ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានបង្ហាញលទ្ធផលករណីពុលនៅខេត្តក្រចេះហើយ

លទ្ធផល​ធ្វើតេស្ត​វិភាគ​បឋម​របស់​វិទ្យាស្ថាន​ស្តង់ដាកម្ពុជា នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើ​សំណាក​ស្រា​ស និង​ទឹក​ក្នុង​ព្រែក​ទេរ បាន​បង្ហាញ​ឱ្យដឹង​កាលពី​រសៀលថ្ងៃ​ទី០៧ ខែ​ឧសភា​ថា ករណី​ពុល នៅខេត្ត​ក្រចេះ គឺ​បណ្ដាល​មកពី​ស្រា មាន​ជាតិ​មេតាណុល​ខ្ពស់ និង​ទឹក មាន​សារធាតុ​ក្រូម​លើស​កម្រិត​ស្ដង់ដារ។

លទ្ធផល​នៃការ​ធ្វើ​តេស្ត​វិភាគ​បឋម​នៅនឹង​កន្លែង និង​ក្នុង​មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា លើ​សំណាក​ស្រាស និង​ទឹក​ក្នុង​ព្រែក​ទេរ ខេត្ត​ក្រចេះ បាន​រកឃើញ​ថា៖

  • សំណាក​ស្រាស មាន​សារធាតុ​មេតាណុល ១១,២២ % (កម្រិត​ស្តង់ដា​អនុញ្ញាត​ខ្ពស់​បំផុត​ត្រឹម ០,១៥ %)។
  • សំណាក​ទឹក​ព្រែក​ទេរ មាន​សារធាតុ​ក្រូម (Chromium) ១៧៣ មីក្រូក្រាម​ក្នុង​ទឹក​មួយ​លីត្រ (កម្រិត​ស្តង់ដា​អនុញ្ញាត​ត្រឹម ៥០ មីក្រូ​ក្រាម) និង​សារធាតុ​នីទ្រីត ៧,២៣ មីលីក្រាម​ក្នុង​ទឹក​មួយ​លីត្រ (កម្រិត​ស្តង់ដា ៣ មីលីក្រាម​ក្នុងទឹក​មួយ​លីត្រ)។

ជាមួយគ្នា​នេះ ក្រសួង​សុខាភិបាល និង​រដ្ឋបាល​ខេត្ត​ក្រចេះ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ប្រើប្រាស់​ទឹក​ព្រែកទេរ និង​ទឹក​តាម​ដៃ​ព្រែក​ទេរ ព្រមទាំង​ឱ្យ​បញ្ឈប់​ការ​ទទួលទាន និង​ចែកចាយ​ស្រាស ដែល​មាន​ជាតិពុល។

សូម​បញ្ជាក់​ថា កាលពី​យប់ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០១៨ មាន​ករណី​ពុលស្រា និង​ទឹក បាន​កើតឡើង​នៅភូមិ​ស្រែនន និង​ភូមិ​អាលច ក្នុង​ឃុំកន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ដោយមាន​រោគ​សញ្ញា ឈឺពោះ ក្អួត​ចង្អោរ ឈឺក អស់​កម្លាំង ទន់ដៃ​ទន់ជើង វិលមុខ និង​ថប់​ដង្ហើម។

របាយការណ៍​របស់​ក្រុម​ការងារ​ជំនាញ​ថ្នាក់​កណ្តាល និង​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បាន​ឱ្យដឹង​ថា គិតត្រឹម​ថ្ងៃទី​៧ ខែ​ឧសភា​នេះ មាន​អ្នក​ជំងឺ​សរុប​ចំនួន ១៤៩​នាក់ ក្នុង​នោះ មាន​អ្នក​ស្លាប់​ចំនួន ១១​នាក់ គិតចាប់​ពីថ្ងៃទី​៣ ខែ​ឧសភា​មក ហើយ​អ្នក​ស្លាប់​ភាគច្រើន​មាន​អាយុ​ចាប់ពី ២៤​ឆ្នាំ រហូត​ដល់ ៧៣​ឆ្នាំ។

របាយការណ៍​ដដែល​បញ្ជាក់​ថា រហូត​មកដល់​ពេលនេះ នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ កំពុង​មាន​អ្នក​ជំងឺ​ដោយ​ករណី​ទាំង២​ខាងលើ​សម្រាក​ព្យាបាល​ចំនួន ១៣៤​នាក់។ អ្នក​ជំងឺ​ភាគច្រើន បាន​ធូរស្រាល​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​អ្នក​ជំងឺ​ធ្ងន់ធ្ងរ ចំនួន ១២​នាក់ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay