ឡូយកប់! Facebook ត្រៀមបង្កើតមុខងារថ្មីៗចំនួន៨ប្រភេទលួងចិត្តអ្នកគាំទ្រទៀតហើយ

នា​សន្និសីទ​ជួបជុំ​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី F8 កាល​ពី​សប្តាហ៍​មុន ក្រុមហ៊ុន Facebook បាន​ប្រកាស​ផែនការ​ផ្លាស់ប្តូរ​និង​បន្ថែមមុខងារ​ថ្មី​មួយ​ចំនួន ទៅ​លើ​សេវាកម្ម​ដូច​ជា Facebook, Messenger, Instagram និង WhatsApp។ ក្នុង​នោះ​ក៏​បាន​ផ្តោត​លើ​មុខងារ​សំខាន់​ទាំង ៨ ដែល​ខ្លះ​ក៏​ផ្តល់​អត្ថប្រយោជន៍​កាន់​តែ​ប្រសើរ។

១) Clear History:

ជា​សារ​ឆ្លើយតប​ទៅ​នឹង​រឿង​អាស្រូវ​ជាមួយ​ក្រុមហ៊ុន Cambridge Analytica ក្រុមហ៊ុន​លោក Mark Zuckerberg បានបន្ថែម​នូវ​មុខងារ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យ​ឈ្មោះ Clear History ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​លុប​ចោល​ទិន្នន័យ​ដែល​ស្ថាប័ន​ណា​មួយ​បាន​ប្រមូល​ចោល​ទាំង​អស់​ក្នុង​ពេល​តែ​មួយ។

២) Facebook Dating:

ណាត់​ជួប​គ្នា​តាម Online ជា​អ្វី​ដែល​អ្នក​នៅ​លីវ​ប្រាថ្នា​ចង់​បាន ឥឡូវ​មាន​ហើយ Facebook សូម​បំពេញ​បំណង​របស់​អ្នក។ ដោយ​មុខងារ​ឲ្យ​ឈ្មោះ Dating អាច​អនុញ្ញាត​ឲ្យ​អ្នក​ស្វែងរក​គូគាប់​តាម​រយៈ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ ដោយ​ផ្អែក​តាម​ចំណង់ចំណូលចិត្ត, មិត្តភាព​ស្គាល់​បន្ត​គ្នា (Mutual Friends) និង​ការ​ចាប់​អារម្មណ៍​លើ​មាតិកា​តែ​មួយ។

៣) Watch Party:

លោក Mark ក៏​បន្ថែម​នូវ​មុខងារ​ទស្សនា​វីដេអូ​កាន់​តែ​ប្លែក​មួយ​ផ្សេង​ទៀត ពោល​គឺ​ការ​ទស្សនា​ជា​ក្រុម ដោយ​ដំឡើង​ក្នុង Chat Room មួយ ហើយ​អាច​ធ្វើការ Invite សមាជិក​ក្រុម​មក​ទស្សនា​រួម​គ្នា។

៤) Group Calling:

ធ្លាប់​តែ​មាន​លើ Facebook នៅ​លើ​បណ្តាញ​សង្គម​ផ្សេង​ទៀត Instagram និង WhatsApp ក៏​ទើប​តែ​បន្ថែម​មុខងារ​ Video Chatting និង Group Call ដូច​ដែល​មាន​លើ Messenger។

៥) ការ​វិវត្ត​បច្ចេកវិទ្យា AR:

ជៀសវាង​ហួស​សម័យ​កាល AR ក្រុមហ៊ុន​អាមេរិក​​នេះ​ក៏​ឆ្លៀត​ចេញ​មុខ​អភិវឌ្ឍ​បច្ចេកវិទ្យា​ពេញ​និយម​មួយ​នេះ ដោយ​បន្ថែម​ការ​ថត​រូប​បែប AR ជាមួយ​មុខងារ AR Studio អាច​ប្រើ​បាន​ទាំង​លើ Messenger និង Instagram។

៦) Crisis Response:

ស្រដៀង​គ្នា​នឹង​មុខងារ Safety Check ដោយ​ការ​បន្ថែម​មុខងារ​ថ្មី ងាយ​ស្រួល​សម្រាប់​មនុស្ស​ដំបូង​ក្នុង​ការ​ចែក​រំលែក​ពី​រឿង​ហេតុ​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ ឬ​ករណី​បន្ទាន់​ណា​មួយ។ ទិន្នន័យ​ដែល​រាយការណ៍ អាច​ជា​រូបភាព ឬ​វីដេអូ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ឯ​ទៀត​ងាយ​ស្រួល​កំណត់​ពី​ទីតាំង​កើត​ហេតុ។

៧) មុខងារ​បកប្រែ​ភាសា:

ពី​មុន​ធ្លាប់​តែ​ខ្ចី​ Microsoft Bing ឲ្យ​មក​ជួយ​បកប្រែ​ភាសា​ណា​មួយ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន ប៉ុន្តែ​មុខងារ​ថ្មី​បង្កើត​ដោយ​ផ្ទាល់​ខ្លួន​ឲ្យ​ឈ្មោះ M Translation នឹង​អាច​បកប្រែ​សារ​តាម​រយៈ​កម្មវិធី Chat បាន​ដូច​គ្នា ពោល​នៅ​ដំណាក់កាល​ដំបូង​គាំទ្រ​ភាសា​អេស្ប៉ាញ​និង​អង់គ្លេស។

៨) Dark Mode លើ Messenger:

កំណើន​អ្នក​ប្រើ​កាន់​តែ​កើន​ឡើង ទំហំ​មតិ​មិន​ពេញ​ចិត្ត​លើ​ផ្ទៃ Interface នៃ​ Messenger ក៏​បន្ត​កើត​មាន។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ ក្រុមហ៊ុន Facebook ក៏​សម្រេច​បន្ថែម​នូវ​មុខងារ Dark Mode កែ​ទៅ​ជា​ផ្ទៃ​ពណ៌​ខ្មៅ ងាយ​ស្រួល​ទាំង​ប្រើប្រាស់​ពេល​រាត្រី ក៏​ដូច​ជួយ​ការពារ​ភ្នែក​បាន​មួយ​កម្រិត​ផង​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!