ញាក់សាច់! កំពូលមហាសេដ្ឋីខ្ទង់ពាន់ដុល្លារទាំង១០ក្នុងតំបន់អាស៊ាន សុទ្ធតែជាប់ខ្សែស្រឡាយចិន

អាស៊ានជាតំបន់ដែលមានប្រជាជនជាង៦៥០លាននាក់ ហើយក៏ជាតំបន់ដែលមានមហាសេដ្ឋីជាច្រើននៅលើតារាងចំណាត់ថ្នាក់មហាសេដ្ឋីកំពូលៗរបស់ពិភពលោកផងដែរ កត្តាទាំងនេះហើយដែលធ្វើឲ្យតំបន់អាស៊ានមានសេដ្ឋកិច្ចកាន់តែខ្លាំងឡើងៗគួរឲ្យកត់សម្គាល់។

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺ មហាសេដ្ឋីកំពូលៗនៅក្នុងតំបន់អាស៊ានស្ទើរទាំងអស់សុទ្ធតែមានដើមកំណើតជាជនជាតិចិន ដែលបានរត់ភៀសខ្លួនពីស្រុកកំណើតមករស់នៅពាសពេញប្រទេសនៅក្នុងតំបន់ដ៏មានសក្តានុពលមួយនេះ។

តើមហាសេដ្ឋីជាប់សែស្រឡាយចិនដែលរត់ភៀសខ្លួនទាំងនោះ កាន់កាប់តំណែងជាមហាសេដ្ឋីនៅប្រទេសណាខ្លះក្នុងតំបន់អាស៊ាន និងរកស៊ីជំនួញអ្វីខ្លះ?

ថ្ងៃនេះ ពាណិជ្ជកម្មកម្ពុជា សូមលើកយកមហាសេដ្ឋីមានបំផុតចំនួន១០រូបប្រចាំតំបន់អាស៊ានដែលមានជាប់សែស្រឡាយចិន ប៉ុន្តែពួកគាត់សុទ្ធតែកើតចេញពីគ្រួសារក្រីក្រនិងកសាងភាពមានបានដោយការតស៊ូខ្លួនឯង៖

លេខ១៖ មហាសេដ្ឋីម៉ាឡេស៊ី Robert Kuok


មហាសេដ្ឋីរហ័សនាមស្តេចស្ករស Robert Kuok រូបនេះមានវ័យ៩៣ឆ្នាំ ជាអគ្គនាយកនៃបណ្តុំក្រុមហ៊ុនជាច្រើនរាប់ភ្លេចមានទាំង សណ្ឋាគារ រោងចក្រចំណីសត្វ ក្រុមហ៊ុនប្រេង ក្រុមហ៊ុនរ៉ែ ផ្សារទំនើបធំៗ អចលនទ្រព្យ និងរោងចក្រផលិតស្ករសធំបំផុតនៅលើទីផ្សារពិភពលោកផងដែរ។ លោក Robert Kouk គឺជាកូនចិនសុទ្ធសាធដែលឪពុកម្តាយបានរត់ភៀសខ្លួនមកពីតំបន់ហ៊្វូចៀន ប្រទេសចិន មករស់នៅក្នុងទឹកដីប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្នសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ១៩,៩០០ លានដុល្លារអាមេរិក ជាប់ជាបុគ្គលមានជាងគេនៅក្នុងតំបន់អាស៊ានទាំង១០ប្រទេស និងឈរលេខ៤៧នៅលើពិភពលោក។

លេខ២៖ មហាសេដ្ឋីថៃ Charoen Sirivadhanabhakdi

សេដ្ឋីជំនួញថៃលោក Charoen Sirivadhanabhakdi មានវ័យ៧៣ឆ្នាំ ជាមហាសេដ្ឋីមានបំផុតលេខ១នៅប្រទេសថៃ លោកជាស្ថាបនិកនិងអគ្គនាយកក្រុមហ៊ុន TCC Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរួមមាន ភេសជ្ជៈ អចលនទ្រព្យ សណ្ឋាគារ ខនដូ ផ្សារទំនើប និងជំនួញជាច្រើនផ្សេងទៀត ទាំងនៅប្រទេសថៃ សឹង្ហបុរី និងម៉ាឡេស៊ីជាដើម។ មហាសេដ្ឋីថៃរូបនេះជាសែស្រឡាយចិនកើតនៅក្នុងតំបន់ឆៃណាថោន ទីក្រុងបាំងកក ដែលឪពុកម្តាយរត់ភៀសខ្លួនមកពីតំបន់សានតូវ ប្រទេសចិន។ បច្ចុប្បន្នមហាសេដ្ឋី Charoen មានទ្រព្យសម្បត្តិចំនួន ១៥,៩០០លានដុល្លារអាមេរិក ជាបុគ្គលមានបំផុតលេខ១នៅថៃ ទី២នៅអាស៊ាននិងលេខ៧២នៅលើពិភពលោក។

លេខ៣៖ មហាសេដ្ឋីឥណ្ឌូនេស៊ី Robert Budi Hartono

មហាសេដ្ឋីរកស៊ីជំនួញថ្នាំជក់របស់ប្រទេសឥណ្ឌូនេស៊ី លោក Robert Hartono មានវ័យ៧៧ឆ្នាំ ជាអ្នកមានជាងគេនៅប្រទេសឥណ្ឌូនេស៊ី កាន់កាប់មុខជំនួញដូចជា ក្រុមហ៊ុនថ្នាំជក់ធំបំផុតលេខ១នៅអាស៊ីនិងលេខ២នៅលើពិភពលោក ក្រុមហ៊ុនអចលនទ្រព្យ ផ្សារទំនើប និងធនាគារជាដើម។ លោក Hartono ជាប់សែស្រឡាយចិនដែលបានរភៀសខ្លួនជាមួយឪពុកម្តាយក្នុងជំនាន់សង្គ្រាមលោកលើកទី១មករស់នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់លោក Hartono មានចំនួន ១១,៥០០លានដុល្លារអាមេរិក ជាប់ជាសេដ្ឋីមានបំផុតលេខ១នៅឥណ្ឌូនេស៊ី លេខ៣នៅក្នុងតំបន់អាស៊ាន និងលេខ១១៩នៅលើពិភពលោក។

លេខ៤៖ មហាសេដ្ឋីឥណ្ឌូនេស៊ី Michael Budi Hartono

មហាសេដ្ឋីមានបំផុតលេខ២នៅឥណ្ឌូនេស៊ី លោក Michael Hartono ត្រូវជាបងប្អូនបង្កើតជាមួយមហាសេដ្ឋីលោក Robert Budi Hartono បងប្អូនទាំងពីរនាក់ជាអ្នកមានជាងគេនៅប្រទេសឥណ្ឌូនេស៊ី។ លោក Michael Hartono កាន់កាប់មុខជំនួញ ធនាគារ ផ្សារទំនើប មានទ្រព្យសម្បត្តិចំនួន ១១,១០០លានដុល្លារអាមេរិក ជាប់ជាសេដ្ឋីលេខ២នៅឥណ្ឌូនេស៊ី លេខ៤នៅអាស៊ាន និងលេខ១២៦នៅលើពិភពលោក។

លេខ៥៖ មហាសេដ្ឋីឥណ្ឌូនេស៊ី Eka Wijaya

មហាសេដ្ឋីរកស៊ីច្រើនមុខជំនួញ លោក Eka Wijaya មានវ័យ៩៤ឆ្នាំ ជាអ្នកមានលំដាប់លេខ៣នៅប្រទេសឥណ្ឌូនេស៊ី កាន់កាប់មុខជំនួញដូចជា ក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនដូងប្រេងលំដាប់លេខ២លើពិភពលោក ជំនួញផ្នែកថាមពល រ៉ែមាស រោងចក្រក្រដាស ក្រុមហ៊ុនអចលនទ្រព្យ ផ្សារទំនើប និងធនាគារជាដើម។ លោក Eka Wijaya ជាជនជាតិចិនមានដើមកំណើតនៅខេត្តហ្វូចៀន ប្រទេសចិន ដែលរភៀសខ្លួនមករស់នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី តាំងពីលោកមានអាយុ៧ឆ្នាំមកម្លេះ។ ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់លោក Eka Wijaya មានចំនួន ១០,៧០០លានដុល្លារអាមេរិក ជាប់ជាសេដ្ឋីមានបំផុតលេខ៣នៅឥណ្ឌូនេស៊ី លេខ៥នៅអាស៊ាន និងលេខ១៣១នៅលើពិភពលោក។

លេខ៦៖ មហាសេដ្ឋីសឹង្ហបុរី Wee Chow Yaw


មហាសេដ្ឋីរកស៊ីជំនួញធនាគា លោក Wee Chow Yew មានវ័យ៨៥ឆ្នាំជាម្ចាស់និងអគ្គនាយកធនាគារធំបំផុតលំដាប់លេខ៣នៅសឹង្ហបុរី emeritus of United Overseas Bank។ លោក Wee Chow Yew ជាជនជាតិចិនមានដើមកំណើតមកពីតំបន់ Quemoy ប្រទេសចិន។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលេខ១នៅសឹង្ហបុរីរូបនេះមានចំនួន ៩,៥០០លានដុល្លារអាមេរិក ជាប់ជាសេដ្ឋីមានបំផុតលេខ៦នៅអាស៊ាន និងលេខ១៤៨នៅលើពិភពលោក។

