តើក្រុមហ៊ុន Facebook រកចំណូលបានដោយរបៀបណាខ្លះ? តើអ្នកចំណាយលើវាអស់លុយប៉ុន្មាន?

Facebook រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ ៤០ ៦៥៣ ០០០ ០០០ ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧។ ប្រភព​ចំណូល​ធំ​បំផុត​របស់​ Facebook បាន​ពី​ការ​ផ្សព្វផ្សាយ​ ដែល​រក​បាន​ប្រមាណ​ ៣៩ ៩៤២ ០០០ ០០០ ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧។

Facebook ប្រើការ​​ផ្សព្វផ្សាយ​ចំ​គោលដៅ​ (Targeted advertising) ដោយ​​ឲ្យ​អ្នក​ផ្សព្វផ្សាយ​បង្ហាញ​ពាណិជ្ជកម្ម​ផ្អែក​លើ​តម្រូវការ​របស់​ខ្លួន។

ការ​ផ្សព្វផ្សាយ​ចំ​គោលដៅ​

អ្នក​ផ្សព្វផ្សាយ​អាច​ប្រើ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ពី​ប្រព័ន្ធ​របស់​ Facebook សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​ ដោយ​អាច​អង្កន់​តាម​គោលដៅ​ ដូចជា​អ្នក​មាន​ប្រាក់​ចំណូល​ណា​មួយ​, សាសនា អាយុ​ជា​ដើម។ ឧទាហរណ៍​ សេវាកម្ម​ Dynamic Ads របស់​ Facebook អាច​ឲ្យ​អ្នកផ្សព្វផ្សាយ​ Upload ប្រភេទ​ផលិតផល​ ហើយ​កំណត់​គោលដៅ​អតិថិជន​ណា​មួយ​។

វីដេអូ​ និង​សារ

ចំនួន​​អ្នក​មើល​ Facebook Live ប្រចាំថ្ងៃ​មាន​ការ​កើន​ឡើង​ច្រើន​ជាង​ ៤ ដង​កាល​ពី​ឆ្នាំ​មុន​។ បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នក​ផលិត​ Content ជាច្រើន​ ដើម្បី​ផ្សព្វផ្សាយ​វីដេអូ​ឲ្យ​បាន​កាន់​តែ​ឆ្ងាយ​។

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ដោយ​ផ្ទាល់​ តាម​សារ​អេឡិចត្រូនិក​ (Messenger)។ បើ​តាម​​ Mark Zuckerberg មុខងារ​ Direct chat អាច​ឲ្យ​អតិថិជន​ផ្ញើ​សារ​ជជែក​ផ្ទាល់​នឹង​ម្ចាស់​ពាណិជ្ជកម្ម​ ជា​លទ្ធផល​ឃើញ​មាន​សារ​ឆ្លើយឆ្លង​គ្នា​ប្រមាណ​ ២ ពាន់​លាន​ ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧។

នៅ​មាន​បច្ចេកវិទ្យា​ជាច្រើន​ដែល​បាន​បំពាក់​លើ​ Facebook ដូចជា​ Virtual reality និង​ការ​នាំ​អ៊ីនធឺណិត​ទៅ​កាន់​មនុស្ស​រាប់​ពាន់​លាន​នាក់ ដែល​មិន​ទាន់​លទ្ធភាព​ប្រើ​អ៊ីនធឺណិត។ នេះ​ជា​មធ្យោបាយ​ពន្លា​ចេញ​ជា​ប្រាក់​ចំណូល​ មាន​ន័យ​ថា​អ៊ីនធឺណិត​​ប្រើប្រាស់​កាន់​តែ​ទូលំទូលាយ​ កំណើន​ប្រើប្រាស់​ និង​ប្រាក់​ចំណូល​ក៏​ឡើង​កប់​ដែរ​។

រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ Cambridge Analytica

រឿង​អាស្រូវ​របស់ Cambridge Analytica ដែល​បាន​លួច​ទិន្នន័យ​អ្នក​ប្រើប្រាស់​ប្រមាណ​ ៨៧ លាន​នាក់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​យ៉ាង​ខ្លាំង​របស់​ Facebook។

លោក Mark Zuckerberg លើក​ឡើង​ថា​ ក្រុមហ៊ុន​កំពុង​បង្កើត​បច្ចេកវិទ្យា​ថ្មី​ និង​បង្កើន​ការ​វិនិយោគ​លើ​ផ្នែក​សុវត្ថិភាព​នៅ​ពី​លើ​ការ​វិនិយោគ​ផ្សេងៗ​ទៀត​ ដែល​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​។

ប្រាក់​ចំណូល​របស់​ Facebook បាន​ពី​ទីផ្សារ​ធំ​បំផុត​ពីរ​​គឺ​​អាមេរិក​ខាងជើង​ និង​អឺរ៉ុប​ ក៏​រំពឹង​ថា​នឹងរង​ការ​​ប៉ះពាល់​ ពាក់ព័ន្ធ​នបញ្ហា​ជាមួយ​ Cambridge Analytica។ កាល​ឆ្នាំ​ ២០១៧ ក្រុម​ហ៊ុន​ Facebook រក​បាន​ជា​មធ្យម​ ៨៤.៤១ ដុល្លារ​ពី​អ្នក​ប្រើប្រាស់​ម្នាក់ៗ​​នៅ​អាមេរិក​ខាងជើង​ និង​ ២៧.២៦ដុល្លារ​ពី​អ្នក​ប្រើប្រាស់​ម្នាក់​ៗ​​នៅ​អឺរ៉ុប​។ ខណៈ​នៅ​អាស៊ី​រក​បាន​ប្រមាណ​ ៧.៦១​ ដុល្លារ​ពី​អ្នក​ប្រើប្រាស់​ម្នាក់ៗ​។

ការ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ Facebook ពី​ទីផ្សារ​ធំ​បំផុត​ទាំង​ពីរ​អាច​មាន​ពីរ​ផ្លូវ​។ ទី​មួយ​ ការ​ព្រួយ​បារម្ភ​របស់​អ្នក​វិនិយោគ​ដែល​អាច​ដក​ពាណិជ្ជកម្ម​ចេញ​ពី​គម្រោង​របស់​ Facebook។ ទី​ពីរ​ ប្រាក់ចំណូល​របស់​បណ្ដាញ​សង្គម​ ដែល​ត្រូវ​​ប៉ះ​ទង្គិច​ខ្លាំង​នៅ​អឺរ៉ុប​ ដោយសារ​បទបញ្ញត្តិ​ថ្មី ដែល​តម្រូវ​ឲ្យ​ Facebook ទទួល​បាន​ទិន្នន័យ​អ្នក​ប្រើប្រាស់​លុះត្រាតែ​មាន​ការ​យល់ព្រម​ ហើយ​លទ្ធផល​អាច​នឹង​ធ្លាក់​ចុះ​ ៧% នៃ​ប្រាក់ចំណូល​។

ដំណឹង​ល្អ​សម្រាប់​វិនិយោគិន​ Facebook ដោយ​ក្រុមហ៊ុន​កំពុង​ដើរ​ចូល​ទីផ្សារ​ថ្មី​ ដូចជា​ អាហ្វ្រិក​ និង​អាស៊ី​ ត្បិត​ប្រាក់​ចំណូល​ប្រហែល​ជា​មិន​ច្រើន​ខ្លាំង​ តែ​ក៏​ជា​ជំហាន​មួយ​ពង្រីក​សក្ដានុពល​របស់​ក្រុមហ៊ុន​ដែរ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay