អតិថិជនកាន់តែងាយស្រួល ព្រោះគ្រឹះស្ថានហិរញ្ញវត្ថុ៥ បញ្ចូលក្នុងទូ ATM តែ១

“Cambodian Shared Switch” ( CSS) ជាប្រព័ន្ធរួមបញ្ចូលគ្នាមួយសម្រាប់សម្រួលដល់អតិថិជន ធ្វើប្រតិបត្តិការអន្តរធនាគារ ដែលបានដំណើរការកាលពីចុងឆ្នាំ ២០១៧ ដោយធនាគារជាតិនៃ កម្ពុជាបានសហការជាមួយ ធនាគារអេស៊ីលីដា ធនាគារស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីបង្កើតប្រព័ន្ធឡើង។

ទីស្នាក់ការធនាគារអេស៊ីលីដា (ទីក្រុងភ្នំពេញ)

ប្រព័ន្ធ​ថ្មី​ «Cambodian Shared Switch (CSS)»នេះ ជា​ប្រព័ន្ធ​មួយ​សម្រាប់​ត​ភ្ជាប់​កំណត់ត្រា​គណនី​របស់​ម៉ាស៊ីន ATM និង​ម៉ាស៊ីន​ឆូត​កាត (POS) ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​អន្តរ​ធនាគារ​។ បច្ចុប្បន្ននេះមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥ហើយដែលបានចូលក្នុងប្រព័ន្ធ ដូចជា ធនាគារ អេស៊ីលីដា ធនាគារ ស្ថាបនា ធនាគារ ប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

ប្រព័ន្ធនេះពិតជាផ្ដល់ភាពងាយស្រួលសម្រាប់ឲ្យអតិថិជនធ្វើប្រតិបត្តិការអន្តរធនាគារ។ ឧទាហរណ៍ថា បើអ្នកជា អតិថិជនរបស់ធនាគារ អេស៊ីលីដា នោះអ្នកអាចកាន់កាត ATM ទៅដកប្រាក់ពីទូរ ATM ធនាគារ ប្រៃសណីយ៍កម្ពុជា ឬ ធនាគារស្ថាបនាក៏បានដែរ។ មួយវិញទៀត បើអ្នកកាន់កាតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ទិញទំនិញតាមផ្សារទំនើប ហើយទូទាត់ទំនិញតាមរយៈការឆូតកាត នោះអ្នកក៏អាចឆូតកាតជាមួយ ​ម៉ាស៊ីន​ឆូត​កាត (POS) របស់ ធនាគារ អេស៊ីលីដាបានដែរ។

បើតាមប្រសាសន៍របស់លោកស្រី សូរ ផន​ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដាដែលដកស្រង់សម្ដីដោយ ភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថា រាល់​ការដក​ប្រាក់​តាម​ម៉ាស៊ីន ATM ធនាគារ​ផ្សេង​ពី​កាត ATM ដែល​អតិថិជន​កាន់ អតិថិជន​ត្រូវ​ចំណាយ​កម្រៃ​ប្រតិបត្តិការ ១ ៨០០ រៀល​ក្នុង​មួយ​ប្រតិបត្តិការ ខណៈដែល​ការផ្ទេរ​ប្រាក់​ពីធនាការមួយទៅធនាគារមួយទៀត​គឺយក​កម្រៃ​សេវា ៤ ០០០ រៀល​សម្រាប់​ទឹក​ប្រាក់​វេរ​ក្រោម ១ ០០០ ដុល្លារ និង ២ ដុល្លារ សម្រាប់​ទឹក​ប្រាក់​ផ្ទេរ​ក្រោម ៥ ០០០ ដុល្លារ​។

គោលបំណងនៃ ការដាក់ដំណើរការ បឋម ប្រព័ន្ធ CSS គឺដើម្បីធ្វើទំនើបកម្មប្រព័ន្ធទូទាត់ កាត់បន្ថយចរាចរសាច់ប្រាក់លើទីផ្សារ ជាពិសេសគឺ ជំរុញ ប្រតិបត្តិការ អន្តរធនាគារ ឲ្យកាន់តែទូលំទូលាយតាមរយៈមធ្យោបាយ ធ្វើប្រតិបត្តិការបន្ថែមទៀតសម្រាប់អតិថិជន ហើយនាពេលអនាគត នឹងមានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនបន្តបន្ទប់ចូលជាសមាជិកក្នុងប្រព័ន្ធទំនើបមួយនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia