់ចោលការសិក្សាផ្នែកវិស្វ័ករនៅវិទ្យាស្ថានបច្ចេកវិទ្យា Royal ក្រោយពីបានចូលរៀនត្រឹមតែ៨សប្តាហ៍ ក្នុងប្រទេសស៊ុយអែត បើតាមការផ្សាយរបស់ទស្សនាវដ្តី Forbes។ បន្ទាប់មក លោកធ្វើការទៅលើគេហទំព័រ ៣-៤ និងភ្លាមៗនោះ លោកបានបង្កើតក្រុមហ៊ុនទីផ្សារអនឡាញដែលមានឈ្មោះថា Advertigo។ ក្រោយមកទៀត លោកបានលក់ក្រុមហ៊ុនមួយនេះទៅឲ្យក្រុមហ៊ុនស៊ុយអែតមួយឈ្មោះថា Tradedoubler។ នៅក្នុងឆ្នាំ២០០៨ លោកបានបង្កើតក្រុមហ៊ុនមួយទៀតឈ្មោះថា Spotify។ សព្វថ្ងៃនេះ លោក Daniel Ek មានទ្រព្យសម្បត្តីសរុប ៨០០ លានដុល្លារអាមេរិក។

១៤) លោកស្រី Sophia Amoruso ជាស្ថាបនិកលក់រាយសម្លៀកបំពាក់ Nasty Gal

លោកស្រី Sophia Amoruso ជាស្ថាបនិក និងម្ចាស់ក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ Nasty Gal

លោកស្រី Sophia Amoruso (អាមេរិក) ជាស្ថាបនិក និងម្ចាស់ក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ Nasty Gal។ លោកស្រីបានខិតខំរៀនរហូតចប់ថ្នាក់វិទ្យាល័យ តែនៅពេលចូលរៀននៅមហាវិទ្យាល័យ លោកស្រីបានបោះចង់ចោលការសិក្សា។ នៅក្នុងឆ្នាំ២០០៦ លោកស្រីបានចាប់ផ្តើមលក់ទំនិញសម្លៀកបំពាក់ស្រ្តីតាមគេហទំព័រអនឡាញ eBay រហូតមកដល់ពេលមានអតិថិជនជាង ៥០ ម៉ឺននាក់ នៅទូទាំង ៦០ ប្រទេសនៅលើពិភពលោក ហើយលោកស្រីបានបង្ហាញការរកស៊ីរបស់នាងនៅក្នុងសៀវភៅមួយឈ្មោះថា “GIRLBOSS” ហើយសព្វថ្ងៃនេះ លោកស្រី មានទ្រព្យសម្បត្តិសរុប ២៨០ លានដុល្លារអាមេរិក។

១៥) លោក David Neeleman ជាស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍ JetBlue

លោក Neeleman ជាស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍ Morris Air (JetBlue Airways, and Azul Brazilian Airlines)

លោក Neeleman (ប្រេស៊ីល-អាមេរិក) ជាស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍ Morris Air (JetBlue Airways, and Azul Brazilian Airlines) ហើយលោកជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់កាលនៅវ័យកុមារ ដែលលោកកំពុងធ្វើការនៅហាងគ្រឿងទេសរបស់លោកតារបស់លោក។ លោកបានបោះបង់ចោលការសិក្សានៅសាកលវិទ្យាលល័យ Utah កាលលោកកំពុងរៀននៅឆ្នាំទី៣។ ក្រោយពីឈប់រៀន លោកបានបង្កើតក្រុមហ៊ុនអាកាសចរណ៍ដែលមានឈ្មោះថា Morris Air (JetBlue Airways, and Azul Brazilian Airlines)។

១៦) លោក Arash Ferdowsi សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Dropbox

លោក Ferdowsi ជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Dropbox

លោក Ferdowsi (អ៊ីរ៉ង់-អាមេរិក) ជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Dropbox។ លោកបានឈប់រៀននៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts នៅក្នុងឆ្នាំ២០០៧ នៅឆ្នាំទី៣ នេះការតាមការផ្សាយរបស់គេហទំព័រកាសែត Inc។ ក្រោយមកទៀតលោកបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា  DropBox ដែលសព្វថ្ងៃនេះមាននេះប្រើប្រាស់រាប់លាននាក់នៅលើពិភពលោក។ សព្វថ្ងៃនេះលោកកំពុងធ្វើជាប្រធានមន្ត្រីបច្ចេកទេសនៅក្រុមហ៊ុនមួយនេះ ហើយលោកមានទ្រព្យសម្បត្តិសរុប ៥០០ លានដុល្លារអាមេរិក៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ businessinsider

Leave a Reply

Your email address will not be published. Required fields are marked *