តើក្រុមហ៊ុនណាដែលនៅពីក្រោយការដាក់ប្រព័ន្ធ Wifi មិនគិតថ្លៃ នៅខេត្តចំនួនពីរ និងរាជធានីភ្នំពេញ?

សាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) នៃសាធារណរដ្ឋកូរ៉ បានផ្តល់ជូនទូរគមនាគមន៍កម្ពុជា (TC) នូវជំនួយឥតសំណង នៃប្រព័ន្ធអ៊ីនធើណេត សាធារណៈដែលមានឈ្មោះ Public Wifi និង Digital Connectivity for School ដោយឥតគិតថ្លៃ នៅទីតាំងចំនួន០៥កន្លែង ក្នុងខេត្តពីរ និងរាជធានីភ្នំពេញ តាមរយៈការផ្ដល់ នូវសេវាអ៊ីនធឺណិត ល្បឿនលឿន ដែលធ្វើឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានបំពេញតម្រូវការ ក្នុងការសិក្សាស្រាវជ្រាវ នូវចំណេះដឹងថ្មីៗ ដែលមានប្រយោជន៍ ដល់ការអភិវឌ្ឍន៍សង្គមជាតិ។

ពិធីសម្ពោធដាក់ឲ្យដំណើរការ Public Wi-Fi

ក្នុង​ឱកាសសម្ពោធដាក់ឲ្យដំណើរការ Public WI-FI នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ បានចូលរួមក្រោមអធិបតីភាព លោក ត្រាំ អ៊ីវទឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Nakyoung Oh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា លោក Hyeonmo Ku ប្រធានក្រុមហ៊ុនសាជីវកម្ម ទូរគមនាគមន៍កូរ៉េ (KT) នៅបរិវេណសួនច្បារ នាគបាញ់ទឹក។

លោក Hyeonmo Ku ប្រធានក្រុមហ៊ុនសាជីវកម្ម ទូរគមនាគមន៍កូរ៉េ (KT) បានមានប្រសាសន៍ថា សម្រាប់ប្រព័ន្ធ Public Wi-Fi នៅទីតាំងសួនច្បារខាងលើ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ អាចប្រើប្រាស់អ៊ីនធឺណិត បានដោយឥតគិតថ្លៃ ក្នុងល្បឿនលឿន សម្រាប់ការកម្សាន្ត និងសិក្សារបស់សិស្សានុសិស្ស។

សួនច្បារសម្តេច ហ៊ុន សែន

ដោយឡែក ៣ ទីតាំងទៀត ដែលនៅតាមបណ្ដាខេត្ត ធ្វើឡើងឲ្យស្រប់តាម កំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំ តាមរយៈការបង្កើត សាលារៀនជំនាន់ថ្មី (NGS) ដែលជាគំរូអភិវឌ្ឍន៍ថ្មី ក្នុងប្រព័ន្ធអប់រំសាធារណៈ ដែលនាំទៅដល់ការបង្កើត សាលារៀនសាធារណៈស្វយ័ត ទទួលបានការវិនិយោគខ្ពស់ ផ្សារភ្ជាប់ស្តង់ដារថ្មី មានគណន័យភាព និងអភិបាលកិច្ចល្អ ព្រមទាំងស្តង់ដារវិជ្ជាជីវៈ សម្រាប់ការសិក្សាក្នុងសតវត្សទី ២១ ដែលជាសម័យបច្ចេកវិទ្យាទំនើប និងជឿនលឿន។

Public Wifi និង Digital Connectivity for School ដោយឥតគិតថ្លៃ មាននៅទីតាំងចំនួន០៥កន្លែង

  • ១. សួនច្បារសម្តេច ហ៊ុន សែន
  • ២. សួនច្បារមុខ ព្រះបរមរាជវាំង
  • ៣. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុងកំពង់លែង ខេត្តកំពង់ឆ្នាំង
  • ៤. វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
  • ៥. វិទ្យាល័យ ហ៊ុន សែន អ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!