លេខ៧៖ មហាសេដ្ឋីសឹង្ហបុរី Goh Cheng Liang

មហាសេដ្ឋីរកស៊ីជំនួញថ្នាំលាប លោក Goh Cheng Liang មានវ័យ៩០ឆ្នាំ ជាស្ថបនិកក្រុមហ៊ុន Wuthelam Holdings ហើយក៏ជាម្ចាស់ក្រុមហ៊ុនថ្នាំលាប Nippon Paint ផងដែរ។ លោកជាជនជាតិចិនដែលមានប្រវត្តិមកពីគ្រួសារក្រីក្រ ឪពុកជាមនុស្សគ្មានការងារធ្វើ ចំណែកម្តាយជាអ្នករកស៊ីបោកខោអាវឲ្យគេ។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលេខ២នៅសឹង្ហបុរីរូបនេះមានចំនួន ៩,២៦០លានដុល្លារអាមេរិក ជាប់ជាសេដ្ឋីមានបំផុតលេខ៧នៅអាស៊ាន និងលេខ១៥០នៅលើពិភពលោក។

លេខ៨៖ មហាសេដ្ឋីនីឥណ្ឌូនេស៊ី Tan Siok Tjien

សេដ្ឋីនីមានបំផុតលេខ៤ឥណ្ឌូនេស៊ីនិងជាអ្នកជំនួញស្រ្តីទី១ក្នុងតំបន់អាស៊ាន លោកស្រី Tan Siok Tjien មានវ័យ៦៥ឆ្នាំ កាន់កាប់មុខជំនួញថ្នាំជក់ធំបំផុតទី៥នៅឥណ្ឌនេស៊ី។ លោកស្រីជាប់សែស្រឡាយចិនមកពីខេត្តហ៊្វូចៀន ប្រទេសចិន។ បច្ចុប្បន្នទ្រព្យសម្បត្តិចំនួន ៨,៨៩០លានដុល្លារអាមេរិក ជាប់ជាមហាសេដ្ឋីស្រ្តីមានបំផុតលេខ១នៅតំបន់អាស៊ាន។

លេខ៩៖ មហាសេដ្ឋីម៉ាឡេស៊ី Teh Hong Piow

លោក Teh Hong Piow ជាមហាសេដ្ឋីរកស៊ីខាងផ្នែកធនាគារ លោកជាស្ថាបនិកនិងអគ្គនាយកធនាគារធំបំផុតលំដាប់លេខ៣នៅម៉ាឡេស៊ី Public Bank។ លោកជាជនជាតិចិនរត់ភៀសខ្លួនមកពីខេត្តក្វាងទុង ប្រទេសចិន។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានចំនួន ៧,៤២០លានដុល្លារអាមេរិក ជាប់ជាសេដ្ឋីមានបំផុតលេខ៩នៅអាស៊ាន និងលេខ២០៨នៅលើពិភពលោក។

លេខ១០៖ មហាសេដ្ឋីហ្វីលីពីន Henry Sy Sr

មហាសេដ្ឋីសែស្រឡាយចិនវ័យ៩៣ឆ្នាំ លោក Henry Sy Sr ជាម្ចាស់ក្រុមហ៊ុនវិនិយោគ SM Investments ដែលជាក្រុមហ៊ុនមេវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតទាំងនៅក្នុងប្រទេសហ្វីលីពីន និងបរទេស មានដូចជា ក្រុមហ៊ុនចែកចាយផលិតផល ផ្សារទំនើប អចលនទ្រព្យ ធនាគារ ផ្នែកអប់រំជាដើម ។ លោកជាជនជាតិចិនរត់ភៀសខ្លួនពីតំបន់ហ៊្វូចៀន ប្រទេសចិន ជំនាន់សង្គ្រាមតាំងពីអាយុ១២ឆ្នាំ មករស់នៅប្រទេសហ្វីលីពីន។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានចំនួន ៦,៨៩០លានដុល្លារអាមេរិក ជាមហាសេដ្ឋីមានបំផុតនៅហ្វីលីពីន លេខ១០នៅអាស៊ាន និងលេខ២២៩នៅលើពិភពលោក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!