គាំទ្រ! ​ប្រទេសរ៉ូម៉ានី​ ស្នើសុំដំឡើងរូបសំណាកសម្តេចតានៅក្នុងប្រទេសរបស់ខ្លួន

លោកស្រី Monica Dorina Gheorghita អនុរដ្ឋមន្ត្រី​ការ​បរទេស​រ៉ូម៉ានី បាន​ថ្លែង​ថា រដ្ឋាភិបាល​រ៉ូម៉ានី​ មានបំណង​ដំឡើង​ព្រះ​បរមរូប ១កំណាត់ព្រះ​កាយ​ របស់អតីត​ព្រះមហាក្សត្រ ព្រះ​បាទ​នរោត្តម​សីហនុ នៅ​ទីក្រុង​ប៊ូការ៉េស ​ប្រទេស​រ៉ូម៉ានី។

ការ​បង្ហាញ​គម្រោង​នេះ ត្រូវ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នា​ទីស្ដីការ​ក្រសួង​ការ​បរទេស​កម្ពុជា។

លោក មាស គឹមហេង អនុរដ្ឋលេខាធិការកក្រសួងការបរទេស បាន​ឲ្យ​ដឹងថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញ​ទស្សនកិច្ចផ្លូវ​ការ​នៅ​ប្រទេស​រ៉ូម៉ានី នៅចុងឆ្នាំ២០១៨​នេះ ដោយ​នាំយក​ព្រះបរមរូប ១កំណាត់ព្រះកាយ របស់អតីតព្រះមហាក្សត្រ សម្តេចព្រះបរមរតនកោដ្ឋ ទៅជាមួយផងដែរ។

រូបសំណាកសម្តេចតានៅមុខវិមានឯករាជ្យ រាជធានីភ្នំពេញ

លោកស្រី Monica Dorina Gheorghita បាន​ឲ្យដឹង​ថា រ៉ូម៉ានី ចង់ដំឡើង​រូបសំណាក​ព្រះបាទ​នរោត្តម​សីហនុនេះ ជាមួយ​រូបសំណាក​​អតីត​ប្រធានាធិបតីរ៉ូម៉ានី ហាបីប បូគីបា នៅ​ទីលាន​ហ្វ្រង់កូហ្វូនី នា​ក្រុង​ប៊ូការ៉េស ដែល​នៅ​ទីនោះ រូប​សំណាក​របស់​អតីត​ប្រធានាធិបតី សេណេហ្គាល់ លោក ឡេអូប៉ូល សេដា​សេងហ័រ ត្រូវ​បាន​ដំឡើង​រួច​ហើយ។

លោកស្រី​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​រ៉ូម៉ានី​បន្ត​ថា រូបសំណាក​ទាំង​៣​នេះ គឺ​ជា​កិត្តិយស​ឧទ្ទិស​ដល់​ស្ថាបនិក​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង (ហ្វ្រង់​កូហ្វូនី)​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay