ស្វែងយល់ពីជីវប្រវត្តិរូបសង្ខេបរបស់សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី

​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រសូត្រ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ។ ព្រះអង្គ​ជា​រាជ​បុត្រា​របស់​ព្រះបាទ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គ​ ឡើង​គ្រង​រាជសម្បត្តិ នា​ថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ​២០០៤។​

ខាងក្រោមនេះ ជា​ព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពរបស់​ព្រះអង្គ៖

១៩៥៩-១៩៦២ -សិក្សានៅសាលាបឋមសិក្សានរោត្តម វិទ្យាល័យដេកាត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

១៩៦២-១៩៦៧ -សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យប្រាគ (ឆេកូស្លូវ៉ាគី)

១៩៦៧-១៩៧១ -សិក្សាផ្នែកសិល្បៈ របាំ-តូរ្យតន្រ្តី-ល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ

១៩៧០ -មធ្យមសិក្សាប័ត្រ នៅប្រាគ (និទ្ទេសល្អណាស់)

១៩៧១ -ជ័យលាភីលេខ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ

១៩៧១-១៩៧៥ -សិក្សានៅសកលវិទ្យាល័យ បណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ

១៩៧៥ -បរិញ្ញាប័ត្រជាន់ខ្ពស់ នៃបណ្ឌិតសភាផ្នែកសិល្បៈតន្រ្តី ប្រាគ

១៩៧៥ -ព្រះរាជនិពន្ធនិក្ខេបបទស្តីពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា

១៩៧៥-១៩៧៦ -ឧត្តមសិក្សាខាងផ្នែកភាពយន្ត នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)

១៩៧៦-១៩៧៩ -ជាប់ក្រោមការឃុំឃាំង របស់ខ្មែរក្រហម ជាមួយព្រះវរាជបិតា និងព្រះវររាជមាតា និងព្រះអនុជ សម្តេច នរោត្តម នរិន្ទ្រៈពង្ស

១៩៧៩-១៩៨០ -ព្រះលេខាផ្ទាល់ ព្រះវររាជបិតា ក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន

១៩៨១-២០០០ -សាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈ នៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA, GABRIEL FAURE និង W.A.MOZART នៅក្រុងប៉ារីស

១៩៨៤-១៩៨៨ -ប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈនៃក្រុមរបាំបាលេ “DEVA” ។

១៩៨៨-១៩៩៣ -អគ្គនាយក និងជានាយកសិល្បៈ នៃសាជីវកម្មខេមរភូមិន្ទភាពយន្ត “ខេមរាភាពយន្ត” ។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួនពីរ រឿង១.”សុបិន្ត” ២. “ ធាតុទាំង៤”។

១៩៩២-១៩៩៣ -ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្រ្តៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា

១៩៩៣-២០០៤ -ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ

២០០៤ -សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង

ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ -ព្រះមហាក្សត្រប្រោសប្រទានដំឡើង​ព្រះគោរម្យងារជា សម្តេចក្រុមឃុន

ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០០៣ -ព្រះមហាក្សត្រប្រោសប្រទានតែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០០៤ -ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា សម្តេចព្រះបរមនាថ

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ -ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី២៩ តុលា ២០០៤ – ឡើង​គ្រង​រាជសម្បត្តិ

ភាសា៖

ក្រៅពីភាសាជាតិ​ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ចេះ​ភាសាឆេក បារាំង និងអង់គ្លេស​ យ៉ាង​ស្ទាត់ជំនាញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay