ភ្ញាក់ផ្អើល! ​​​​​​​​​​កសិករពីរភូមិភាគច្រើននៅម្តុំព្រែកតាម៉ាក់ ប្រកបរបរដាំស្មៅ ជំនួសឲ្យការដាំបន្លែដើម្បីលក់

ប្រជាកសិករនៅម្តុំស្ពានព្រែកតាម៉ាក់នាំគ្នាសម្រុកដាំស្មៅពូជជប៉ុន និងម៉ាឡេស៊ីជំនួសឲ្យការដាំបន្លែ នៅលើផ្ទៃដីដែលសល់ក្រោយផ្ទះ ដើម្បីផ្គត់ផ្គង់មកទីក្រុងភ្នំពេញ និងផ្តល់ចំណូលឲ្យពួកគាត់រៀងរាល់ ២ ខែម្តង។

លោកស្រី សុខ ជា ម្ចាស់ចម្ការស្មៅ នៅភូមិអញ្ចាញលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យដឹងថា ភាគច្រើនអ្នករស់នៅភូមិនេះ និងភូមិមួយទៀតនៅក្បែរនេះ គេនាំគ្នាដាំស្មៅស្ទើគ្រប់ផ្ទះទៅហើយ។

លោកស្រីថា មុខរបរដាំស្មៅនេះងាយស្រួលដាំដុះ គ្រាន់តែធ្វើដីឲ្យស្អាត ហើយដាក់ដាំធម្មតាដូចដំណាំផ្សេងៗទៀត មិនបាច់ត្រូវការបាញ់ថ្នាំសម្លាប់សត្វល្អិតទេ គឺការពារកុំឲ្យតែមានគោចូលស៊ីប៉ុណ្ណោះ ហើយពូជស្មៅដែលយកមកដាំនេះត្រូវបានគេយកមកពីម៉ាឡេ ចែករំលែកតគ្នាពេញភូមិ។

ដំណាំស្មៅនេះត្រូវបាន នាំយកមកផ្គត់ផ្គង់នៅភ្នំពេញ តាមបុរី តាមផ្ទះ និងតារាងបាល់ទាត់ជាដើម ។ បើតាមម្ចាស់ចម្ការខាងលើឲ្យដឹងថា ជាទូទៅសម្រាប់ស្មៅពូជម៉ាឡេស៊ី អាចលក់បានតម្លៃ ១ ដុល្លារ ក្នុងមួយការ៉េ ចំណែកស្មៅពូជជប៉ុនអាចលក់បានចន្លោះពី ១.២ ទៅ ១.៥ ដុល្លារ ប៉ុន្តែសម្រាប់ការដាំដុះ ស្មៅម៉ាឡេស្រួលដាំស្រួលថែជាងស្មៅជប៉ុន ពោលគឺ ២ ខែប្រមូលផលម្តង ចំណែកស្មៅជប៉ុន ត្រូវការពេល ៣ ខែ ទម្រាំប្រមូលផលបាន។

(រូបតំណាង)

គួរបញ្ជាក់ថា ដោយសារពិបាកថែទាំ ព្រមទាំងស្លឹកស្មៅល្អិតស្អាត ទើបធ្វើឲ្យស្មៅជប៉ុនលក់បានថ្លៃជាងស្មៅម៉ាឡេ។

លោកស្រី សុខ ជា បន្ថែមថា លោកស្រីមានដី ៣ កន្លែងសរុបទៅប្រមាណជា ៧០០ ការ៉េ អាចប្រមូលចំណូលបាន ៧០០ ដុល្លាររៀងរាល់ ២ ខែម្តង តែបើទូទាត់ចំណាយកម្មករ ថ្លៃដឹកជញ្ជូន សម្ភារៈ និងថ្លៃផលិតផ្សេងៗ អាចសល់បាន ២០០ ទៅ ៣០០ ដុល្លារដែរ ហើយមុខរបរនេះមិនសូវពិបាកដូចដាំបន្លែទេ អាចសល់ពេលទៅធ្វើការងារផ្សេងៗបាន។

(រូបតំណាង)

ដោយសារម្តុំព្រែកតាម៉ាក់ជាតំបន់នៅជាប់ទន្លេ សម្បូរទឹកប្រើប្រាស់ បានផ្តល់អំណោយផលឲ្យកសិករដាំដុះស្មៅបានល្អ ហើយម្ចាស់ចម្ការនៅទីនេះឲ្យដឹងថា ស្មៅដែលដាំរាល់ថ្ងៃនេះមិនអាចប្រើប្រាស់ទឹកអណ្តូងយកមកស្រោចបានទេ ព្រោះវាអាចធ្វើឲ្យរលួចឬសស្មៅបាន មានតែទឹកទន្លេ ឬទឹកស្រះប៉ុណ្ណោះដែលល្អសម្រាប់ប្រើប្រាស់។

ជាចុងក្រោយលោកស្រី សុខ ជា បញ្ជាក់ថា ថ្វីត្បិតដាំស្មៅងាយស្រួលពិតមែន ប៉ុន្តែពេលខ្លះក៏ត្រូវខាតដែរ ដោយសារស្មៅដុះលឿន ប្រមូលផលមិនទាន់ ត្រូវឈូសចោលទាំងអស់ក៏មាន៕

(រូបតំណាង)

(រូបតំណាង)

(រូបតំណាង)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia