ក្បួនចចារឱ្យគេវិនិយោគ ៤៥ពាន់លានដុល្លារ ប្រើពេលតែ ៤៥នាទីប៉ុណ្ណោះ ពីមហាសេដ្ឋីលេខ១នៅជប៉ុន

រឿងមិនគូួរឲ្យជឿសម្រាប់មនុស្សធម្មតាទូទៅ តែវាជារឿងពិតដែលលោកមហាសេដ្ឋី មានបំផុតរបស់ជប៉ុនគឺ លោក Masayoshi Son អាចធ្វើបាន។ គាត់មានរឿងដែលមិនគួរឲ្យជឿច្រើន តែរឿងមួយដែលអស្ចារ្យជាងគេ គឺ ក្បួនគាត់ចចារ យកលុយគេ ៤៥ពាន់លានដុល្លារ ក្នុងរយៈពេលតែ ៤៥នាទីប៉ុណ្ណោះ។

លោក Masayoshi Son បានបង្ហើបរឿងនេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីពិសេសមួយ របស់ ទូរទស្សន៍ Bloomberg។ គាត់បានជួបជាមួយ ព្រះអង្គម្ចាស់ ស្នងរាជ្យ គឺព្រះអង្គ Mohammed Bin Salman ដែលនៅពេលនោះលោកបានប្រើពេលតែ ៤៥នាទីប៉ុណ្ណោះ ដើម្បីបញ្ចុះបញ្ចូលឲ្យព្រះអង្គម្ចាស់រូបនេះ ដាក់ទុនរហូតដល់ ៤៥ពាន់លានដុល្លារ ក្នុងមូលនិធិ Vision Fund របស់លោក ដែលលោកត្រូវការរហូតដល់ ១០០ពាន់លានដុល្លារ។

លោកមហាសេដ្ឋី Masayoshi Son ដែលជាម្ចាស់ភាគហ៊ុនធំបផុត ក្នុងក្រុមហ៊ុន Alibaba ដែរនោះ បានពន្យល់ពីក្បួននោះថា ដំបូងគាត់បានប្រាប់ទៅព្រះអង្គម្ចាស់ថា គាត់មានកាដូមួយ ដែលមានតម្លៃជាងពាន់ពាន់លានដុល្លារ ជូនព្រះអង្គម្ចាស់ Salman សម្រាប់ការមកទស្សនកិច្ចទីក្រុងតូក្យូ។ មួយរំពិចនោះ ព្រះអង្គម្ចាស់រូបនោះបានបើកភ្នែកធំៗ ហើយប្រាប់ទៅលោក Son វិញថា ព្រះអង្គចាប់អារម្មណ៍។

បន្ទាប់មកគាត់ក៏ចាប់ផ្តើមបង្ហាញនូវផែនការដែល ព្រះអង្គម្ចាស់ Salman អាចនឹងទទួលបានកាដូ ដែលមានតម្លៃមហិមាមួយនេះបាន។ គាត់ប្រាប់ថា ដើម្បីបានកាដូនោះ ព្រះអង្គ ត្រូវដាក់លុយ ៤៥ពាន់លានដុល្លារសិនជាមួយគាត់ ហើយគាត់ក៏បានពន្យល់ពី ទស្សនៈ Singularity ដែលជាទស្សនៈវិស័យអនាគតដែលពន្យល់ថា ៣០ឆ្នាំទៅមុខទៀត ស្ទើរតែគ្រប់ផ្នែកកុំព្យូទ័រ នឹងមានសមត្ថភាពពូកែជាងខួរក្បាលមនុស្ស។

ពន្យល់ពីអនាគតមិនបាន ៤៥នាទីផង ព្រះអង្គ Salman ក៏បានយល់ព្រមដាក់លុយ ៤៥ពាន់លានដុល្លារ ចូលរួមជាមួយលោកមហាសេដ្ឋី Son។ តាមពិតទៅ លោកមហាសេដ្ឋី Son ក៏មានកិត្តនាម ល្បីផងខាងមើលអនាគត ហើយគាត់បានវិនិយោគចំនេញច្រើនណាស់ លើក្រុមហ៊ុនបច្ចេកវិទ្យា រាប់រយក្រុមហ៊ុនទៅហើយ។ ភាពឆ្លាតវ័យក្នុងការវិនិយោគនេះ ហើយក៏ជាទំនុកមួយធំណាស់ សម្រាប់ព្រះអង្គម្ចាស់ Salman ដាក់លុយរាប់ពាន់លានដុល្លារជាមួយគាត់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia